ព័ត៌មានអន្ដរជាតិ
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញបានប្រមូលទុនប្រមាណ១០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.កនៅព្រឹកថ្ងៃសុក្រនេះបានធ្វើការការបោះផ្សាយលក់ សញ្ញាបណ្ណបៃតងជាផ្លូវការដោយប្រមូលមូលនិធិបានប្រមាណជា ១០ លានដុល្លារអាមេរិកដើម្បីយកទៅពង្រីកការវិនិយោគរបស់ខ្លួន។ ការបោះផ្សាយនេះគឺជាការគៀគរទុនពីផ្សារមូលបត្រកម្ពុជាជាលើកទីបី។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានថ្លែង ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងជាប្រតិបត្តិករតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅលើទីផ្សារគោលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក) និងបានបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិបន្ថែមកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
លោកបានថ្លែងថា៖« តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ទាំងពីរលើក ក្រុមហ៊ុនបានកៀរគរទុនចំនួនប្រមាណ ១៨,១ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក នៅតែបន្តប្រើប្រាស់ទីផ្សារមូលធនធ្វើជាថ្នាលដើម្បីទទួលបានហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់ សញ្ញាបណ្ណបៃតង ដែលបន្តិចទៀតនេះ ក្រុមហ៊ុននឹងធ្វើការចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ ដែលជាការចុះបញ្ជីលក់ មូលបត្រជាលើកទី៣ ក្នុងទំហំទឹកប្រាក់ចំនួន ៤១ ប៊ីលានរៀល ប្រមាណជា ១០ លានដុល្លារអាមេរិក ដែលមានតម្លៃចារឹកក្នុងមួយឯកតាមូលបត្របំណុលស្មើនឹង ១០ ម៉ឺនរៀល ដោយក្រុមហ៊ុនបានកំណត់យកអត្រាគូប៉ុង SOFR + ១៥០ ឯកតាមូលដ្ឋានក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស និងមានឥណប្រតិទាន ៥ ឆ្នាំ (២០២៤-២០២៩)»។
បើយោងតាមលោក ស៊ូ សុជាតិ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ត្រូវបានធានាដោយ CGIF ដែលជាស្ថាប័នទទួលបានចំណាត់ថ្នាក់លទ្ធភាពសង “AA/A-1+” ក្នុងកម្រិតសកល “ទស្សនវិស័យស្ថេរភាពសម្រាប់រយៈពេលវែង និងខ្លី” ពីភ្នាក់ងារវាយតម្លៃលទ្ធភាពសងអន្តរជាតិ S&P Global Ratings កាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤ ហើយ CGIF នឹងផ្តល់ការធានា ១០០% ទៅលើការបោះផ្សាយលក់សញ្ញាបណ្ណនេះ។ ជាមួយគ្នានេះ សញ្ញាបណ្ណបៃតងនេះក៏ទទួលបានការធ្វើចំណាត់ថ្នាក់លទ្ធភាពសងដោយក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងចំណាត់ថ្នាក់ “khAAA” ដែលមានលទ្ធភាពខ្ពស់ក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុនិងបង្ហាញឱ្យឃើញពីភាពភាពរឹងមាំនៃផ្នែកហិរញ្ញវត្ថុ និងហានិភ័យទាបក្នុងការវិនិយោគទៅលើសញ្ញាបណ្ណ។
លោកស៊ូ សុជាតិបានគូសបញ្ជាក់ទៀតថា ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ក៏ទទួលបាននូវ ជំនួយបច្ចេកទេស, ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការពង្រឹងកិច្ចគាំទ្រលើការវិនិយោគផងដែរ តាមរយៈកម្មវិធី “ការជំរុញការ បោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលមានកិច្ចសហការរួមគ្នារវាង ន.ម.ក., GGGI, UNESCAP, CGIF និង GuarantCo ដែលបានសម្រួលដល់ដំណើរការ និងការចំណាយនៃការបោះផ្សាយនេះផងដែរ។
« ជាការពិតណាស់ កម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម ភ នៅថ្ងៃនេះ បានបង្ហាញឲ្យឃើញថាទីផ្សារមូលបត្រកម្ពុជាកំពុងតែមានការរីកចម្រើនជាមួយនឹងកំណើននៃការបោះផ្សាយ លក់មូលបត្រ ជាពិសេសការបោះផ្សាយលក់សញ្ញាបណ្ណតាមគម្រោង (សញ្ញាបណ្ណបៃតង សង្គម និងចីរភាព) ដែលជា ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងឆ្លើយតបទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមក លើសេដ្ឋកិច្ច ស្ថានភាពសង្គម និងបរិស្ថានរយៈពេលវែង និងជួយដល់ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍបៃតង និងការ អភិវឌ្ឍប្រកបដោយចីរភាព»។ នេះបើយោងតាមលោកសុជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា