ព័ត៌មានជាតិ
គិតត្រឹមឆមាសទី ១ ឆ្នាំនេះ សមាជិក ប.ស.ស នៃក្រសួងការងារ កើនឡើងជាង ២,២ លាននាក់
សមាជិកសរុប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២ នាក់) គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។
លោក កត្តា អ៊ន បានបញ្ជាក់លំអិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករ-និយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។
លោកក៏បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) រួមមាន ៖ ប.ស.ស ផ្នែកថែទាំសុខភាពមានសមាជិកសរុបចំនួនជាង ២,២ លាននាក់ ក្នុងនោះមានកម្មករ-និយោជិតចំនួនជាង ១, ៥៦ លាននាក់ មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួនជាង ៤៣ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ១៧ ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៥,៦ ម៉ឺន។
ដោយឡែក ប.ស.ស ផ្នែកប្រាក់សោធន បានចុះបញ្ជិការោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករ-និយោជិតសកម្មចំនួនជាង ១,៥៦ លាននាក់ និងបានចុះបញ្ជិកាកម្មករ-និយោជិតដោយស្ម័គ្រចិត្តបានចំនួនជិត ៥ ពាននាក់។ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ សមាជិក ប.ស.ស ផ្នែកប្រាក់សោធន បានចុះបញ្ជិកាសមាជិកថ្មី ដែលមានរោងចក្រ សហគ្រាសជាកាតព្វកិច្ច ចំនួន ៣ ០១៣ មានកម្មករ-និយោជិតចំនួនជិត ១៣ ម៉ឺននាក់ និងបានចុះបញ្ជិកាកម្មករ-និយោជិតដោយស្ម័គ្រចិត្ត បានចំនួន ៩៤១ នាក់។
ចំណែក ប.ស.ស ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួនជាង ១,៨ លាននាក់ ក្នុងនោះកម្មករ-និយោជិតចំនួនជាង ១,៥៦ លាននាក់ មន្ត្រីរាជការសាធារណៈជាង ២៤,៦ ម៉ឺននាក់ និងបានអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករ-និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជាង ១៣,៦ ម៉ឺននាក់ ផងដែរ។
លោក កត្តា អ៊ន លើកឡើងថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
លោកបានគូសបញ្ជាក់បន្ថែមថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស។
លោកពន្យល់ថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់ទៀតថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក