ព័ត៌មានអន្ដរជាតិ
ភាពតានតឹងលើបញ្ហាដំឡើងពន្ធរបស់អឺរ៉ុប បង្កកង្វល់នៃ «សង្រ្គាមពាណិជ្ជកម្មអឺរ៉ុប-ចិន»
តិចជាង១សប្ដាហ៍ក្រោយសហភាពអឺរ៉ុប ប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនី (EV) នាំចូលពីចិន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះ បានរៀបចំកិច្ចប្រជុំបិទទ្វារមួយ ដែលចូលរួមដោយតំណាងមកពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ក៏ដូចជាតំណាងក្រុមហ៊ុនរថយន្តអឺរ៉ុប និងក្រុមឧស្សាហកម្មផ្សេងៗ។
ក្រោយកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃពុធនោះបានបញ្ចប់ទៅ ព័ត៌មានស្ដីពីសំណើរសងសឹកក៏ផ្ទុះឡើង។ កាសែតរដ្ឋចិន Global Times បានផ្សាយថា បណ្ដុំក្រុមហ៊ុនផលិតរថយន្តចិន បានអំពាវនាវឱ្យរដ្ឋាភិបាលខ្លួនបញ្ចេញនូវវិធានការវាយបកទៅវិញ ដោយដំឡើងពន្ធលើរថយន្តស៊ីសាំងធំៗដែលនាំចូលពីប្លុកអឺរ៉ុប រហូតដល់ ២៥ ភាគរយ។
មកទល់ពេលនេះ រដ្ឋាភិបាលចិនមិនទាន់ប្រតិកម្មជាសាធារណៈយ៉ាងណានៅឡើយទេចំពោះសំណើរនេះ ក៏ប៉ុន្តែ វានៅតែបង្ហាញពីកំណើននៃភាពតឹងតឹងចុងក្រោយបំផុតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន ដោយអ្នកវិភាគខ្លះថែមទាំងបានព្រួយបារម្ភថា ភាគីទាំងកំពុងខិតទៅជិតជ្រោះនៃ «សង្រ្គាមពាណិជ្ជកម្ម»។
ក្នុងរបត់នៃគោលនយោបាយសេដ្ឋកិច្ចបែប «ការពារនិយម» តាមការហៅរបស់អ្នកវិភាគ សហភាពអឺរ៉ុបកាលពីថ្ងៃទី ១២ ខែមិថុនា នេះ បានប្រកាសដំឡើងពន្ធលើ EV នាំចូលពីចិនចាប់ពីដើមខែកក្កដាទៅ រួមមាន ពន្ធ ១៧,៤ ភាគរយលើរថយន្ត BYD ២០ ភាគរយលើរថយន្ត Geely និង ៣៨,១ ភាគរយលើរថយន្ត SAIC។ ការណ៍នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានចេញគោលនយោបាយការពារនិយមដូចគ្នា តាមរយៈការដំឡើងពន្ធលើទំនិញនាំចូលពីចិនផ្សេងៗ រួមទាំងពន្ធ ១០០ ភាគរយលើ EV ចិន។
សម្ព័ន្ធមិត្តលោកខាងលិចទាំង២នេះ បានចោទប្រកាន់ថា ចិនបានអនុវត្តទីផ្សារមិនស្មើភាពគ្នា តាមរយៈការផ្ដល់ឧបត្ថម្ភធនទៅក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន ដែលអាចឱ្យពួកគេលក់ EV ក្នុងតម្លៃថោកនៅលើទីផ្សារបរទេស។ ហើយដើម្បីជាការឆ្លើយតប យន្តការដំឡើងពន្ធនេះ ត្រូវតែដាក់ចេញ ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក និងទប់ស្កាត់លំហូរទំនិញចិន ដែលជន់លិចទីផ្សារអឺរ៉ុប និងអាមេរិក។
ចិនបានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា វាជាការពន្លើស និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយភ្លាមៗក្រោយការប្រកាសរបស់អឺរ៉ុប រដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្លុកនេះ លុបចោលផែនការរបស់ខ្លួន ហើយក្រសួងពាណិជ្ជកម្មរបស់ខ្លួនវិញ បានព្រមានថា ការតម្លើងពន្ធអាចប្រថុយនឹងបំផ្លាញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប និងស្ថិរភាពនៃផលិតកម្មរថយន្ត និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លើសពីនេះ ចិនបានព្រមានអំពីវិធានការវាយបក។
ប្រធានបទនៃការវាយបកនេះហើយ ដែលជាភាពតឹងតឹងនៃភាពចម្រូងចម្រាសពាណិជ្ជកម្មចុងក្រោយ ដោយគេឃើញសារព័ត៌មាន និងអ្នកវិភាគខ្លះ ថែមទាំងប្រើពាក្យ «សងសឹក» ដើម្បីពិពណ៌នាពីវិធានការបែបនេះរបស់ក្រុងប៉េកាំងទៀតផង។ ភាពតានតឹងដដែល បង្កជាការព្រួយបារម្ភថា សហភាពអឺរ៉ុប និងចិន អាចនឹងធ្លាក់ចូលទៅក្នុង «សង្រ្គាមពាណិជ្ជកម្ម» ដូចអ្វីដែលបានកើតឡើង និងកំពុងបន្ត ក្នុងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក ចាប់តាំងពីឆ្នាំ ២០១៨ មក។ យ៉ាងណាមិញ គេក៏សង្កេតឃើញពីភាពស្មុគស្មាញ ដែលលទ្ធភាពបែបនេះមានភាពស្រពិចស្រពិលនឹងកើតឡើង។
អ្នកវិភាគខ្លះលើកឡើងថា ទោះបីជាចិនចង់ឆ្លើយតបទៅអឺរ៉ុបវិញក៏ដោយ ក៏វាមានដែនកំណត់ដែរ លុះត្រាតែចិនដើរតាមផ្លូវសង្រ្គាមពាណិជ្ជកម្ម។ ក្រៅពីនេះ ក៏មានការវិភាគឃើញថា សង្រ្គាមពាណិជ្ជកម្មប្រហែលជាមិនអាចកើតឡើងភ្លាមៗនោះទេ ដោយសារតែនោះជាការប្រថុយប្រថានមួយសម្រាប់ចិន ដែលមានអឺរ៉ុបជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះបានព្យាករថា ការសងសឹករបស់ចិននឹងកើតមាននៅទីបញ្ចប់ ប្រសិនបើស្ថានការណ៍បន្តតានតឹង ហើយដំបូងៗ ចិននឹងផ្តោតលើទំនិញកសិកម្មដូចជាឈីស និងសាច់ជ្រូកជាដើម។ ស្រដៀងនឹងការព្យាករនេះ ប្រទេសចិនក្រោយមក ពោលគឺថ្មីៗនេះ បានប្រកាសបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើសាច់ជ្រូកដែលបាននាំចូលពីសហភាពអឺរ៉ុប ដែលបង្កជាការព្រួយបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរ សម្រាប់ប្រទេសក្នុងប្លុកមួយចំនួន ដែលនាំចូលសាច់ជ្រូកទៅចិនច្រើន ដូចជាអេស្ប៉ាញ ហូឡង់ ដាណឺម៉ាក និងបារាំងជាដើម ប្រសិនបើចិនរឹតបណ្ដឹងលើការនាំចូល។
ម្យ៉ាងវិញទៀត ទោះមានជម្រើសឆ្លើយតបតិចក៏ដោយចុះ អ្នកវិភាគខ្លះទៀតបានលើកឡើងថា ចិនអាចនឹងប្រើវិធីសាស្រ្តដាក់សម្ពាធលើសមាជិកប្លុកអឺរ៉ុបជាក់លាក់ណាមួយ។ ក្រៅតែពីបញ្ហាស៊ើបអង្កេតលើសាច់ជ្រូកនាំចូលពីអឺរ៉ុប ការធ្វើតាមសំណើរដំឡើងពន្ធសងសឹកលើរថយន្តស៊ីសាំងអឺរ៉ុបរបស់រដ្ឋាភិបាលចិន អាចនឹងដាក់សម្ពាធខ្លាំងលើអាល្លឺម៉ង់ ដែលមានក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើនដាក់រោងចក្រផលិតកម្មនៅចិន រួមមានក្រុមហ៊ុន BMW, Mercedes-Benz, Volkswagen និង Porsche។
ប្រសិនបើចិនសងសឹកដោយការដំឡើងពន្ធមែននោះ អាល្លឺម៉ង់ដែលនាំរថយន្តចេញទៅចិនច្រើនជាងគេ នឹងទទួលបន្ទុកខ្ពស់។ ជាមួយគ្នានេះ បណ្ដាលក្រុមហ៊ុនអាល្លឺម៉ង់មានរោងចក្រផលិតកម្មនៅចិនផ្សេងៗ ក៏អាចបាត់បង់អត្ថប្រយោជន៍ដែលរដ្ឋាភិបាលចិនផ្ដល់ឱ្យផ្សេងៗផងដែរ ដោយនោះ មិនទាន់រាប់បញ្ជូលពីលទ្ធភាពដែលការលក់រថយន្តរបស់ពួកគេអាចធ្លាក់ចុះផង។
សម្ពាធទាំងអស់នេះហើយ ដែលធ្វើឱ្យអាល្លឺម៉ង់ប្រឆាំងនឹងយន្តការដំឡើងពន្ធរបស់អឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក អាឡាហ្វ សុលហ្ស៍ បានគូសបញ្ជាក់រួចហើយថា ពន្ធរបស់អឺរ៉ុបអាចមានផលវិបាកយូរអង្វែង។ លោកនិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី ៨ មិថុនា ថា ៖ «ភាពឯកោ និងរបាំងគយខុសច្បាប់ ចុងក្រោយគ្រាន់តែធ្វើឱ្យអ្វីៗទាំងអស់កាន់តែថ្លៃ ហើយមនុស្សគ្រប់គ្នាកាន់តែក្រីក្រ។ យើងមិនបិទទីផ្សាររបស់យើងចំពោះក្រុមហ៊ុនបរទេសទេ ព្រោះយើងក៏មិនចង់បានបែបនេះសម្រាប់ក្រុមហ៊ុនរបស់យើងដែរ»។
តើក្រុមហ៊ុនចិនមានជម្រើសបែបណា?
ខណៈអឺរ៉ុបបានអះអាងពីការស្វែងរកដំណោះស្រាយជាមួយអាជ្ញាធរចិន គេនៅតែរំពឹងថា ការបង្កើនពន្ធទំនងនឹងនៅតែចូលជាធរមានចាប់ពីខែកក្កដាទៅ ដែលនេះគ្មានជម្រើសបញ្ជៀសច្រើនសម្រាប់ចិននោះទេ។
យ៉ាងណាមិញ ពិពិធកម្មទីផ្សារនាំចេញ គឺជាជម្រើសទីផ្សារមួយសម្រាប់ក្រុមហ៊ុនផលិត EV របស់ចិន។ ក៏ប៉ុន្តែ ឧបសគ្គមួយត្រង់ថា អឺរ៉ុបគឺជាទីផ្សារ EV ដ៏ធំបំផុតរបស់ចិន។
ទោះយ៉ាងណាក៏ដោយ អ្នកវិភាគលើកឡើងថា ផលប៉ះពាល់លើក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនក្រោមវិធានការរបស់អឺរ៉ុប នឹងប្រែប្រួលអាស្រ័យលើកម្រិតនៃពន្ធគយ និងរចនាសម្ព័ន្ធចំណាយរបស់ក្រុមហ៊ុននីមួយៗ។ ផលប៉ះពាល់ខ្លាំងបំផុតទាំងនោះ អាចបង្ខំឱ្យពួកគេដំឡើងថ្លៃរថយន្តរបស់ខ្លួនដើម្បីបង្កើតប្រាក់ចំណេញ ឬបង្កើតរោងចក្រនៅទ្វីបអឺរ៉ុបផ្ទាល់ ដើម្បីបញ្ចៀសពន្ធខ្ពស់។
ជុំវិញបញ្ហានេះ កន្លងមក បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន រួមមានហុងគ្រី ប៉ូឡូញ អ៊ីតាលី និងអេស្ប៉ាញ បានស្វែងរកការទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ឱ្យបង្កើតរោងចក្រនៅក្នុងប្រទេសរបស់ពួកគេ។ រដ្ឋរៀងៗខ្លួន បានមើលឃើញពីផលចំណេញពីការវិនិយោគបែបនេះ តាមរយៈការផ្ដល់ទីផ្សារការងារ ក៏ដូចជាការជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Euronews។
ដូចលើកឡើងបែបនេះ គេមើលឃើញថា យន្តការដំឡើងពន្ធរបស់អឺរ៉ុបអាចជាផ្នែកមួយ ដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុនចិនមានសាខារោងចក្រនៅអឺរ៉ុប។ យ៉ាងណាមិញ មានសេចក្ដីរាយការណ៍នាពេលកន្លងរួចមកហើយថា ក្រុមហ៊ុនផលិត EV របស់ចិនដូចជា ក្រុមហ៊ុន Chery Automobile, BYD និង SAIC Motor មានបំណងបង្កើតរោងចក្រនៅអឺរ៉ុប។
បើតាម Euronews ក្រុមហ៊ុនផលិត EV ចិន ដែលកំពុងស្វែងរកការបើករោងចក្រថ្មីនៅអឺរ៉ុប នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជា ការបន្ធូរបន្ថយពន្ធ ប្រាក់សម្រាប់ការបង្កើតការងារ ការគ្រប់គ្រងតិចនៅក្នុងតំបន់ដែលបានកំណត់ និងការគាំទ្រសម្រាប់ការបង្កើតរោងចក្រអាគុយ ដើម្បីសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ EV ជាដើម។
តើអ្នកវិភាគផ្ដល់អនុសាសន៍បែបណាសម្រាប់ក្រុមហ៊ុនអន្តរជាតិដែលអាចជាប់គាំង ប្រសិនបើភាពតានតឹងកាន់តែខ្លាំង?
មិនខុសពីក្រុមហ៊ុនចិនទេ អ្នកវិភាគបាននិយាយថា ក្រុមហ៊ុនវិនិយោគនានាដែលអាចជាប់ខ្លួន ឬរងផលប៉ះពាល់ដោយផ្ទាល់ដោយភាពតានតឹងរវាងអឺរ៉ុប និងចិន គួរតែធ្វើពិពិធកម្មផលិតកម្ម ឬប្រទេសដែលខ្លួនវិនិយោគ។
ក្នុងបរិបទដែលប្រទេសធំៗបែងចែកប្លុក មិនថាក្នុងបរិបទបញ្ហាពាណិជ្ជកម្មអាមេរិក-ចិន ឬអឺរ៉ុប-ចិនក៏ដោយ ក្រុមហ៊ុនវិនិយោគទាំងអស់គួរតែដាក់ខ្លួននៅចំណុចសុវត្ថិភាព តាមរយៈការបំលែងទីវិនិយោគ ផលិតកម្ម និងផលិតផល។
អ្នកវិភាគខ្លះលើកឡើងថា ទោះបីជាសង្រ្គាមពាណិជ្ជអឺរ៉ុប និងចិនមិនផ្ទុះឡើងភ្លាមៗក៏ដោយ ក៏វានឹងបន្តកាន់តែតានតឹង ដែលការណ៍នេះជំរុញដោយការកើនឡើងនៃគោលនយោបាយបែបការពារនិយម ក៏ដូចជាបរិបទភូមិសាស្រ្តនយោបាយ ដែលជាមុំដ៏ធំ៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា