Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់​អ្នកដឹកកម្មករ និងកម្មករ-និយោជិត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​រោងចក្រ សហគ្រាស បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ “​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​ដល់​អ្នក​បើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” ដើម្បី​បង្កើន​ការ​យល់ដឹង​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មក​នៅ​កម្រិត​ទាប និង​ធ្វើ​ឲ្យ​កម្មករ-និយោជិត ទទួល​បាន​នូវ​ផាសុកភាព និង​សុវត្ថិភាព ក្នុង​ការ​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត កាលពី​ថ្ងៃទី ​២០ ​មិថុនា ​នៅ​រោងចក្រ SHOE PREMIER II (CAMBODIA)​ ស្ថិតនៅ​ខេត្តតាកែវ លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​)​បានឱ្យដឹងថា​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កម្មករ-និយោជិត ប​.​ស​.​ស​. បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​រោងចក្រ សហគ្រាស ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត និង​ធ្វើ​បច្ចុប្បន្នភាព​កម្មករ-និយោជិត​នៅតាម​បណ្តា​សហគ្រាស គ្រឹះស្ថាន ដែល​ធ្វើដំណើរ​តាម​រថយន្ត រ៉ឺម៉ក​ម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និង​ចំនួន​ម៉ូតូ កង់ មួក​សុវត្ថិភាព ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​ចំ​គោលដៅ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មក​កម្រិត​ទាប និង​ធ្វើ​ឲ្យ​កម្មករ-និយោជិត​ទទួលបាន​នូវ​ផាសុកភាព និង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​។​

​លោក​បណ្ឌិត បាន​បន្ថែមថា ក្នុង​ឆ្នាំ​ ២០២៤ ក្រុមការងារ​បានរៀបចំ​ពិធី​អប់រំ​ផ្សព្វផ្សាយ “​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” មាននៅ​ខេត្តស្វាយរៀង ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល សម្រាប់​ខេត្តតាកែវ គឺជា​ខេត្ត​ទី​ ៥ ដែលមាន​អ្នកចូលរួម​សរុប ចំនួន ២ ៣៩៤ នាក់​ ហើយ​យើង​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ ទៀតផង​ដែរ។

លោក​ឧត្ដមសេនីយ៍​ឯក ចេវ ហាក់ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បានធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់​ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ ទាំង​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ និង​ទាំង​អ្នក​ដែល​ធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត ត្រូវ​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ករណី​មាន​គ្រោះថ្នាក់​ជាយថាហេតុ និង​អាច​បង្ការ​បាន​នូវ​សុខ​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​។

លោក​ឧត្ដមសេនីយ៍​ឯក ក៏បាន​ក្រើនរំលឹក​ផងដែរ ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ ដោយ​ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ខ្ជាប់ខ្ជួន ចៀសវាង​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ណាមួយ​កើតឡើង ព្រោះ​​កម្មករ-និយោជិត​រាប់សិប​នាក់​ បាន​ផ្ញើ​ជីវិត​នៅលើ​រថយន្ត​របស់​អ្នកបើកបរ​តែ​ម្នាក់​គត់​។

ជាមួយគ្នានេះដែរ លោក ទុយ សុភ័ក្ត្រ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ពិសេស ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​កន្លងមក​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត ជាពិសេស​កម្មករ-និយោជិត តាម​គ្រប់​រូបភាព ធ្វើយ៉ាងណា​ឱ្យ​កម្មករ-និយោជិត​ទាំងអស់​ បាន​យល់​ដឹក​កាន់តែច្បាស់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​។

លោក​អភិបាលរង​ខេត្ត ​បាន​សំណូមពរ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ទាំងអស់ ​ក្នុង​ទឹកដី​ខេត្ត​តាកែវ ត្រូវ​ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ-និយោជិត​ដែល​កំពុង​បំពេញ​ការងារ​នៅតាម​រោងចក្រ សហគ្រាស របស់ខ្លួន ​ឱ្យ​ចូលរួម​ពិធី​អប់រំ​ផ្សព្វផ្សាយ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

គួរ​បញ្ជាក់ថា​ ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៤ ​កន្លងទៅនេះ​ មាន​កម្មករ-និយោជិត​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៩១៣​ ករណី ​ដែលមាន​ជនរងគ្រោះ​ចំនួន ​១ ០៦៥​ នាក់​ បុរស​ ៤៥៣​ នាក់​ ស្រី​ ៦១២​ នាក់​ស្លាប់​ ៣៩​ នាក់ របួស​ធ្ងន់ ​៣១៧ ​និង​របួសស្រាល ៧០៩​ នាក់​ ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ មានការ​កើនឡើង​ ៣៨%​ ដែលមាន​កម្មករ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៦៦២​ ករណី​ ដែលមាន​ជនរងគ្រោះ​ ៧៣០ ​នាក់​ បុរស​ ៣៣០​ នាក់ ​និង​ស្រី ​៤០០​ នាក់​ ក្នុងនោះ​ស្លាប់​ ២២ ​នាក់ ​របួសធ្ងន់ ២០៥ នាក់ ​និង​របួស​ស្រាល​ ៥០៣​ នាក់​។​ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្កឡើង​ពី​កត្តា​មនុស្ស​ដូចជា​បើកបរ​លើស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការមិន​ប្រកាន់​ស្តាំ ​មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង​ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​។​ ក្រៅពីនេះ​ កត្តា​យានយន្ត​ និង​កត្តា​ផ្លូវ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម