ព័ត៌មានជាតិ
មន្ត្រី ថា ពលរដ្ឋប្រើពន្លឺព្រះអាទិត្យតិចតួច មិនជាប់កាតព្វកិច្ចធ្វើស្វ័យប្រកាសសុំអនុញ្ញាតឡើយ
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អះអាងថា អ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមលំនៅដ្ឋានធម្មតានៅទូទាំងប្រទេសប្រមាណ៩៥ភាគរយ មិនជាប់ព័ន្ធពាក់នឹងកាតព្វកិច្ចធ្វើស្វ័យប្រកាសដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលឡើយ។
ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលពេលនេះ បន្ទាប់ពីផ្ទុះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ជុំវិញការតម្រូវឱ្យធ្វើស្វ័យប្រកាសអនុញ្ញាតពាក់ព័ន្ធនឹងការដំឡើង និងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនេះ។
ជាការកត់សម្គាល់ តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាបានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត ឬ ពុំទាន់បានចុះកិច្ចសន្យាប្រើប្រាស់ថ្លៃថាមពលពន្លឺព្រះអាទិត្យលើដំបូលជាមួយអ្នកផ្គត់ផ្គង់ ឱ្យដាក់ពាក្យស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន។ ប៉ុន្តែការអំពាវនាវនេះ បានធ្វើឱ្យមានការភាន់ច្រឡំ និងកើតជាចម្ងល់មួយចំនួនពីប្រជាពលរដ្ឋ ថា ជាការដាក់បន្ទុកបន្ថែមលើពលរដ្ឋ គ្រាន់តែដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យតិចតួចប៉ុណ្ណោះ ក៏ត្រូវសុំច្បាប់ ជាដើម។
លោក ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បានបំភ្លឺ និងពន្យល់ដូច្នេះថា «ក្នុងគោលនយោបាយ តែងគិតគូរដល់ពលរដ្ឋពាក់ព័ន្ធថ្លៃ គ្រាន់ចង់បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋយើងធម្មតាមិនប៉ះពាល់អីទេ គឺថាអត់មានការបង់ថ្លៃ ហើយអាចនិយាយបានថា គ្របដណ្ដប់សឹងតែ៩៥%នៃអ្នកប្រើប្រាស់តាមលំនៅដ្ឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា ៩៥ភាគរយ អត់មានប៉ះពាល់អីទេ»។ ការបំភ្លឺបែបនេះរបស់លោក ទី នរិន្ទ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅស្នាក់នៅអាជ្ញាធរអគ្គិសនីកម្ពុជា។
បើតាមការថ្លែងឱ្យដឹងបន្ថែមដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននេះដែរ គឺបទបញ្ញត្តិស្ដីពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល បានចាប់អនុវត្តពីខែមីនា ឆ្នាំ២០២៤ ហើយដើម្បីឈានទៅអនុវត្តគោលការណ៍គ្រប់គ្រងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្ដីជូនដំណឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យទាំងអស់មកធ្វើស្វ័យប្រកាស។ ប៉ុន្តែក្រោយសេចក្ដីជូនដំណឹងនេះ មានតែ៩៤នាក់ប៉ុណ្ណោះដែលមកធ្វើស្វ័យប្រកាស ខណៈនៅមានចំនួនច្រើនទៀតមិនបានមកធ្វើស្វ័យប្រកាសសុំការអនុញ្ញាត។
ដូច្នេះហើយ ទើបអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាការម្លឹកដល់អ្នកប្រើប្រាស់ទាំងនោះឱ្យមកធ្វើស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន។ ប្រធានអាជ្ញាធរអគ្គិសនី បញ្ជាក់ថា មិនមានអ្វីប៉ះពាល់ដល់ពលរដ្ឋ ឬជាការកៀបសង្កត់ដាក់បន្ទុកបន្ថែមដល់ប្រជាពលរដ្ឋឡើយ កុំមានការភាន់ច្រឡំ។ ផ្ទុយទៅវិញ គោលការណ៍ដែលអនុវត្តពេលនេះ សម្រាប់តែអ្នកដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ប្រព័ន្ធប្រើប្រាស់ពីបណ្ដាញផ្គត់ផ្គង់ជាតិប៉ុណ្ណោះ។ ចំណែក ប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែក ដូចជា អំពូលសូឡាបំភ្លឺសាធារណៈ ឬបណ្ដាញប្រើប្រាស់តាមផ្ទះដោយពន្លឺព្រះអាទិត្យ និយាយជារួមប្រភេទលំនៅដ្ឋានទូទៅធម្មតា មិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។ នេះជាការបញ្ជាក់បន្ថែមដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។
លោក សង្កត់ធ្ងន់ថា លំនៅដ្ឋានដែលដំឡើងប្រព័ន្ធសូឡាមិនលើសពី១០គឺឡូវ៉ាត់ (ប្រមាណ៥០អំពែ) មិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត