Connect with us

ព័ត៌មានជាតិ

​ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB)នឹងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

បានផុស

នៅ

រដ្ឋាភិបាលបានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលជាកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែក សាធារណៈនិងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំដៅទាក់ទាញភ្ញៀវទេចរអន្តរជាតិមកកាន់កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ – តាមរយៈសេចក្តីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងទេចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេចរណ៍។

ក្រសួងបានលើកឡើងថា៖« ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី “ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា” កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែក សាធារណៈនិងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ»។

សម្រាប់សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧  ស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ ទេសចរណ៍កម្ពុជា។

លើសពីនោះទៅទៀតសមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ ស្ថាប័ននេះ បានបង្ហាញពីការគិតគូរ គ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញក្នុងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការ អភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា។

​« ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកល លោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធ្វើយ៉ាងណាធានាឱ្យ បាននូវនិរន្តរភាព បិរយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា»។ នេះបើយោងតាមក្រសួងទេចរណ៍។

ក្រសួងថាការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានឹងចូលរួចំណែក យ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងសម្រេចបាននូវចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់វិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខនិងរស់រវើក។

នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៤ គិចាប់ពីខែមរា ដល់ខែមេសា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២ លាននាក់ (២ ១១៦ ៦០៩) មានការកើនឡើង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្នុងចំណោមទេសចរជាង ២ លាននាក់ ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៥៨៨ ៣១២ នាក់ កើន ៣,២ ភាគរយ វៀតណាមចំនួន ៤១៤ ៣៦៦ នាក់ កើន ៤៣ ភាគរយ ចិន ២៦០ ៤៥៥ កើន ៤១,៥ ភាគរយ ឡាវ ១១៧ ៧២៥ កើន ៤៦ ភាគរយ និងអាមេរិក ចំនួន ៨២ ៨៦២ កើន ២០ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម