Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំងសម្រេចបានទឹកប្រាក់ជាង ២០០ លានដុល្លារ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅវេទិកាធុរកិច្ចកម្ពុជា-បារាំង​លើកទី២ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះថា នៅក្នុងរយៈ​ពេល ៥ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង​បានកើនឡើង​ជា​លំ​ដាប់ និង​សម្រេចបានទឹកប្រាក់ ២០៦,៤១ លានដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនបារាំងជាច្រើន រាប់ចាប់ពីសហគ្រាស​ពហុជាតិ (MNE) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SME) បានបង្កើតមូលដ្ឋាន​នៅ​កម្ពុជា ដែលរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​មូលដ្ឋានគ្រឹះកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែល​កើត​ចេញ​ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិ​សាស្ត្រ​នយោ​​​​បាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះ​ប្រដាប់​អាវុធនៅមជ្ឍិមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបាន​អត្រាកំណើន​ប្រមាណ ៥% នៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើន​សេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤ ដែល​គន្លងសេដ្ឋកិច្ចដ៍រឹងមាំនេះ បានជំរុញឱ្យកម្ពុជាក្លាយជាគោល​ដៅវិនិយោគ​ដ៍លេច​ធ្លោ​មួយក្នុង​ចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យបណ្តាវិនិយោគិនបារាំងចាប់យកឱកាសវិនិយោគ នៅកម្ពុជា ខណៈទំនាក់ទំនងរវាងភាគីទាំងពីរបានកើនឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង។ 

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជំរុញឱ្យបណ្តាវិនិយោគិនបារាំង ក្រុមហ៊ុននានា អ្នកចាប់យកឱកាសនេះ ដើម្បីចាប់ដៃគ្នាភ្ជាប់ទំនាក់ទំនង និងចូលរួមជាមួយដៃគូអាជីវកម្មដ៏ល្អក្នុងប្រទេស កម្ពុជានៅក្នុងវេទិកាថ្ងៃនេះ ខណៈដែលទំហំពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា បានកើនឡើងជាលំដាប់។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានអនុម័តនូវគម្រោង​វិនិយោគចំនួន ១៩០ គម្រោង ​ជាមួយទុនសរុបប្រមាណ ៣,២ពាន់លានដុល្លារ កើនឡើងជាង ២ ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨​ ៥៧២​កន្លែង​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម