Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនសង្គមស៊ីវិល ប្រកាសគាំទ្រការថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់

បានផុស

នៅ

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមយុវជនសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ និងគាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកគាំទ្រនេះ គឺបន្ទាប់ពីនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​មេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ការ​ប្រកាស​សាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន ៥លើក រួចមកហើយ។

កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ​ បាន​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេ​ជជែក​គ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេស​ឈ្មោះ អាឡិច​ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែល​ជា​ស្ថាបនិកនៃ​ចលនា​មាតា​ធម្មជាតិត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេសកម្ពុជា និងត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះ​មហាក្សត្រកម្ពុជាផងដែរ។ នេះបើយោងតាមលិខិតរបស់ក្រុមយុវជនសង្គមស៊ីវិល។

តាមរយៈលិខិតដដែលនេះ ក្រុមយុវជនសង្គមស៊ីវិល នឹងថ្កោលចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្រ្តបង្កើតព្រឹត្តការណ៍ សកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធមនុស្សធ្វើជាឈ្នាន់នយោបាយ តាមកលញុះញង់របស់ជនប្រទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជា​មានភាពវឹកវរ ចលាចល។ ព្រមទាំង សម្តែងការសោកសា្តយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេស​ស្របពេលដែលប្រទេសជាតិមានសុខ សន្ដិភាព និងការ​អភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្ដាប់តូច តែងតែនាំគ្នា​បង្កើតព្រឹត្តិការណ៍ ចលនាខុសច្បាប់ រិះរកវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា​។ ក្រុមយុវជន​ចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដែលជាចេតនានយោបាយ ពិសេសវាយប្រហាលលើ ស្ថាប័នក្រសួងបរិស្ថាន ជាដើម។

ទាំងនេះ ជាហេតុដែលក្រុមយុវជនសង្គមស៊ីវិល ប្រកាសគាំទ្រនូវសាលក្រមរបស់តុលាទាំងស្រុង ខណៈដែលក្រុមយុវជនមួយក្ដាប់តូចនេះ បានបំពានច្បាប់ នាំគ្នារិះរកវិធីសាស្រ្តយករឿងបរិស្ថាន និង​សិទ្ធិមនុស្ស​មកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជន​បរទេសទាំងមិនដឹងខ្លួន ងប់ងុលនឹងមនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស។

ជាមួយគ្នានោះ ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ក្នុងនាមជាយុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយមកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ព្រមទាំង ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម