ព័ត៌មានជាតិ
សម្ព័ន្ធសហជីពជាតិ ដាក់ពាក្យប្តឹងទៅ ក្រសួងមហាផ្ទៃ ពិនិត្យលើរបាយការណ៍ សង់ត្រាល់ ដែលធ្វើឱ្យខូចឈ្មោះប្រទេសជាតិ
សម្ព័ន្ធសហជីពជាតិ បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ នេះ ដើម្បីស្នើសុំអន្តរាគមន៍ពិនិត្យមើលភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈ បែកបាក់ ប្រកាន់បក្ខពួក រើសអើង និងញុះញង់ ប៉ះពាល់ដល់ការងារកម្មករ-និយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់ប្រទេសជាតិ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា តំណាងកម្មករនៅទូទាំងប្រទេសកើតទុក្ខមិនសុខចិត្តចំពោះរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅថា សង់ត្រាល់ ដែលមិនមានប្រភព និងភស្តុតាងច្បាស់លាស់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ មន្ត្រីដឹកនាំអង្គការនេះ អះអាងថា ជារបាយការណ៍ស្រមោល ប៉ុន្តែធ្វើការបែងចែកពណ៌សម្បុរសហជីព ដែលមានចរិតលក្ខណៈញុះញង់ឱ្យមានការរើសអើងគ្នា។
លោកថា របាយការណ៍សង់ត្រាល់ស្រង់សម្តីតែតំណាងសហជីព ១០ ក្នុងចំណោមរោងចក្រ ១៤ ដែលនិយាយអវិជ្ជមានពីសិទ្ធិសេរីភាពដោយបំប៉ោងការពិតថា ពួកគេជួបប្រទះការបំភិតបំភ័យ គំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ តែអង្គការនេះមិនបង្ហាញភស្តុតាងច្បាស់លាស់ ហើយបែរជាយកភាពអវិជ្ជមាននោះទៅវាយតម្លៃទាំងមូលលើប្រទេសកម្ពុជាថាសិទ្ធិសេរីភាពសហជីពត្រូវបានរឹតត្បិតទៅវិញ។
លោក ហ្វា សាលី លើកឡើងថា ក្នុងចំណុចទី ៩ នៃរបាយការណ៍សង់ត្រាល់ បានលាបពណ៌សហជីព បំផ្លាញមុខមាត់ប្រទេសជាតិ តាមរយៈការប្រើពាក្យសហជីពពណ៌លឿង រារាំងដល់សហជីពឯករាជ្យ មិនឱ្យសហការបានពេញលេញ។ ក្នុងន័យនេះ អង្គការសង់ត្រាល់ បាននិងកំពុងធ្វើឱ្យភាពសុខដុម នៃអង្គការវិជ្ជាជីវៈសហជីពបែកបាក់ ប្រកាន់បក្សពួក រើសអើងគ្នា និងជាការញុះញង់ ដែលជាទង្វើអសីលធម៌មិនអាចទទួលយកបាន។
លោកថ្លែងថា «វាគឺជាការញុះញង់ឱ្យមានការរើសអើង រវាងសហជីព និងសហជីព ដូច្នេះយើងទទួលយកអត់បានទេ ដែលបែងចែកសហជីពពណ៌លឿង ពណ៌ស ពណ៌ខ្មៅ អីហ្នឹង គឺអត់អាចទេ។ ព្រោះគាត់ជាអង្គការវិជ្ជាជីវៈមួយ ធ្វើការងារត្រូវតែតម្លាភាព»។
លោកបញ្ជាក់បន្ថែមថា មកដល់ពេលនេះការងារជាក់ស្ដែងរបស់អង្គការសង់ត្រាល់ ធ្វើតែជាមួយសហព័ន្ធសហជីព ដែលស្ថិតក្រោមការបញ្ជារបស់ខ្លួនតែប៉ុណ្ណោះ ហេតុនេះលោកទាមទារឱ្យអង្គការសង់ត្រាល់ និងបណ្ដាញរបស់ខ្លួន បង្ហាញភស្តុតាងស្រាវជ្រាវវិទ្យាសាស្ត្រឱ្យបានច្បាស់លាស់បង្ហាញសាធារណជន ឱ្យបានយល់ដឹង និងឈប់យល់ច្រឡំលើប្រទេសជាតិ។
លោកថ្លែងបន្តថា «យើងអំពាវនាវឱ្យខាង ស៊ីខៅឌូ ក៏ដូចជា កាទូ របស់លោកស្រី យ៉ាង សុភ័ណ្ឌ និងលោក គង់ អាទិត្យ បង្ហាញនូវរបាយការណ៍ដែលបានដាក់ធ្វើជាមួយនឹងអង្គការសង់ត្រាល់ ហើយអ្វីដែលសំខាន់ជាងនេះទៀត ការលាបពណ៌ថាតំណាងសហជីពគាត់ ត្រូវបានគេចុះក្នុងបញ្ជីខ្មៅនោះ សូមបង្ហាញភស្តុតាង»។
បើតាមលោក ហ្វា សាលី គឺ សង់ត្រាល់ បង្កើតរបាយការណ៍មិនមានប្រភពច្បាស់លាស់ និងមិនមានភស្តុតាង ជារបាយការណ៍ស្រមោល និងតំណាងឱ្យតែសង់ត្រាល់ និងសហព័ន្ធសហជីពចំនួន ២ ហើយយកចុះផ្សាយបង្កាច់បង្ខូចដល់សេរីភាពសហជីពនៅកម្ពុជាទាំងមូល ដោយមិនមានមូលដ្ឋានបែបនេះ ធ្វើឱ្យសហគមន៍ជាតិ អន្តរជាតិ និងអ្នកបញ្ជាទិញ យល់ច្រឡំមកលើរាជរដ្ឋាភិបាល និងស្ថិរភាពនៅកម្ពុជា ក៏ដូចជាប៉ះពាល់ដល់បរិយាកាសវិនិយោគ ការងាររបស់កម្មករ-និយោជិត សហជីព ប៉ះពាល់ភាពស្អាតស្អំ និងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ