ព័ត៌មានជាតិ
សប្តាហ៍ក្រោយ មុខក្រសួងបរិស្ថាន មានចែកកូនឈើឥតគិតថ្លៃ ក្នុងពិព័រណ៍ម្លប់បៃតង និងវេទិកាកេសរកូលជាតិលើកទី៤
កូនឈើចម្រុះជាង ៤ ម៉ឺនដើម នឹងចែកជូនដល់ពលរដ្ឋដើម្បីយកទៅដាំតាមគេហដ្ឋាន ទីសាធារណៈ វត្តអារាម សាលារៀន ដោយឥតគិតថ្លៃ នៅពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ នឹងរៀបចំឡើងរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខក្រសួងបរិស្ថាន ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ លោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងកម្មវិធីពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ នឹងមានការចែកកូនឈើចម្រុះចំនួន ៤៤ ៥០០ ដើម ដល់ប្រជាពលរដ្ឋដើម្បីយកទៅដាំតាមគេហដ្ឋាន ទីសាធារណៈ វត្តអារាម សាលារៀន ដោយឥតគិតថ្លៃ។
លោកថា អ្នកចូលរួមម្នាក់អាចទទួលបានកូនឈើចំនួន ១០ ដើម ដែលកូនឈើទាំងនោះបានមកពីមន្ទីរបរិស្ថានរាជធានីខេត្ត រួមទាំងការផ្តល់ដោយអង្គការដៃគូនានា។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ រៀបចំឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងបំផុសចលនាឲ្យពលរដ្ឋចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ ២០៥០ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្រសួងបរិស្ថានបានដាក់ចេញផ្តោតលើមុំយុទ្ធសាស្ត្រចំនួន ៣ គឺស្អាត បៃតង និងចីរភាព។
លោកបន្តថា ពិព័រណ៍រយៈពេល ៣ ថ្ងៃនេះ អ្នកចូលរួមក្រៅពីទទួលការបានកូនឈើយកទៅដាំដោយឥតគិតថ្លៃ ក៏អាចទស្សនាសមិទ្ធផលពីក្រសួងស្ថាប័ន និងមានការតាំងបង្ហាញផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ និងអង្គការជាដៃគូ។
បើតាមមន្រ្តីក្រសួងបរិស្ថាន ព្រឹត្តិការណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ នឹងបើកជាផ្លូវការនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ-អន្តរជាតិ សមាគមយុវជននានា និងសាធារណជន៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក