ព័ត៌មានជាតិ
តំណាងកម្មករ ៩ ម៉ឺននាក់ ដាក់ញត្តិស្នើសុំក្រសួងមហាផ្ទៃ ពិនិត្យសកម្មភាព និងការប្រើប្រាស់ថវិកាអង្គការសង់ត្រាល់
នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ នេះ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងកម្មករ ៩ ម៉ឺននាក់ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការសង់ត្រាល់ ជាអង្គការមួយទទួលជំនួយពីបរទេស និងបានចុះបញ្ជិកានៅក្រសួងមហាផ្ទៃ ប៉ុន្តែទៅធ្វើការងារជ្រៀតជ្រែកក្នុងការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែកបាក់សហជីពនៅកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត។
លោកបន្ថែមថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍ដែលធ្វើឲ្យមានការជះឥទ្ធិពលដល់អ្នកបញ្ជាទិញ អាចមានការយល់ច្រឡំពីស្ថានភាពជាក់ស្ដែង នៃសហជីព និងកម្មករ-និយោជិត នៅកម្ពុជាទាំងមូល ជាហេតុធ្វើឲ្យអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញចេញពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពមានការងារធ្វើរបស់កម្មករ-និយោជិតទាំងអស់។
លោក គឹម ចាន់សំណាង បញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ គ្រាន់តែសម្ភាសន៍សហជីពចំនួន ១០ នៃរោងចក្រ ១៤ បែរជាយកមកវាយតម្លៃជារួមថា នៅកម្ពុជាមានការរំលោភសិទ្ធិសេរីភាពសហជីព កម្មករ-និយោជិត ធ្ងន់ធ្ងរទៅវិញ។ នេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង ពីសិទ្ធិសេរីភាពសហជីព កម្មករ-និយោជិត នៅកម្ពុជាទាំងមូលឡើយ។ សកម្មភាព និងរបាយការណ៍របស់អង្គការមួយនេះ មានចេតនាធ្វើឲ្យសង្គមកម្ពុជាល្អក់កករ បំផ្លាញសន្តិភាព បំផ្លាញប្រជាធិបតេយ្យ ដែលមិនអាចទទួលយកបានជាដាច់ខាត។
លោកបញ្ជាក់ថា «របាយការណ៍សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ-និយោជិត នៅកម្ពុជាទាំងមូល។ របាយការណ៍នោះ មានចរិតនយោបាយ និងញុះញង់ លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា»។
លោកប្រធានសហភាពសិទ្ធិកម្មករកម្ពុជា លើកឡើងថា តាមរយៈរបាយការណ៍របស់អង្គការសង់ត្រាល់ កម្មករ-និយោជិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ-និយោជិត។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលការអនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសមិនសមស្របរបស់អង្គការសង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ