Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងរង់ចាំភ្លើងខៀវ នាំចេញទុរេនទៅកាន់ទីផ្សារចិន

បានផុស

នៅ

កម្ពុជាកំពុងរង់ចាំលទ្ធភាពក្នុងការយល់ព្រមបើកច្រកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេស​​​ចិន ខណៈ​​ការចរចារបន្ត​អូស​បន្លាយរយៈពេលយូរមកហើយ។

កន្លងមក មានក្រុម​វិនិយោគិន​ចិនបានជួបចរចារជាមួយកសិករដើម្បីប្រមូលទិញទុរេនសំឡូត ខេត្ត​បាត់​ដំបងនាំចេញទៅប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០​២៤ នេះថា ទុរេននៅខេត្តបាត់ដំបងឱ្យហុចផលប្រមាណ ៥០០ ហិកតា ខណៈភាគីចិនមិនទាន់អនុញ្ញាតឱ្យនាំទុរេនទៅកាន់ទីផ្សារខ្លួនឡើយ។

លោកថា មន្ទីរកសិកម្មខេត្តបាត់ដំបង បានចងក្រងក្រុមអាជីវកម្មទុរេនប្រ​មាណ​ជាង ១០០ គ្រួសារ ក្នុងនោះមាន ៦០ គ្រួសារទទួលបានការបណ្ដុះបណ្ដាល កម្មវិធីអនុវត្ត​កសិកម្ម​ល្អ (GAP) ខណៈ ១២ គ្រួសារទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​កសិកម្ម​ល្អ (GAP)​ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឈឹម វជិរា សង្ឃឹមថា ប្រសិនបើទុរេនកម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន នោះកាន់​តែប្រសើរ ខណៈ​ចម្ការទុរេននៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង មានលក្ខខណ្ឌគ្រប់គ្រាន់ស្រប​តាមការទាមទារពីភាគីចិន។

តម្លៃទុរេននៅខេត្តបាត់ដំបង នៅដើមដៃចន្លោះពី ២ ម៉ឺន ៣ ពាន់រៀល ទៅ ២ ម៉ឺន ៥ ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈ​បច្ចុប្បន្នធ្លាក់ចុះមកនៅ ១ ម៉ឺន ៤ ពាន់រៀល ទៅ ១ ម៉ឺន ៦ ពាន់រៀលនាចុងរដូវនេះ ខណៈដែលទិន្នផលបានធ្លាក់ចុះ ៤០ ភាគរយ ដោយសារបាតុភូតអេលនីណូ។ លោក ឈឹម វជិរា បញ្ជាក់បន្ថែម។

ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូត លោក កែវ វិបុល បញ្ជាក់ថា អាកាសធាតុក្ដៅ បានទាញទម្លាក់ទិន្នផលទុរេននៅឆ្នាំនេះ ហើយកសិករមួយចំនួនក៏ជួបការលំបាកដោយសារការចំណាយដើមទុនច្រើនជាងមុន។

លោករំពឹងថា តម្លៃទុរេននៅឆ្នាំក្រោយ នឹងមានភាពល្អប្រសើរ គ្រាដែលមានតម្រូវការក្នុងស្រុក និងប្រទេសជិតខាងដូចជាថៃជាដើម។

របាយការណ៍របស់ការិយល័យកសិកម្ម ស្រុកសំឡូតបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ការប្រមូលផលទុរេនក្នុងស្រុកសំឡូតក្នុងទំហំផ្ទៃដី ៤៥៧ ហិកតា ដែលទទួលបានទិន្នផល ៤ ពាន់ ៤ រយ ៨៨ តោន គិតជាទឹកប្រាក់ប្រមាណ ១៦ លាន ៨៣ ម៉ឺនដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម