ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ ប្រាប់ឱ្យមន្ត្រីពាក់ព័ន្ធទាក់ទាញអ្នកសង្ស័យផ្ទុកមេរោគអេដស៍មកធ្វើតេស្តឈាម
មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាទាក់ទាញអ្នកដែលសង្ស័យថា បានផ្ទុកមេរោគអេដស៍មកធ្វើតេស្តឈាម និងរក្សាការសម្ងាត់ជូន។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងដាក់ចេញនូវវិធានការទប់ស្កាត់បង្ការទៅកាន់អាជ្ញាធរខេត្តកោះកុង ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ គប្បីរួមគ្នាអន្ទងចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ដើម្បីឱ្យពួកគេស្ម័គ្រចិត្តធ្វើតេស្តឈាម និងរក្សាការសម្ងាត់ជូនបានល្អ គ្រាពួកគេពុំទាន់ដឹងពីស្ថានភាពផ្ទុកពិតប្រាកដ។
ក្នុងសិក្ខាសាលាមួយស្ដីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពក្នុងកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ លោក អៀង មូលី បន្ថែមទៀតថា បង្កើនការផ្សព្វផ្សាយអប់រំយល់ដឹងដល់សហគមន៍កាន់តែច្រើនទ្វេ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងក្រុមយុវវ័យដែលរួមភេទជាមួយភេទដូចគ្នាចេះចងក្រង ឬប្រមូលផ្តុំគ្នាជាបណ្ដាញមានភាពងាយស្រួលក្នុងការទទួលសារអប់រំអំពីជំងឺអេដស៍ និងសេវាបង្ការការពារព្យាបាលថែទាំ តាមតម្រូវការ និងទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះទេ ជំរុញឱ្យវិធានការអនុវត្តគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ និងគ្រប់ទីកន្លែង ជាពិសេសក្នុងភូមិសាស្ត្រមានបម្រើសេវាកម្សាន្ត។ ខណៈមានក្តីព្រួយបារម្ភខ្ពស់ពីអត្រាបុរសស្រឡាញ់ភេទដូចគ្នា ដែលពួកគេងាយនឹងចម្លងជំងឺអេដស៍ទៅអ្នកដទៃដោយពុំដឹងខ្លួន។
បច្ចុប្បន្ន អត្រាឆ្លងជំងឺអេដស៍ខ្ពស់ជាង គឺក្រុមបុរសស្រឡាញ់បុរសភេទដូចគ្នា ហើយមានដៃគូច្រើនទៀតផង។ ក្នុងចំណោមអ្នករកឃើញចំនួន ១.៤០០ នាក់ មានជាង ៤០០ នាក់ ដែលភាគច្រើនជាងបុរសអាយុក្រោម ២៤ ឆ្នាំ។ ជាមួយនេះ លោក អៀង មូលី បានដាក់វិធានការដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ តាមដានស្វែងរកកំណត់អត្តសញ្ញាណក្រុមទាំងនេះឱ្យបាន ហើយលួងលោមឱ្យមកធ្វើតេស្តឈាមឱ្យលឿនជាទីបំផុត ចៀសវាងបណ្តាលឱ្យពួកគេបន្តដើរចម្លងទៅអ្នកដទៃផ្សេងៗ ទៀត ដោយគ្មានវិធានការទប់ស្កាត់។
ចំណែកឯ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ថ្លែងថា អេដស៍ ជាជំងឺឆ្លងដ៏កាចសាហាវមួយប្រកបដោយគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ហើយជះឥទ្ធិពលយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រោះតែការបាត់បង់នូវធនធានមនុស្សដែលជាគន្លឹះ នៃការអភិវឌ្ឍគ្រប់ផ្នែកទាំងអស់។
លោកស្រី បានបន្តថា ដោយមើលឃើញគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពជាចម្បងដល់គ្រប់ស្ថាប័ន អង្គការដៃគូ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ឱ្យធ្វើការផ្សព្វផ្សាយដល់ប្រជាជនទាំងអស់នូវការយល់ដឹង ក៏ដូចជាវិធានការការពារមេរោគអេដស៍ ជំងឺអេដស៍ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។ ខេត្តកោះកុង បានអនុវត្តការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ដូចតទៅ ៖ ៩៥ទី១ ទទួលបាន ៨៥% ៩៥ទី២ ទទួលបាន ៩៩% និង ៩៥ទី៣ ទទួលបាន ៩៧%។ ខេត្តកោះកុងមានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ នៅគ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។ រីឯសេវាព្យាបាលអ្នកផ្ទុកមេរោគអេដស៍មាន ២ កន្លែង គឺ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល។
យោងតាមរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មាធិការអេដស៍ខេត្តកោះកុង បង្ហាញថា លទ្ធផល នៃការធ្វើតេស្តរកមេរោគអេដស៍ និងការព្យាបាលអ្នកផ្ទុកគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤ មានដូចតទៅ ៖ ចំនួនអតិថិជនមកធ្វើតេស្តឈាមរកមេរោគអេដស៍មានចំនួន ១,៥៨៩ នាក់ (ស្ត្រី ១,២៧៧ នាក់) ដែលមានលទ្ធផលវិជ្ជមានចំនួន ០៣ នាក់ (ស្ត្រី ០២ នាក់) និងអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលឱសថប្រឆាំងនឹងមេរោគអេដស៍ចំនួន ១,០២៧ នាក់ (ស្ត្រី ៥៨៨ នាក់) ក្នុងនោះ មានកុមារចំនួន ១៩ នាក់ (កុមារី ១៤ នាក់)៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ