Connect with us

ព័ត៌មានជាតិ

ម្ចាស់ហាងអាហារក្នុងក្រុង​ពោធិ៍សាត់ ប្តេជ្ញាមិនបម្រើ​អាហារ​សត្វព្រៃ តែនឹងជួយអភិរក្សថែម​ទៀត

បានផុស

នៅ

ម្ចាស់​ហាង​លក់​ម្ហូប​អាហារ​ ស្ថិត​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ បាន​អះអាង​ដូច​ៗ​គ្នា​​ប្តេជ្ញានឹង​មិន​ជួញ​ដូរ​សាច់សត្វ​ព្រៃ​យក​មក​ធ្វើ​ម្ហូប ដើម្បី​បម្រើ​ឱ្យ​សេវាកម្ម​ម្ហូប​អាហារ​ឡើយ បើ​ទោះ​បី​ជា​មាន​ពលរដ្ឋ​យក​មក​លក់​ឱ្យឬ​ក៏​មាន​ភ្ញៀវ​ឱ្យ​តម្លៃ​ម្ហូប​ខ្ពស់​ក៏​ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុល អូនចេម អ្នកគ្រប់គ្រង​នៅ​ហាង​ «សារ៉ា​ កាហ្វេ» នៅក្រុង​ពោធិ៍សាត់​បាន​ឱ្យ​ដឹង​ថា ហាង​របស់​លោក​ចាប់​តាំង​ពី​​ពេល​បើក​ដំណើរ​ការ​​ពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​ឆ្នាំ​២០២៤ នេះ មិន​មាន​លក់​សាច់​សត្វ​ព្រៃឬ​ជួញ​ដូរ​ឡើយ ប៉ុន្តែ​មាន​​តែ​ជួយ​អភិរក្ស​សត្វ​ព្រៃ​ឡើង​​វិញ។ ​ការ​ជួយ​អភិរក្ស​សត្វ​ព្រៃនេះ​ទៀត​សោត ហាងរបស់​លោក​ក៏​ទទួល​បាន​បណ្ណ​សរសើរ​ពី​ក្រសួង​បរិស្ថាន​ក្នុង​ការ​ចូលរួម​ការពារ​មិន​ជួញដូរ​​សាច់​ព្រៃ។

លោក​បាន​អះអាង​ថា «ដោយ​សារ​នៅ​ក្នុងហាងបានប្រកាសពីការមិនជួញដូរ និង​មិន​មាន​ធ្វើ​ម្ហូប​ចេញ​ពី​សាច់សត្វ​ព្រៃ ដូច្នេះ​រាល់​ភ្ញៀវ​ដែល​មក​ទទួល​ទាន​ម្ហូប​អាហារ​នៅ​ទី​នេះ​ ក៏​មិន​ដែល​សួរ​នាំ​ពី​ម្ហូប​សាច់​សត្វ​ព្រៃ​ឡើយ​»។

បើ​ទោះ​បីជា​នៅ​ក្នុង​ហាង​មិន​មាន​លក់​សាច់​សត្វ​ព្រៃ​ក៏​ពិត​មែន លោក អុល អូនចេម បាន​បន្ត​ថា ​ចំនួន​ភ្ញៀវ​ដែល​មក​ទទួល​ទាន​នៅ​តែ​​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះមាន​ការ​ថយ​ចុះ ដែលអាច​មក​ពី​កត្តា​សេដ្ឋកិច្ច​ផង និង​ដោយ​​សារ​តែ​មាន​ការ​កើន​ឡើង​នូវ​អាជីវកម្ម​​ហាង​ម្ហូប​​​នៅ​ក្នុង​ខេត្ត​ផង​។

ក្នុង​នាម​ជា​អ្នក​បម្រើ​ឱ្យ​សេវា​កម្ម​ម្ហូប​អាហារ លោក​មើល​ឃើញ​ថា សត្វ​ព្រៃ​ជា​ប្រភេទ​សត្វ​កម្រ​មួយ ដូច្នេះ​ប្រសិន​បើ​ពលរដ្ឋ​ចាប់​យក​មក​ធ្វើ​ជួញ​ដូរ ឬ​ធ្វើ​ជា​ម្ហូប​អាហារ​ទៀត អាច​នឹង​ធ្វើ​ឱ្យ​សត្វ​ព្រៃ​ដាច់​ពូជ​លែង​មាន​តទៅ​ទៀត​។ ដូច​នេះ លោក​ក៏​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត​ផង​ដែរ គួរ​កុំ​បរិភោគ ឬ​សម្លាប់​សត្វ​ព្រៃ ប៉ុន្តែ​គួរ​នាំ​គ្នា​ងាក​មក​ចូល​រួម​អភិរក្ស​សត្វព្រៃ​ឱ្យ​បាន​ល្អ​ប្រសើរ​វិញ​ព្រោះ​ថា​សត្វ​ព្រៃ​មួយ​ចំនួន​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ដូច្នេះ​​គួរ​ជួយ​ថែរក្សា​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ឃើញ​។

ជា​មួយ​គ្នា​នេះ ​បុគ្គលិក​បម្រើការ​​នៅ​ក្នុង​ហាង​ «សារ៉ា​ កាហ្វេ» កញ្ញា នឿន សុខណា បាន​បញ្ជាក់​ដែរ​​ថា តាំង​ពី​ចូល​ធ្វើ​ការ​នៅ​ទី​នេះ​មក​ កញ្ញា​តែង​ឃើញ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​ចុះ​ណែនាំ​ជា​ប្រចាំ​អំពី​ការ​ទប់​ស្កាត់ ក៏​ដូច​ជា​មិន​ឱ្យ​ជួញ​ដូរ និង​បរិភោគ​សាច់​សត្វ​ព្រៃ។​ ដូច្នេះ​ កញ្ញា​គិត​ថា បើ​មាន​ការ​ចុះ​ណែនាំ​បែប​នេះ នោះ​មិន​យឺត​ពេល​នោះ​ទេ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ ពី​ព្រោះ​កញ្ញាសង្កេតឃើញ​ថា​ភាគ​ច្រើន​ហាង​ដែល​បម្រើ​ខាង​សេវាកម្ម​ម្ហូបអាហារ​នៅ​ក្នុង​ក្រុង​​ពោធិ៍សាត់ គឺ​មិន​មានហាង​មួយ​ណា​ជួញ​ដូរ ឬ​ទទួល​ទាន​សាច់​សត្វ​ព្រៃ​ឡើយ​។

ទន្ទឹម​នេះ លោក ឆន សុផាន់ណារ៉េត អ្នកគ្រប់គ្រងភោជនីយដ្ឋាន «ម្លប់​ស្វាយ ពោធិ៍សាត់» ដែលជា​​ភោជនីយដ្ឋាន​ដ៏​ធំមួយ​នៅក្រុង​ពោធិ៍សាត់ដែល​ប្រកាស​មិនបម្រើ​អាហារ​សត្វព្រៃ​បាន​ឱ្យ​ដឹង​ដែរ​ថា ការ​ចូលរួម​មិនទទួលទាន​សត្វព្រៃ​មាន​ផល​ប្រយោជន៍​ច្រើន ដោយ​ទី១ អាច​ឱ្យ​ចំនួន​សត្វ​ព្រៃ​មាន​ការ​កើន​ឡើង​វិញ​ ទី​២ ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ ទី​៣ ប្រជាពលរដ្ឋ​ប្តូរ​គោល​ដៅ​ពី​ការ​បរបាញ់​សត្វ​ព្រៃ​ ទៅ​ជា​ប្រកប​របរ​អ្វី​ផ្សេង​ ដែល​​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អភិរក្ស​សត្វ​ព្រៃ។

ក្រោយ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សារសំខាន់​នៃ​សត្វ​ព្រៃ លោក​មើល​ឃើញ​ថា ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​​មិន​មាន​អ្នក​មក​សួរ​នាំ​ពី​ការ​ជួយ​ដូរ​ទិញ​សត្វ​ព្រៃ​នោះ​ដែរ។ កត្តា​ទាំង​អស់នេះ​ហើយ​ ដែល​​ជួយ​ការពារ​ធនធាន​ធម្មជាតិ ការ​កើន​ឡើង​នៃ​សត្វ​ព្រៃ ជា​ពិសេស​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​អាច​ទទួល​បាន​ផល​ប្រយោជន៍​។

ដោយឡែក​យុវជន ឡេង ណារុន ជា​សិស្ស​នៃ​វិទ្យាល័យ​ពោធិ៍សាត់ បាន​លើក​ឡើង​ថា ​ការ​ប្រកាស​មិន​លក់​សាច់​សត្វ​ព្រៃ​នៅ​ក្នុង​ភោជនីយដ្ឋាន​ជា​ការ​រួម​ចំណែក​មួយ​ដ៏​ល្អ​ ព្រោះ​ការ​លក់​សាច់​សត្វ​ព្រៃ​ជា​អំពើ​មួយ​ដែល​ខុស​ច្បាប់​ និង​ធ្វើ​ឱ្យ​ចំនួន​សត្វ​ព្រៃ​បាត់​បង់ ហើយ​ការ​អភិរក្ស​ព្រៃឈើ​ក៏​ជា​ចំណែក​មួយ​ជួយ​ដល់​ជម្រក​សត្វ​ព្រៃ​។

យុវជន​រូប​នេះបាន​បន្ត​ថា «សត្វ​ព្រៃ​ពិត​ជា​មាន​សារប្រយោជន៍ ព្រោះ​នៅ​ពេល​សត្វព្រៃ​​បាត់បង់​ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ក៏​បាត់បង់​ទៅ​តាម​ហ្នឹង​ដែរ ដោយ​ហេតុ​ថា​ ភ្ញៀវ​ទេសចរ​អន្តជាតិ​មួយ​ចំនួន​ចង់​មក​លេង​ប្រទេស​កម្ពុជា ដោយ​សារ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម