ព័ត៌មានជាតិ
អភិបាលរាជធានីណែនាំ ឱ្យទប់ស្កាត់ការចោលសំរាមចូលទៅក្នុងទន្លេ បង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងឱ្យអស់ពីក្នុងមូលដ្ឋាន
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងចំណុះឱ្យរដ្ឋបាលរាជធានី ទប់ស្កាត់កុំឱ្យមានការចោលសំរាម កម្ទេចសំណង់នានាចូលទៅក្នុងទន្លេ លុបបំបាត់ក្មេងទំនើង និង ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០១ កក្កដា ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរនិងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់មិនឱ្យមានការចោលសំរាម ចោលកម្ទេចសំណង់នានាចូលទៅក្នុងទន្លេជាដើម។

លោកបានបន្តថា ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបឱ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ពិសេសគឺធ្វើឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

លោកឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ មិនត្រូវឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានខ្លាំង ដើម្បីឈានទៅលុបបំបាត់ឱ្យអស់។ ទប់ស្កាត់ការយកភាស៊ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។

លោកបានបន្ថែមទៀតថា ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះឱ្យអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើជាគម្របបៃតងឱ្យបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។ ជាមួយនឹងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញ ចូលតែមួយពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើឱ្យទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។

លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើឱ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលុបបំបាត់បាន១០០%ហើយ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ