ព័ត៌មានជាតិ
ជ្រើសរើសបានក្រុមហ៊ុនគ្រង់គ្រង អភិវឌ្ឍកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
កាលពីរសៀលម្សិលមិញនេះ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីប្រតិបត្តិការ និងការថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ក្រុមហ៊ុន អេហ្សេត ប៊ីលឌឺរ ឯ.ក (AZ Builders Co., Ltd.)។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌឺរ ឯ.ក (AZ Builders Co., Ltd.)។
កិច្ចព្រមព្រៀងនេះ មានគោលបំណងដើម្បីផ្ដល់សិទិ្ធប្រតិបត្តិការវិនិយោគឱ្យទៅក្រុមហ៊ុន អាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតថា ដំបូងឡើយដំណើរការសាងសង់កំពង់ផែ ត្រូវបានគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២០ ប៉ុន្តែដោយសារមូលហេតុបច្ចេកទេសសំណង់ ដំណើរការសាងសង់ត្រូវបានពន្យារពេល។
ដើម្បីជំរុញល្បឿននៃការសាងសង់កំពង់ផែនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងលើផ្នែកបច្ចេកទេស ថវិកា និងការងារសាងសង់ ដើម្បីអនុវត្តគម្រោងបន្ត ហើយដែលការសាងសង់នេះ ត្រូវបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ រួចរាល់ជាស្ថាពរ រួមមាន៖ ចំណតនាវា អគាររដ្ឋបាល ស្ថានីយអ្នកដំណើរ អគារបច្ចេកទេស ផ្លូវបេតុងចូល កំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ បណ្តាញអគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវក្នុងបរិវេណកំពង់ផែ ចំណតរថយន្ត សួនច្បារ ស្រះទឹក កន្លែងទុកដាក់សំរាម និងការបំពាក់ឧបករណ៍សម្ភារៈចាំបាច់មួយចំនួន ដើម្បីធានាដល់ប្រតិបត្តិការរបស់កំពង់ផែ។

លោក ប៉េង ពោធិ៍នា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AZ Builders Co., Ltd នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្ដាប្រទេសនានាជាមួយនឹងប្រទេសកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរលេងកម្សាន្តរបស់ភ្ញៀវទេសចររវាងកំពង់ផែនិងតំបន់កោះនានានៃប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
តាមរយៈកិច្ចព្រមព្រៀងតម្រូវឲ្យក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែសាកល្បងនៅក្នុងត្រីមាសទី៣ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៤។

ជុំវិញបញ្ហាកំពង់ផែទេសចរណ៍ខេត្តកំពតដែលសាងសង់រួចមិនទាន់ដាក់ឲ្យដំណើរការ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកំពតមិនមែនធ្វើហើយបោះបង់ចោលនោះទេ ប៉ុន្តែដោយសារមាននីតិវិធីតាមកិច្ចព្រមព្រៀងវិនិយោគ។
«គេបានដាក់ដេញថ្លៃតាមនីតិវិធីឲ្យផ្នែកឯកជនមកគ្រប់គ្រង។ ផ្នែកឯកជនមានចក្ខុវិស័យចង់ឲ្យកប៉ាល់យក្សធំៗចូលប្រើប្រាស់កំពង់ផែនេះបាន ដែលទាល់តែត្រូវស្តារប្រឡាយឲ្យបានធំ។ បើថាសាងសង់រួចបោះបង់ចោលគឺអត់ទេ»។ លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែម។
បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នកប៉ាល់តូចៗអាចចេញចូលបានជាធម្មតា បើទោះបីកំពង់ផែមិនទាន់ដាក់ឲ្យដំណើរការជាផ្លូវការក៏ដោយ។
នៅក្នុងកម្មវិធីកិច្ចពិភាក្សាពិសេសមួយរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ដោយមានការសម្របសម្រួលពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកន្លងទៅ លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ជុំវិញកំពង់ផែទេសចរណ៍ខេត្តកំពតបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ប៉ុន្តែមិនទាន់បើកឲ្យដំណើរការជាផ្លូវការ ដោយសារមិនទាន់បានជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រងបាននៅឡើយ។
យោងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី តម្រូវឲ្យមានការដេញថ្លៃជាសាធារណៈ ស្របតាមក្របខ័ណ្ឌភាពជាដៃគូររវាងរដ្ឋនិងឯកជន ដោយត្រូវជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានទុនវិនិយោគ និងបទពិសោធគ្រប់គ្រាន់ធ្វើជាប្រតិបត្តិករកំពង់ផែនេះ។
កំពង់ផែទេសចរណ៍ខេត្តកំពតមានទីតាំងជាប់ដងព្រែកជាប់ដៃសមុទ្រ ស្ថិតក្នុងស្រុកទឹកឈូចម្ងាយជាង ៦ គីឡូម៉ែត្រ ពីក្រុងកំពត ដែលសាងសង់ឡើងលើផ្ទៃដីទំហំជាង ៤ ហិកតា ចំណាយថវិកាសាងសង់ប្រមាណ ១០ លានដុល្លារអាម៉េរិក ជាឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត នឹងដើរតួនាទីសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសម្របសម្រួលពាណិជ្ជកម្មជាតិនិងអន្តជាតិ ការទាក់ទាញអ្នកទេសចរ ការបង្កើតការងារដល់ពលរដ្ឋនិងការតភ្ជាប់កំពង់ផែក្នុងប្រទេសទៅប្រទេសក្នុងតំបន់និងអន្តរជាតិ។
បន្តចុចអាន៖ កំពង់ផែទេសចរណ៍ខេត្តកំពតកំពុងជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករ គ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៤

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ