ព័ត៌មានអន្ដរជាតិ
ការញ៉ាំវីតាមីនប្រចាំថ្ងៃ មិនអាចជួយឲ្យអាយុវែងទេ តែអាចបង្កជាបញ្ហាមួយទៅវិញ
របកគំហើញវេជ្ជសាស្ត្រថ្មីមួយ បានរកឃើញថា ការទទួលទានវីតាមីនចម្រុះរាល់ថ្ងៃ មិនអាចជួយឲ្យមនុស្សរស់នៅបានយូរជាងមុននោះទេ តែវាអាចបង្កជាហានិភ័យនៃការស្លាប់មុនអាយុទៅវិញ។ ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានមហារីកជាតិនៃសហរដ្ឋអាមេរិក ដែលបានវិភាគលើកំណត់ត្រាសុខភាពមនុស្សពេញវ័យជិត ៤០ម៉ឺននាក់ ក្នុងរយៈពេលជាង២០ឆ្នាំ។
នៅអំឡុងការសិក្សាស្រាវជ្រាវដែលចាប់ផ្ដើមតាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០មក ក្នុងចំណោមក្រុមមនុស្សដែលទទួលទានវីតាមីនចម្រុះជាប្រចាំថ្ងៃ មានអត្រាស្លាប់មុនអាយុច្រើនជាងអ្នកដែលមិនបានទទួលទាន ដល់ទៅជាង ៤% ឯណោះ។ ផ្អែកលើទិន្នន័យនេះហើយទើបក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលអាមេរិក បានសន្និដ្ឋានថា ការអះអាងដែលថាវីតាមីនអាចជួយឲ្យមនុស្សរស់នៅយូរអង្វែងជាងមុនគឺជារឿងមិនពិតនោះទេ ថ្វីត្បិតបច្ចុប្បន្នមនុស្សភាគច្រើននៅលើពិភពលោកកំពុងនាំគ្នាចំណាយលុយអស់ជាច្រើនសន្ធឹកលើថ្នាំវីតាមីន ឬអាហារបំប៉ននានា។
ទីផ្សារសកលនៃថ្នាំវីតាមីន និងអាហារបំប៉ន មានតម្លៃប៉ាន់ស្មានប្រមាណដល់ខ្ទង់ ១០ពាន់លានដុល្លារឯណោះជារៀងរាល់ឆ្នាំ។
ទោះមានការពេញនិយមខ្លាំងនៃការទទួលទានវីតាមីន ក៏អ្នកស្រាវជ្រាវមួយចំនួន នៅតែបង្ហាញការសង្ស័យពីអត្ថប្រយោជន៍ ដែលបានផ្សព្វផ្សាយអំពីថ្នាំវីតាមីន ក៏ដូចជាអាហារបំប៉នទាំងនោះ។ បន្ថែមពីនេះ ក្រុមអ្នកស្រាវជ្រាវ ក៏បានព្រមានពីប្រភេទថ្នាំវីតាមីនមួយចំនួន ដែលអាចបង្កជាគ្រោះថ្នាក់ចំពោះសុខភាពទៅវិញ ជាជាងការហុចផលប្រយោជន៍ផ្នែកសុខភាពរាងកាយ។ ជាឧទាហរណ៍ដូចជា ប្រភេទអាហារបំប៉ន ដែលមានសារធាតុ beta-carotene ប្រឆាំងជំងឺមហារីក អាចបង្កជាហានិភ័យនៃការជំងឺមហារីកសួត និងជំងឺបេះដូងទៅវិញ ព្រោះតែអាហារបំប៉នប្រភេទនេះខ្វះនូវសារធាតុគួបផ្សំសំខាន់ៗ។ អាហារបំប៉ន beta-carotene មានលក្ខណៈមិនដូចជាគ្នាទៅនឹងអាហារធម្មជាតិដែលមានផ្ទុកសារធាតុ beta-carotene នោះទេ។ ឧទាហរណ៍មួយវិញទៀត ការទទួលទានជាតិដែកដែលមាននៅក្នុងថ្នាំគ្រាប់វីតាមីនសឹងតែគ្រប់មុខទៅហើយ អាចបង្កជាហានិភ័យនៃការលើសជាតិដែក ហើយបណ្ដាលឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺចាស់វង្វេង។
វេជ្ជបណ្ឌិត Neal Barnard សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ George Washington និងជាអ្នកចូលរួមក្នុងការស្រាវជ្រាវខាងលើ បានប្រាប់ថា វីតាមីនមានផលប្រយោជន៍ក្នុងលក្ខខណ្ឌច្បាស់លាស់ប៉ុណ្ណោះ ដូចជា ការលេបថ្នាំវីតាមីន C, E និង ស័ង្កសី ដើម្បីពន្យារការចុះខ្សោយនៃចក្ខុ ឬការលេបវីតាមីន ដើម្បីព្យាបាលជំងឺខ្វះវីតាមីន C និងជំងឺចុះខ្សោយការចង់ចាំ ជាដើម។ លោកវេជ្ជបណ្ឌិត បាននិយាយថា ការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃវីតាមីន គឺលើសពីការពិតជាក់ស្ដែង។ លោក Barnard បន្តថា ជំនួសឲ្យការញ៉ាំថ្នាំវីតាមីន មនុស្សគ្រប់រូបគួរទទួលអាហារសុខភាព ដែលផ្ដល់នូវជាតិសរសៃ និងសារធាតុចិញ្ចឹមចម្រុះ ដោយមិនគួរទទួលទានអាហារសម្បូរជាតិខ្លាញ់ឆ្អែត និងកូឡេស្តេរ៉ុល៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា