សេដ្ឋកិច្ច
វៀតណាមចង់ឱ្យចិនក្លាយជាដៃគូក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ កាលពីថ្ងៃពុធ បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រទេសទាំង២គួរតែក្លាយជាដៃគូក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
លោក ឈិញ បង្ហាញឆន្ទៈវៀតណាមយ៉ាងដូច្នេះ ក្នុងជំនួបនៅវិមានសាលប្រជុំប្រជាជនក្រុងប៉េកាំង ជាមួយលោក ស៊ី ដោយលោកនិយាយថា ភាគីទាំង២គួរតែសហការលើការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបែបនិមិត្តរូប ដែលមានប្រយោជន៍ជាក់ស្តែង។
នាយករដ្ឋមន្រ្តីដដែល បន្តថា ប្រទេសទាំង២គួរតែបង្កើនការតភ្ជាប់ការដឹកជញ្ជូនតាមរយៈផ្លូវដែក ផ្លូវថ្នល់ និងច្រកព្រំដែន ក្រោមក្របខ័ណ្ឌ «ច្រករបៀង២ ខ្សែក្រវ៉ាត់១» ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់រដ្ឋាភិបាលចិន។
លើសពីនេះ លោក Chinh ក៏បានស្នើផងដែរ ឱ្យចិនជួយសម្រួលដល់ការនាំចេញផលិតផលសំខាន់ៗរបស់វៀតណាម ដូចជា ទុរេនកក ដូងស្រស់ និងអង្ករ ហើយបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ទំនិញវៀតណាមក្នុងការដឹកជញ្ជូនឆ្លងកាត់ចិនទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប។
ចំណែកឯលោក ស៊ី វិញ បានថ្លែងថា ចិនវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពដល់ទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដែលជាផ្នែកមួយនៃគោលនយោបាយការទូតជាមួយប្រទេសជិតខាង។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំង២ត្រូវបង្កើនការជឿទុកចិត្តផ្នែកនយោបាយ អនុវត្តការផ្លាស់ប្តូរគ្នាកម្រិតខ្ពស់ជាប្រចាំ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសំខាន់ៗដូចជា កិច្ចការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈជាដើម។
លោក ស៊ី បានបញ្ជាក់ថា ប្រទេសចិនគាំទ្រវៀតណាមក្នុងការពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្ម និងក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម ប្រកបដោយនិរន្តរភាពក្នុងតំបន់ និងសកលលោក។លោកបន្ថែមថា កំណែទម្រង់គ្រប់ជ្រុងជ្រោយកំពុងបន្តរបស់ចិន និងការអភិវឌ្ឍថាមពលផលិតកម្មប្រកបដោយគុណភាពថ្មី នឹងផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម ការតភ្ជាប់ការដឹកជញ្ជូន និងសេដ្ឋកិច្ចឌីជីថល។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលចិនជួយដល់អាជីវកម្មចិនក្នុងការបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាទំនើបៗ។ ប្រទេសដែលមានវិវាទដែនទឹកនៅសមុទ្រចិនខាងត្បូងទាំង២ ក៏បានព្រមព្រៀងរួមគ្នាផងដែរ ក្នុងការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាដែនសមុទ្រ ដោយផ្តោតលើការរក្សាសន្តិភាព និងស្ថិរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា