Connect with us

ព័ត៌មានជាតិ

កត្តាខ្វះធនធានមនុស្សចាប់ពីទសវត្សឆ្នាំ ១៩៨០ មក ក្រសួងអប់រំប្រើវិធីសាស្រ្តជាច្រើនបណ្តុះបណ្តាលគ្រូ

បានផុស

នៅ

«កន្លងមកដោយសារកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងសង្គម-សេដ្ឋកិច្ច និងដោយសារការខ្វះធនធានមនុស្សចាប់ពីទសវត្សឆ្នាំ ១៩៨០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រើរូបមន្តច្រើន ដើម្បីបណ្តុះបណ្តាលគ្រូបង្រៀន និងកំណែទម្រង់ប្រឡង»។ នេះជាការថ្លែងឡើងរបស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ចូលរួមពិធី ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានលើកឡើងពីតម្រូវការកំណែទម្រង់លើការបង្រៀន និងបណ្តុះបណ្តាលគ្រូ ដោយមើលឃើញថា ការអនុវត្តកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៤ រួចមក សិស្សដែលប្រឡងជាប់លើកទី១ បានត្រឹមតែ ២៥ % តែប៉ុណ្ណោះ។ ចំនួនសិស្សដែលប្រឡងជាប់មានកម្រិតទាបនេះ ត្រូវបានលោករដ្ឋមន្រ្តីចាត់ទុកថា នេះជាលទ្ធផលមិនល្អដោយសារចំណេះដឹងមូលដ្ឋានរបស់សិស្សនៅខ្សោយ និងកត្តាគ្រូបង្រៀន។

លោកបន្ថែមថា នៅឆ្នាំ២០១៥ ក្រសួងអប់រំ បានដាក់ចេញនូវផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ស្របតាមគោលនយោបាយស្តីពីគ្រូបង្រៀន ឆ្នាំ ២០១៣ (TPAP) ក្នុងគោលដៅលើកកម្ពស់កិត្តិយស តួនាទី និង ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម តាមរយៈការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាល ការដំឡើងបៀវត្ស និងការបង្កើនគុណវុឌ្ឍិគ្រូ ការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ ជាពិសេសការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន និងរៀន សំដៅឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។

បើតាមលោក ហង់ជួន ណារ៉ុន ការបណ្តុះបណ្តាលគ្រូបង្រៀនរួមមានវិធីសាស្រ្តជាច្រើនដែលបានដាក់ចេញ ក្នុងនោះរួមមាន សាលាគរុកោសល្យ និងវិក្រឹតការរាជធានីខេត្តទាំង ១៨ និងសាលាមធ្យមសិក្សា គរុកោសល្យមត្តេយ្យមជ្ឈិមបណ្តុះបណ្តាលគ្រូបឋមសិក្សា និងមត្តេយ្យសិក្សារយៈពេលវែង។ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង ៦ បានបង្កើតឡើងសម្រាប់បណ្តុះបណ្តាលគ្រូមធ្យមសិក្សាបឋមភូមិបង្រៀននៅអនុវិទ្យាល័យ និងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមប្រមាណជាង ១សែននាក់។

ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ ២០២៣

ក្នុងន័យនេះ កំណែទម្រង់គ្រូបង្រៀនបានផ្ដោតលើយុទ្ធសាស្ត្រចំនួន ៩ គឺ៖ ទី១.កសាង លិខិតបទដ្ឋានគតិយុត្តនិងយន្តការ ទី២.ទាក់ទាញអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈគូបង្រៀន ទី៣.កំណត់ស្តង់ដាប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន ទី៤.អភិវឌ្ឍគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ទី៥.ធ្វើសនិទានកម្មគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់គ្រឹះស្ថានសិក្សា ទី៦.អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ទី៧.លើកទឹកចិត្តនិងរក្សាទុកគ្រូបង្រៀន ទី៨. ពង្រឹងប្រសិទ្ធភាពអ្នកដឹកនាំសាលារៀន និងទី៩.ពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃគ្រូបង្រៀន។
លោក ហង់ជួន ណារ៉ុន គូសបញ្ជាក់ទៀតថា លទ្ធផលនៃការអនុវត្តកំណែទម្រង់គ្រូបង្រៀននេះ ក៏ដើម្បីទាក់ទាញបេក្ខជនរៀនពូកែចូលធ្វើគ្រូបង្រៀន ខណៈរាជរដ្ឋាភិបាលបានដំឡើងបៀវត្សគ្រូបង្រៀនចាប់ពីឆ្នាំ ២០១៣​ដល់ឆ្នាំ ២០២៤។ ជាពិសេស រដ្ឋ​បានយកចិត្តទុកដាក់ដល់ជីវភាពគុរសិស្ស និងគរុនិស្សិតដោយផ្តល់អាហាររូបករណ៍ ៧០ % នៃបៀវត្សសរុប ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាល៕

អត្ថបទ៖ ឡាយ​ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម