ព័ត៌មានជាតិ
ពលរដ្ឋជាង ១០០គ្រួសារ ស្នើរដ្ឋាភិបាលអន្តរាគមន៍ ករណីកាត់ឆ្វៀលដីតំបន់៣ ប៉ះចំដី ស្រែពួកគេ
ប្រជាពលរដ្ឋសរុបចំនួន ១១០ គ្រួសារ ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានស្នើយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ចាត់ក្រុមការងារ ដើម្បីចុះសិក្សាឡើងវិញនៅលើដីតំបន់ ៣ ដែលក្រុមការងារចុះបញ្ជីដីធ្លីបានកាត់ឆ្វៀល ខណៈពលរដ្ឋ
អះអាងថា ការកាត់ឆ្វៀលដីនោះ ធ្វើឱ្យប៉ះពាល់ដល់ដីស្រែដែលបានអាស្រ័យផលអស់រយៈពេលជាង៣០ ឆ្នាំមកហើយ។
សំណើរនេះ បន្ទាប់ពីក្រុមការងារកាត់ឆ្វៀលដីតំបន់ ៣ បានចុះបោះបង្គោលត្រីកោណ និងបោះព្រំប្រទល់ដីរដ្ឋដោយកាត់ឆ្វៀលដីពលរដ្ឋដែលធ្វើឱ្យពួកគាត់បាត់បង់ដីដែលកំពុងអាស្រ័យផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះបាត់បង់ទាំងស្រុងតែម្ដង។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/c1-1024x513.jpg)
ក្រុមពលរដ្ឋ ឱ្យដឹងថា៖«ក្រុមការងារចុះបញ្ជីដីបានណែនាំដល់ប្រជាពលរដ្ឋឱ្យផ្អាកបង្កបង្កើនផលមួយរយៈសិន ក្រោយពីប្រមូលផលស្រូវនៅឆ្នាំក្រោយរួចអស់ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារដែលចុះធ្វើការនៅតំបន់នោះ។ ប៉ុន្តែប្រជាពលរដ្ឋយើងនៅតែមិនអស់ចិត្តដោយបារម្ភខ្លាចក្រែងមិនបានទទួលដីទាំងនោះត្រឡប់មកវិញ ព្រោះនៅក្នុងចំណោមប្រជាពលរដ្ឋទាំង ១១០ គ្រួសារ ក៏មានមួយចំនួនដែលត្រូវបាត់បង់ទាំងស្រុង គឺពុំមានសល់មួយម៉ែត្រការ៉េឡើយ»។
ជុំវិញការព្រួយបារម្ភនេះ ពលរដ្ឋរស់នៅ ៤ ភូមិ រួមមាន ភូមិស្ដីក្រោម ភូមិស្ដីលើ ភូមិបាក់អម្រែក និងភូមិដូនអិន ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលកំពុងអាស្រ័យផលលើផ្ទៃដីសរុបជាង ២០០ហិកតា បានស្នើសុំយ៉ាងទទូចដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍ តាមរយៈចាត់ក្រុមការងារដើម្បីពិនិត្យការកាត់ឆ្វៀលដីនោះឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/c4-1024x608.jpg)
ពលរដ្ឋអះអាងថា៖« ដីដែលពួកគាត់បានអាស្រ័យផលនិងកំពុងអាស្រ័យផល គឺសុទ្ធតែបានមកពីការវាស់ចែកឱ្យតាំងតែពីជំនាន់មិនទាន់អស់ខ្មែរក្រហមមកម្ល៉េះ បើគិតពីររយៈពេលមិនក្រោមពី ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំឡើយ »។
ជុំវិញរឿងនេះ កម្ពុជាថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយពីអាជ្ញាធរពាក់ព័ន្ធបាននៅឡើយទេ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤។
សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការកាត់ឆ្វៀលដីតំបន់ ៣ និងកែសម្រួលផ្ទៃដីតំបន់៣ នៅតាមបណ្តាខេត្តដែលជាប់បឹងទន្លេសាប ដើម្បីកំណត់ព្រំប្រទល់រវាងដីពលរដ្ឋ និងដីរដ្ឋ សំដៅដល់ការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព និងអភិរក្សដល់ដីព្រៃលិចទឹកផងដែរ៕
អត្ថបទ : សោ និយមរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អភិបាលខេត្តជើងខ្លាំង៤រូប នៅរក្សាតំណែង ខណៈអភិបាល៤រូបទៀត របូតតំណែងនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ