ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជាថែមទៀតឱ្យកាន់តែរឹងមាំ។
ជំនួបនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលលោករដ្ឋមន្ត្រីការបរទេសថៃរូបនេះ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាលើកដំបូង ក្រោយឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថៃ។ លោករដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពេលនេះ។
រដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនសម្ដេចធិបតី ថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស លោកនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេចក្នុងការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស ថៃ។ សម្តេចធិបតី បានបញ្ជាក់ថា នៅឆ្នាំក្រោយ ជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃ ក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវបានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។
សម្តេចធិបតី បានសម្តែងការពេញចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការចេញចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងមកនេះ។ សម្តេចធិបតី និងរដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុលរវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បីសម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃ ថែមទាំងបានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីន ជាដើម។
គួរជម្រាបថា កម្ពុជា និងថៃ បានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាល ពីខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃ ដែលតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ