ព័ត៌មានជាតិ
អង្គការសុខភាពពិភពលោក អំពាវនាវឲ្យកម្ពុជាបង្កើនការដំឡើងពន្ធអាករពិសេសលើបារី
តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ADA MOADSIRI បានអំពាវនាវឱ្យមានការដំឡើងពន្ធអាករពិសេសលើបារីនៅកម្ពុជា។ ការអំពាវនេះធ្វើឡើងនៅក្នុង «វេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់ » នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា។

ការដំឡើងពន្ធអាករពិសេសលើបារីប្រកបដោយប្រសិទ្ធភាព ត្រូវតែធ្វើឱ្យតម្លៃបារីមានកម្រិតខ្ពស់ ដើម្បីធ្វើឱ្យលទ្ធភាពទិញមានការលំបាក ទើបអាចទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។
លោកស្រីវេជ្ជបណ្ឌិត ADA MOADSIRI បានបញ្ជាក់ថា ឧបសគ្គដែលរារាំងការដំឡើងអាករពិសេសលើបារីកន្លងមក គឺដោយសារមានការបំភាន់ព័ត៌មានមួយចំនួនរបស់ឧស្សាហកម្មថ្នាំជក់តាមរយៈការលើកឡើងថា ទី១. ដំឡើងអាករពិសេសលើបារីធ្វើបាបអ្នកមានជីវភាពក្រីក្រ ទី២.ដំឡើងអាករពិសេសលើបារី នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ និងទី៣. ការដំឡើងអាករពិសេសលើបារីនឹងនាំឱ្យមានការគេចពន្ធ ដែលព័ត៌មានទាំងនេះសុទ្ធតែជាព័ត៌មានមិនពិត (SCARE TACTICS)។

លោកស្រី ADA MOADSIRI ក៏បានចង្អុលបង្ហាញថា ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់ការបំភាន់ទាំងនេះ ក្នុងគោលបំណងតែមួយគត់ គឺរារាំងឬពន្យារពេលមិនឱ្យដំឡើងអាករពិសេសលើបារី។
តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ លោក ទូច ចាន់ធី ក៏គាំទ្រឱ្យរាជរដ្ឋាភិបាលធ្វើការដំឡើងអាករពិសេសលើបារីផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា «ការដំឡើងអាករពិសេសលើបារីនឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅមុំទី៣ ដែលចង្អុលបង្ហាញថាត្រូវការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ដែរថា យោងតាមគោលការណ៍ Incentives នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច ការយកអាករពិសេសលើបារីខ្ពស់ ធ្វើឱ្យថ្លៃបារីមានការកើនឡើង ហើយបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់បារី សម្រាប់ក្រុមជនងាយរងគ្រោះ មានប្រាក់ចំណូលទាប និងអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ ដែលរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលលើវិស័យសុខភាពសាធារណៈទៅពេលអនាគត។

លោក វេជ្ជបណ្ឌិត មុំ គង់ អ្នកជំនាញលើវិស័យថ្នាំជក់នៅកម្ពុជា ក៏សម្ដែងការគាំទ្រការអំពាវនាវរបស់អង្គការសុខភាពពិភពលោកដែរថា គ្រប់ប្រទេសដែលបានដំឡើងអាករពិសេសលើបារី សុទ្ធតែទទួលបានប្រាក់ចំណូលពន្ធកើនឡើងយ៉ាងច្រើន។
ជាក់ស្ដែងនៅប្រទេសថៃ នៅពេលរដ្ឋាភិបាលថៃយកអាករពិសេសលើបារី ៥៥% នៅឆ្នាំ១៩៩៣ រដ្ឋទទួលបានប្រាក់ចំណូលត្រឹមតែ ៥៣០ លានដុល្លារ ប៉ុន្តែនៅពេលរដ្ឋាភិបាលដំឡើងអាករពិសេសលើបារីរហូតដល់ ៩០% នៅឆ្នាំ២០១៧ រដ្ឋទទួលបានប្រាក់ចំណូលរហូតដល់ ២២៨៧ លានដុល្លារ ហើយករណីដំឡើងអាករពិសេសលើបារី នាំឱ្យកើនចំណូលពន្ធរដ្ឋនេះ ក៏បានកើតឡើងនៅប្រទេសហ្វីលីពីនផងដែរ។

លោកបណ្ឌិត ម៉ម សារិទ្ធ សាស្រ្តាចារ្យសេដ្ឋកិច្ចបានលើកឡើងពីភាពចាំបាច់និងបន្ទាន់ លើការដំឡើងអាករពិសេសលើបារី ដោយសំអាងលើគ្រោះថ្នាក់នៃការប្រើប្រាស់បារីថ្នាំជក់ ចំពោះសុខភាពសាធារណៈ (ជាពិសេសកម្លាំងពលកម្ម) និងផលចំណេញនៃចំណូលថវិកា។
លោកថា បច្ចុប្បន្នការហូតអាករពិសេសលើបារីមានកម្រិតទាបនៅឡើយ។ ការដំឡើងអាករពិសេសលើបារីបន្ថែម ជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ សម្រាប់ទាំងសុខភាពសាធារណៈទាំងហិរញ្ញវត្ថុសាធារណៈ។

ជាមួយគ្នានេះដែរ លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានការកើនឡើង អាករពិសេសលើបារី និងតម្លៃបារី និងកំពុងធ្វើកំណែទម្រង់ទៅលើប្រព័ន្ធពន្ធ និងរដ្ឋបាលពន្ធ។

ក្នុងនាមអង្គនីតិបញ្ញាតិ លោក សោម ចិន អនុប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភា បានបញ្ជាក់ដែរថា គណៈកម្មការទី៨ នៃរដ្ឋសភា តែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងជាអាទិភាព ដែលការប្រើប្រាស់ថ្នាំជក់ជាកត្តាហានិភ័យមួយ ហើយការដំឡើងអាករពិសេសលើបារី ជាយន្តការមានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយជំងឺមិនឆ្លង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ