Connect with us

ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​នេត្រ ភក្ត្រា បាន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជា​មួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​មួយ​ស្ថិត​ក្នុង​ប្រព័ន្ធ “ ជវភាព​នៃ​ប្រព័ន្ធ​តួ​អង្គ​តែមួយ “ ដែលជា​គោលការណ៍​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅ​ក្រោម​រាជរដ្ឋាភិបាល គឺ​បំពេញការងារ​មិន​ជាន់គ្នា​នោះទេ ហើយ​បម្រើ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឈានទៅ​សម្រេច​គោលនយោបាយ​រួម​តែមួយ​របស់​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈ​ដែល​ក្រសួង​ទាំង​ពីរ​បាន​ចុះហត្ថលេខា​នា​ឱកាស​នេះ គឺជា​ការបង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយ ​នៅក្នុង​ចំណោម​ក្រសួង ស្ថាប័ន ចំណុះ​រាជរដ្ឋាភិបាល ដើម្បី​រួមសហការ​គ្នា​ក្នុងការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពាក់​ព័ន្ធ​បេសកកម្ម គោលនយោបាយ​របស់​ក្រសួង សកម្មភាព ផែនការ និង​សមិទ្ធផល​ផ្សេងៗ​ដែល​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ហើយ​ជា​ការ​ផ្តល់​ព័ត៌មាន​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​បាន​ដឹង។

ក្នុង​ឱកាស​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៤ នា​សាលចតុម្មុខ​មង្គល​ទីស្តីការក្រសួង​ព័ត៌មាន លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខណ្ឌ​ក្រសួង ស្ថាប័ន​ក្រោម​ចំណុះ​រាជរដ្ឋាភិបាល ពិសេស​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ព្រោះ​កន្លងមក​មាន​កិច្ចការងារ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​នានា បានធ្វើ​ច្រើន និង​សម្រេចបាន​សមិទ្ធផល​ច្រើន តែ​ការផ្សព្វផ្សាយ​នៅមានកំរិត ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន ក៏​នៅមានកំរិត ហើយ​ពេលខ្លះ​ប្រជាពលរដ្ឋ​ជឿ​ទៅលើ​ការឃោសនា អកុសល ឬ​ការផ្សាយ​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​របស់​ក្រុម​ជន​មួយចំនួន។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​បាន​ដឹង បាន​ឃើញ គឺ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវតែ​ចាប់ដៃ​សហការគ្នា​ព្រោះ​ក្រសួង ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជា​ក្រសួង​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​បាន​ផ្តោតទៅលើ​ឧស្សាហកម្ម​របស់​ប្រទេស ផ្តោតលើ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ពាក់​ព័ន្ធ​ការប្រើប្រាស់​ផ្នែក​បច្ចេកវិទ្យា និង​ការបង្កើត​ថ្មីៗ​នៅក្នុង​ក្របខណ្ឌ នវានុវត្តន៍​របស់​ក​ម្ពុ​ជា។

លោក​នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន ពិតជា​ដើរ​តួនាទី​សំខាន់​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ការសិក្សា ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​សិល្បៈ ដែល​ចាំបាច់​ត្រូវ​ចូលរួម​ក្នុងការ​ផ្សាយ​ផ្សព្វ​តាម​ប្រព័ន្ធ​ផ្សាយ​របស់​ជាតិ មាន​ច្រើន​ប្រព័ន្ធ​ទាំង​បុរាណ និង​សម័យ។

លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​គូស​បញ្ជាក់​ដែរ​ថា សង្វាក់​ផលិតកម្ម ការផលិត​នានា​នៅក្នុង​ប្រទេស​កម្ពុជា បើ​ពិនិត្យមើល​នៅលើ​ទីផ្សារ​ឃើញ​មាន​ផលិត​ជាច្រើន​ដែល​បាន​ដាក់លក់ ហើយ​ក្នុង នោះ​ផលិត​មួយចំនួនធំ​ជា​ផលិតផល​បាន​ផលិត​ក្នុងប្រទេស​កម្ពុជា។ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​មិនបាន​ដឹងថា សង្វាក់​ផលិតកម្ម និង​ដំណើរការ​នៃ​ការផលិត ឬក៏​ដំណើរ​នៃ​ការងារ​ដែលនាំអោយ​ចេញ​នូវ​ផលិតផល​ទាំងអស់នោះ ថា​តើ​វា​មាន​ការវិវឌ្ឍ​យ៉ាងដូច​ម្ត៉េ​ច? ទាំងអស់​នេះហើយ ដែល​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា យល់ឃើញថា​ ជា​កិច្ចការងារ​មួយ​ដែល ក្រសួង​ព័ត៌មាន ត្រូវ​ជួយ​ដល់ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ទៅលើ​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាំង​អស់​នេះ​ជូន​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​កសាង​នូវ​ជំនឿ​ទុកចិត្ត​បន្ថែម​ទៀត ទៅលើ​ផលិតផល​ដែល​បាន​ផលិត​នៅក្នុង​ស្រុក ហើយក៏​កសាង​នូវ​ជំនឿ​ទុកចិត្ត​ទៅលើ​គុណភាព និង​កម្រិត​ស្តង់ដារ​ផ្សេងៗ​រាល់​ផលិតផល​ដែល​ផលិត​បាន។

លោក រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា យើង​តែងតែ​បាន​ឃើញ​ផលិតផល ដែល​ផលិត​បាន​ហើយ​បាន​ដាក់លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​រូបភាព​ផ្សេងៗ​នៅក្នុង​រោងចក្រ បើសិនជា​មិនមែន​ជា​ការសម្ងាត់ ឬ​ភាពជា​ឯកជន​របស់​រោងចក្រ​នោះទេ រូបភាព មួយចំនួន​នៃ​ដំណើរការ​ផលិតកម្ម​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង បានឃើញ ហើយក៏​ជាការ​បង្ហាញ​នូវ​មោទនភាព ថា​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​បាន​ចាក​ចេញពី​ប្រទេស​ដែលមាន​ភាព​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ជា​ប្រទេស​បែកបាក់ តោកយ៉ាក ក្រីក្រ​ពីមុន​។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​មានការ​រីក​ចំរើន​ខ្លាំង ប្រទេសជាតិ​មានការ​អភិវឌ្ឍ​ខ្ពស់ ហើយ​ជាមួយ​បច្ចេកវិទ្យា​ដែល​យើង​ធ្លាប់តែ​ឃើញ​នូវតាម​ទូរទស្សន៍ និង​ខ្សែភាពយន្ត​ឯកសារ​របស់​បរទេស ឃើញ​ពី​ភាពជឿនលឿន​របស់គេ ក៏ប៉ុន្តែ​អ្វីៗ​ទាំងអស់នោះ​ក៏​មាន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា នាពេល​បច្ចុប្បន្ន​នេះដែរ។

នៅ​ក្នុង​ឱកាស​នៃ​ពិធី​ចុះហត្ថលេខា​នេះ​ដែរ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ជម្រាប​ជូន​ថា នៅ​ថ្ងៃទី​២២ ខែមិថុនា គឺ​គ្រប់​រយៈពេល ១០​ខែ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ ល្បឿន​ការងារ​គឺមាន​សន្ទុះ​យ៉ាង​លឿន​ដោយ​សម្រេចបាន​កិច្ចការងារ​សំខាន់ៗ​ជាច្រើន។

បើ​យោង​តាម​ការស្ទង់មតិ​នាពេល​កន្លងទៅនេះ នៅមុន​ការបង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ប្រជាពលរដ្ឋ​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ចំនួន ៧៧% ។ រយៈពេល ៥ ខែ​នៅក្នុង​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ​នៅ​ដើមខែ​មករា ឆ្នាំ​២០២៤ ការស្ទង់មតិ​សាជាថ្មី បាន​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​រាជរដ្ឋាភិបាល គឺ​កើន​ឡើង​រហូតដល់ ៨២ % ដែលជា​ការបង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​របស់​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដែល​បានដាក់ចុះ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​ជាក់ស្តែង​និយម។

លោក​ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ​រវាង​ក្រសួង​ទាំងពីរ​នាឱកាស​នេះ បង្ហាព​ភាពជា​ដៃគូ ហើយ​ជា​ជំហាន​ដ៏​សំខាន់​មួយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង រួម​របស់​យើង​ដើម្បី​លើកកម្ពស់​ការផ្សព្វផ្សាយ​អំពី​អាណត្តិ​កិច្ច​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​រួមមាន​ដូចជា​ការ អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​, សហគ្រាស​ធុន​តូច និង​មធ្យម និង សិប្បកម្ម ការផ្គត់ផ្គង់​ទឹកស្អាត​,   វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ និង​ការអភិវឌ្ឍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមទាំង​មាតិកា​ព័ត៌មាន​ទាំងឡាយ​ដែល​នឹង​ផ្តល់​ជា​សារប្រយោជន៍​ដល់​ទស្សនិកជន​គោលដៅ​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​អំពី​សមិទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង និង​រាជរដ្ឋាភិបាល​នៃ​នីតិកាល​ទី​៧​នេះ​។

លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​គូសបញ្ជាក់ថា ភាពជា​ដៃគូ​របស់​យើង នឹង​ផ្តោតលើ​ការងារ​សំខាន់ បី​គឺ​៖ ទី​១, ការផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​, កិច្ចសហការ​ក្នុង​ការផលិត​មាតិកា​ព័ត៌មាន និង​ការ​កសាង​សមត្ថភាព​។ កិច្ចសហការ​នេះ​នឹង​ជួយ​ឱ្យ​ប្រជាជន​ទទួលបាន​តថភាព​ពិត ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ដែល​នឹង​ជំរុញ​វប្បធម៌​ចូលរួម នវានុវត្តន៍ និង​ព​ន្លឿ​ន​វឌ្ឍនភាព​របស់​យើង​។

ទី​ពីរ​៖ កិច្ចសហប្រតិបត្តិការ​ដើម្បី​ផលិត​មាតិកា​រួមគ្នា​ដើម្បី​នាំមក​ជូន​នូវ​រូបភាព និង​ការចែករំលែក​ចំណេះដឹង ចំណេះធ្វើ​ព្រមទាំង​នវានុវត្តន៍​សំខាន់​ទាក់ទង​នឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​ឧស្សាហកម្ម បច្ចេកវិទ្យា​ទំនើប បច្ចេកវិទ្យា​ដែលមាន​លក្ខណៈ​សមស្រប​នឹង​ទីផ្សារ​កម្ពុជា គឺជា​ការងារ​អាទិភាព​។​

ទី​បី​៖ ភាពជា​ដៃគូ​របស់​នឹង​រួមបញ្ចូល​គំនិត​ផ្តួច​ផ្តើមកសាង​សមត្ថភាព​រួមគ្នា ដូចជា​ការបណ្តុះបណ្តាល​ជំនាញ​អ្នកនាំពាក្យ និង​វិធីសាស្ត្រ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាដើម​។ សមត្ថភាព​នេះ​នឹង​ជួយ​ឱ្យ​យើង​ផ្តល់​ព័ត៌មាន​ទៅកាន់​សាធារណជន​បាន​កាន់តែ​ទូលំទូលាយ និង​ជំរុញ​លើកកម្ពស់​សង្គម ដែល​ពលរដ្ឋ​មានការ​យល់ដឹង និង​មានការ​ចូលរួម​ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម