ព័ត៌មានអន្ដរជាតិ
ចិន គំរាមព្យួរ ក ប្រហារជីវិតជនផ្ដាច់ខ្លួននិយមតៃវ៉ាន់
រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសជាផ្លូវការហើយថា សកម្មភាពផ្ដាច់ខ្លួននិយមរបស់តៃវ៉ាន់ គឺជាទោសឧក្រិដ្ឋ ហើយគំរាមដាក់ទោសធ្ងន់ធ្ងរបំផុតគឺ ការប្រហារជីវិត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមគ្នាមួយរបស់តុលាការប្រជាជនកំពូល, តុលាការព្រះរដ្ឋអាជ្ញាប្រជាជន, ក្រសួងសន្ដិសុខសាធារណៈ, ក្រសួងសន្តិសុខរដ្ឋ និងក្រសួងយុត្តិធម៌ របស់ចិន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា បានលើកឡើងថា នេះគឺជាការដាក់ទណ្ឌកម្មចំពោះអ្នកគាំទ្រផ្គាប់មុខនូវការផ្ដាច់ខ្លួននិយមទាមទារចង់បានឯករាជ្យរបស់តៃវ៉ាន់ ដែលត្រូវចាត់ទុកជាការប្រព្រឹត្តទោសឧក្រិដ្ឋកម្មនៃការបំបែកខ្លួន និងការញុះញង់ឲ្យផ្ដាច់ខ្លួនចេញពីចិន។ សារព័ត៌មានចិន Xinhua បានចុះផ្សាយថា ចំណាត់ការដ៏ធ្ងន់ធ្ងរនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ដែលមានចែងស្រាប់ ដូចជា ច្បាប់ប្រឆាំងការផ្ដាច់ខ្លួនឆ្នាំ២០០៥ ជាដើម ដែលបានផ្ដល់នូវមូលដ្ឋានច្បាប់ឲ្យចិនអាចបង្កើតសកម្មភាពយោធាប្រឆាំងតៃវ៉ាន់ ក្នុងលក្ខខណ្ឌដែនកោះមួយនេះចង់បំបែកខ្លួនចេញពីចិន។
លោកស្រី Su Ping អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងសន្ដិសុខសាធារណៈចិន បានប្រាប់ថា ក្នុងករណីធ្ងន់ធ្ងរបំផុត គម្រោងចង់បានឯករាជ្យភាពដោយមានការជួយពីប្រទេសដទៃទៀត នោះចិននឹងត្រូវដាក់ទោសប្រហារជីវិតដោយការព្យួរក។
ជាការឆ្លើយតប ក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់ បានថ្កោលទោសចំពោះចំណាត់ការរបស់ចិន ហើយជំរុញឲ្យប្រជាជនរបស់ខ្លួនកុំមានការភ័យខ្លាចការគំរាមកំហែងពីបក្សកុម្មុយនិស្តចិន។ តៃវ៉ាន់ ថា អាជ្ញាធរចិនគ្មានយុត្តាធិការណាមួយលើដែនកោះរបស់ខ្លួននោះទេ។ តៃវ៉ាន់ បន្តទៀតថា ខ្លួនមានរដ្ឋាភិបាល ព្រំដែន យោធា និងតុលាការច្បាស់លាស់ មិនមែនស្ថិតនៅក្រោមចិននោះទេ។
លោក Chang Wu-yueh អ្នកជំនាញការទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់នៅសកលវិទ្យាល័យ Tamkang នៃក្រុងតៃប៉ិ បានលើកឡើងថា ការប្រកាសរបស់ចិន មានគោលបំណងធំៗចំនួន៣ ដូចជា៖ ១.ចិនចង់ប្រកាសប្រាប់ប្រជាជនខ្លួនថារដ្ឋាភិបាលកំពុងតែប្រឆាំងនឹងការចង់បានឯករាជ្យរបស់តៃវ៉ាន់ ២.ចិនចង់ប្រកាសប្រាប់អន្តរជាតិថា ខ្លួនមានយុត្តាធិការលើតៃវ៉ាន់ និង៣.ចិនចង់គំរាមប្រជាជនតៃវ៉ាន់។ អ្នកជំនាញការរូបនេះ ក៏បានព្រមានប្រជាជនតៃវ៉ាន់ផងដែរឲ្យប្រុងប្រយ័ត្ន នៅរាល់ពេលចាកចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសដែលមានកិច្ចព្រមព្រៀងបត្យាប័នជាមួយចិន។
សូមបញ្ជាក់ថា កាលពីដើមខែមិថុនា យោធាចិន បានប្រកាសក្ដែងៗថា ខ្លួនបានត្រៀមរួចរាល់ជាស្រេច ដើម្បីប្រើកម្លាំងបាយបញ្ឈប់ការទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ចិន ថា ប្រជាធិបតេយ្យពេញលេញរបស់តៃវ៉ាន់ គឺជាបញ្ហាស្នូលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ហើយការបង្រួបបង្រួមចិនតែមួយ គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចកែប្រែបាននោះឡើយ។
ជាការកត់សម្គាល់ អំឡុងពេល៤ឆ្នាំចុងក្រោយ យោធាចិនតែងបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ជានិច្ច ដូចជា ការបញ្ជូនយន្តហោះចម្បាំងហោះរំលងខ្សែបន្ទាត់ព្រំដែនច្រកសមុទ្រតៃវ៉ាន់ ជាដើម។ បន្ទាត់ព្រំដែនច្រកសមុទ្រនេះ មិនត្រូវបានចិនទទួលស្គាល់នោះឡើយ។ ចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន មានការមិនពេញចិត្តជាខ្លាំងចំពោះលោក Lai Ching-te ដែលជាប្រធានាធិបតីតៃវ៉ាន់ទើបជាប់ឆ្នោតថ្មី ហើយជឿជាក់ថា លោកគឺជាជនផ្ដាច់ខ្លួននិយម និងតែងតែជំទាស់នឹងសកម្មភាពរបស់ចិន។
មិនខុសពីលោកស្រី Tsai Ing-wen ដែលជាប្រធានាធិបតីទើបអស់អាណត្តិ លោក Lai ក៏នៅរក្សាជំហរបដិសេធផងដែរនូវការអះអាងរបស់ចិន ដែលចង់បានតៃវ៉ាន់ទៅកាន់កាប់។ លោក Lai ថា មានតែប្រជាពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចជោគវាសនាខ្លួនឯងបាន៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល