ព័ត៌មានអន្ដរជាតិ
Honda ប្រកាសបញ្ចប់ផលិតកម្មរថយន្តនៅរោងចក្រក្រុងអយុធ្យា ខណៈការលក់ក្នុងស្រុកថៃធ្លាក់ចុះ
ក្រុមហ៊ុន Honda Automobile នៅថៃ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រក្នុងក្រុងអយុធ្យា ដោយផ្តុំការផលិតទាំងអស់នៅរោងចក្រ ក្នុងខេត្តប្រាចិនបុរីវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ការប្រកាសរបស់ក្រុមហ៊ុនដើមកំណើតជប៉ុនមួយនេះ ធ្វើឡើងចំពេលដែលការលក់រថយន្តក្នុងស្រុកថៃ បានធ្លាក់ចុះ ខណៈការប្រកួតប្រជែងលើវិស័យរថយន្តអគ្គិសនី ស្ទុះឡើងកាន់តែស្វិតស្វាញ ដោយមានក្រុមហ៊ុនចិនជាអ្នកវាយលុកទីផ្សារយ៉ាងឆាប់រហ័ស។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រោយបញ្ឈប់ការផលិតរថយន្តចាប់ពីឆ្នាំក្រោយទៅ រោងចក្រនៅអយុធ្យា នឹងត្រូវប្រើសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត ហើយការផលិតរថយន្តទាំងមូល នឹងផ្ដុំនៅរោងចក្រក្នុងខេត្ត ប្រាចិនបុរី ដែលបើកដំណើរការនៅឆ្នាំ ២០១៦។ ក្រុមហ៊ុន Honda មានរោងចក្រផលិតតែ២ នេះគត់ ក្នុងប្រទេសថៃ។
បើតាមបាងកកប៉ុស្តិ៍ សមត្ថភាពផលិតរថយន្តប្រចាំឆ្នាំនៅរោងចក្រទាំង ២ របស់ក្រុមហ៊ុន Honda បានធ្លាក់ចុះជាគំហុក ពី ២៧០ ០០០ គ្រឿង/ឆ្នាំ នៅឆ្នាំ ២០១៩ មកត្រឹម ១៥០ ០០០ គ្រឿង/ឆ្នាំ កាលពីឆ្នាំមុន។ ការលក់ប្រចាំឆ្នាំវិញ ក៏ធ្លាក់ចុះមកនៅត្រឹមក្រោម ១០០ ០០០ គ្រឿង ក្នុងរយៈពេលដូចគ្នាផងដែរ។
អ្នកនាំពាក្យដដែលរបស់ក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុន Honda និងក្រុមហ៊ុនមកពីជប៉ុនផ្សេងទៀត កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដូចជា BYD ជាដើម ខណៈការធ្លាក់ចុះនៃការនាំចេញរថយន្តពីថៃទៅកាន់ប្រទេសឥណ្ឌា ក៏ជាផ្នែកមួយធ្វើឱ្យរោងចក្រនៅអយុធ្យាត្រូវបញ្ឈប់ការផលិតផងដែរ។
អ្នកនាំពាក្យនិយាយយ៉ាងបន្ថែមយ៉ាងដូច្នេះថា៖ «យើងមិនឃើញពីកំណើនទីផ្សាររថយន្តនៅថៃ ដូចដែលយើងបានរំពឹងទុកនោះទេ។ យើងចង់ផ្តោតលើរថយន្តអគ្គិសនីវិញ ទាំងរថយន្តអគ្គិសនីសុទ្ធ ឬកូនកាត់ (ស៊ីសាំង និងបញ្ជូលភ្លើង)»។
ជុំវិញបញ្ហានេះ សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ក្រុមហ៊ុន Honda បានប្ដេជ្ញារក្សាបរិមាណផលិតកម្មបច្ចុប្បន្នរបស់ខ្លួន ទោះបីជាការប្រកួតប្រជែងកំពុងមានភាពតានតឹង ចំពេលមានសេដ្ឋកិច្ចក្នុងស្រុកធ្លាក់ចុះក៏ដោយ។ អនុប្រធាន FTI និងជាអ្នកនាំពាក្យក្លឹបឧស្សាហកម្មរថយន្ត លោក Surapong Paisitpatanapong និយាយថា៖ «ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងផ្លាស់ប្តូរឧស្សាហកម្មពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តជប៉ុនត្រូវឆ្លើយតបប្រកបដោយការប្រកួតប្រជែង»។
ការប្រកាសដដែលរបស់ Honda ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន បើកដំណើរការរោងចក្រផលិតរបស់ខ្លួននៅក្នុងប្រទេសថៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ