ព័ត៌មានជាតិ
មន្ត្រី UN ថា កម្ពុជា ជាប្រទេសគំរូក្នុងការបញ្ជូនកម្លាំងរក្សាសន្តិភាព ខណៈកម្ពុជាក៏ធ្លាប់រងគ្រោះដោយសារសង្គ្រាម
នៅចំពោះមុខសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរពីជោគជ័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដែលលោក ចាត់ទុកថា នេះគឺជាគំរូដ៏ល្អ។
លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានសម្ដែងនូវការអរគុណចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនេះ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
លោក Jean Pierre Lacroix បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាសន្តិសុខ និងសុវត្ថិភាពដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះ គឺជាគំរូដ៏ល្អមួយសម្រាប់បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យនេះក៏ទទួលបានផងដែរនូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរជាពិសេសចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់។ លោកអគ្គលេខាធិការរង បានជម្រាបជូនសម្ដេចធិបតី ដែរថា អង្គការសហប្រជាជាតិ បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិនៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ទន្ទឹមនេះ លោកអគ្គលេខាធិការរង ក៏បានបញ្ជាក់ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តរួមចំណែកជាមួយនឹងអង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខដល់បណ្ដាប្រទេសដែលកំពុងតែប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលចំណែកក្នុងការកិច្ចការមនុស្សធម៌។
សម្តេចធិបតី បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែផ្ដល់នូវការចិត្តទុកដាក់ និងការគាំទ្រដល់សុវត្ថិភាព ក៏ដូចជាសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជានៅតាមបណ្ដាប្រទេសនានា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបណ្ដាប្រទេសផ្សេងៗទៀត។ សម្ដេចធិបតី ក៏បានប្រាប់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ ដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលនេះខេត្តចំនួន១៥ របស់កម្ពុជា ត្រូវបានប្រកាសជាផ្លូវការជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថា បញ្ហាបន្សល់ទុកពីសង្រ្គាមនេះ គឺជាបញ្ហាប្រឈម ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
គួរជម្រាបថា ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិចំនួន៩៥៧០នាក់ (ស្ត្រី៨១៨នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
កម្ពុជា បន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ (បន្ទាប់ពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់