សេដ្ឋកិច្ច
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបាននូវអត្រា៦ភាគរយនៅឆ្នាំ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។ ប៉ុន្តែ ធនាគារពិភពលោកវិញ បានទាញទម្លាក់បន្តិចនៃកំណើនសេដ្ឋកិច្ចកម្ពុជានេះ ដោយព្យាករណ៍ថា អាចនឹងសម្រេចបាន ៥,៨% នៅក្នុងឆ្នាំ ២០២៤នេះ។ យ៉ាងណាក៏ដោយ ការព្យាករណ៍នេះ នៅតែល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ការអាចសម្រេចបានកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតនេះ គឺត្រូវការចាំបាច់ណាស់ការវិនិយោគបរទេសនៅកម្ពុជា ក្នុងនោះ គេមើលឃើញថា ការវិនិយោគរបស់ជប៉ុន បានដើរតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាន។
ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសវៀតណាម និងប្រទេសថៃ ប៉ុន្តែ បើនិយាយពីការវិនិយោគវិញ ជប៉ុន ជាប្រទេសវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី៤ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង និងសិង្ហបុរី។ នេះ បានបង្ហាញឱ្យឃើញច្បាស់ថា ជប៉ុន ជាប្រទេសមួយដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលកម្ពុជា និងជប៉ុន កំពុងមានទំនាក់ទំនងដ៏ល្អជាមួយគ្នា។
កាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានទឹកប្រាក់សរុបជិត ១,៨ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា បាននាំទំនិញទៅទីផ្សារប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ជិត១,១៧ ពាន់លានដុល្លារ បានកើនឡើង ០,២ ភាគរយធៀបឆ្នាំ ២០២២ ខណៈទំនិញជប៉ុននាំមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៦២៣,៦ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) កម្ពុជា បាននាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុន រួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក។ ចំណែក ជប៉ុនវិញ នាំចូលទំនិញមកកម្ពុជា រួមមាន គ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកជាដើម។
ក៏ប៉ុន្តែ ចំពោះការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុនជប៉ុនកំពុងវិនិយោគលើវិស័យបង្គុំរថយន្ដ បរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ថ្មីៗនេះ ជប៉ុន ក៏កំពុងសម្រុកវិនិយោគខ្លាំងលើការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅទីផ្សារប្រទេសជប៉ុនផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុន MIRARTH Green Tech បានបើកសម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ទនៈ ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រោងចក្រសង់ថ្មីនេះ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបាន ១ ៥០០ តោនក្នុង១ឆ្នាំ ឯណោះ។
លោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech បានលើកឡើងថា កម្ពុជា ជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីលំដាប់ពិភពលោក ប៉ុន្តែ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទីមួយផ្នែកធំចេញជាផលិតផលកសិកម្មទៅបរទេសដោយមិនបានធ្វើការកែច្នៃ។ ដូច្នេះ លោកក៏បានសម្រេចចិត្តបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីអាចផ្ដល់ការងារដល់អ្នកដែលធ្វើការនៅក្នុងរោងចក្រ ហើយតាមរយៈការកែច្នៃ អាចបង្កើនតម្លៃបន្ថែមដល់គ្រាប់ស្វាយចន្ទី និងអាចលើកស្ទួយប្រាក់ចំណូលរបស់ពួកគាត់ ដែលជាលទ្ធផលអាចចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៀតផង។
ការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Green Tech នៅក្នុងខេត្តកំពង់ធំនេះ នឹងជាផ្នែកមួយជួយជំរុញឱ្យកម្ពុជាឈានទៅសម្រេចការក្លាយជា«ប្រទេសអធិរាជស្វាយចន្ទី»នាពេលខាងមុខ ដែលជាការដាក់គោលដៅដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជា ចង់ឃើញកម្ពុជានាពេលអនាគត អាចក្លាយទៅជាប្រទេសដែលចែកចាយនូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំងនៃការចែកចាយ ព្រោះមួយឆ្នាំ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំឯណោះ។ ដើម្បីអាចឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
គិតត្រឹមឆ្នំា២០២៣ កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជិត ៥២ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧២ម៉ឺនតោន។ ចំណែកឯការនំាចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិវិញ បានចំនួនប្រមាណ ៦២ម៉ឺនតោន គឺទៅកាន់ប្រទេសវៀតណាម ចិន ជប៉ុន បង់ក្លាដែស ឥណ្ណា ថៃ និងសហរដ្ឋអាមេរិក។ ដោយឡែក ក្នុងឆ្នាំ២០២៤ នេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាណពី១ ០០០ ទៅ ១ ៣០០ ដុល្លារ ក្នុងមួយតោន។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា