Connect with us

ព័ត៌មានជាតិ

លោក ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មីខិតខំកែលម្អឥរិយាបថមន្ត្រីក្នុងការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំលោក វ៉ី សំណាង ដែលទើបប្រកាសចូលកាន់តំណែងជាអភិបាលខេត្តតាកែវ ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវាឱ្យបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌ ពិសេសខិតខំកែលម្អឥរិយាបថមន្ត្រីក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញលើការងារពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ដល់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋានឱ្យបំពេញការងារដោយការទទួលខុសត្រូវ មានឥរិយាបថល្អជាមួយប្រជាពលរដ្ឋ ជាពិសេសរួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អភិបាលខេត្តតាកែវថ្មី ត្រូវបន្តការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ គ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយផ្ដោតលើការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បង្ក្រាបក្មេងទំនើង ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

លោកប្រមុខក្រសួងមហាផ្ទៃរូបនេះ ថែមទាំងបានណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធានដែលបានផ្ទេរ ដើម្បីធានាផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិសេស គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងប្រព័ន្ធឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការអនុវត្តការងារឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ស្របតាមការណែនាំខាងលើ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ។

គួរជម្រាបថា លោក វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម