ព័ត៌មានជាតិ
សម្ដេចធិបតី លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរជួយសិល្បករដែលជួបការលំបាក និងមានវ័យចាស់
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំដោយលោកស្រី ម៉ៅ ចំណាន បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយទំនុកបម្រុងដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់។ សម្ដេចធិបតី លើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នាវិមានសន្តិភាព។
លោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពេលនេះ។ លោកស្រី ម៉ៅ ចំណាន បានរាយការណ៍ជូនសម្ដេចធិបតី អំពីសមិទ្ធផលការងារដែលសមាគមសម្រេចបាននាពេលកន្លងមក ជាអាទិ៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ បទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគមក្នុងការអនុវត្តការងាររបស់ខ្លួន។
បើតាមលោកស្រី ម៉ៅ ចំណាន សមាគមសិល្បករខ្មែរ ផ្តោតលើសកម្មភាពចម្បងមួយចំនួន រួមមាន៖១) ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២) ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជីវិត សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិក។
តាមរយៈជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងក្ដីរីករាយ ដែលបានជួបពិភាក្សា និងបានអបអរសាទរជាថ្មីម្តងទៀតចំពោះលោកស្រី ម៉ៅ ចំណាន ដែលទទួលបានសេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មីនេះ។ សម្តេចធិបតី បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូលចងក្រងនូវសិល្បករ សិល្បការិនីគ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិ។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ បាត់បង់សមត្ថភាពសម្តែង។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការសហការជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅកម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ណែនាំដល់សមាគមឱ្យចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ ហើយចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ។
សមាគម ក៏ត្រូវបន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកប ដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាទិកាដើមដោយខ្លួនឯង (Original Content) ផងដែរ។
គួរជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល១៨ឆ្នាំ ឬ ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។ សមាគមសិល្បករខ្មែរ បានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេសស្វែងរកធនធានសម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា