ព័ត៌មានជាតិ
ដាំកូនឈើ ១ ម៉ឺនដើម បន្ថែមទៀត ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ សមាគមទូកមាសកង្រី បានរៀបចំយុទ្ធនាការដាំកូនឈើ ១០ ០០០ ដើម ដោយមានការឧបត្ថម្ភពីមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន និងសហការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនទៀត ក្នុងគោលបំណងបំផុសស្មារតីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ និងការសង្គ្រោះភពផែនដី ជាពិសេសការស្ដារឡើងវិញនូវចំនួនព្រៃឈើ។
យុទ្ធនាការនេះ មានការចូលរួមពីអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន លោកជំទាវ ហេង សុខា តំណាងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ឆេង ផល្លា អភិបាលរងស្រុកកំពង់លែង លោក គឹម យឿម ប្រធានសមាគមទូកមាសកង្រី ក្រុម Miss Planet Cambodia តំណាងក្រុមហ៊ុន បានសហការឧបត្ថម្ភ រួមមានក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប ក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុន ដូនពេញ ត្រេឌីង ធនាគារឯកទេស ដូនពេញ ក្រុមហ៊ុនធានារ៉ាប់រង ភីភល&ផាតនើ ក្រុមហ៊ុន ដូនពេញ ព្រីខាស ផ្លេន និងក្រុមហ៊ុន អ៊ី&អេ ខនសាល់ធេន ព្រមទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកកំពង់លែង សរុបប្រមាណ ៤០០ នាក់ ប្រកបដោយភាពរីករាយបំផុត។
លោក អ៉ឹង ស៊ីវខូវ តំណាងមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថា មូលនិធិបានសហការជាមួយសមាគមទូកមាសកង្រី រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៣ លើក មកហើយ សរុបកូនឈើប្រមាណ ២ ម៉ឺនដើម ក្នុងនោះកាលឆ្នាំ ២០២២ ចំនួន ៤ ពាន់ដើម, ២០២៣ ចំនួនជាង ៥ ពាន់ដើម ហើយឆ្នាំនេះ ២០២៤ ដាំចំនួន ១ ម៉ឺនដើម បន្ថែមទៀត រួមមាន គ្រញូងចំនួន ២ ៥០០ ដើម ឈើទាលចំនួន ២ ៥០០ ដើម ផ្តៀកចំនួន ២ ៥០០ ដើម ឈើបេង និងប្រភេទឈើចម្រុះចំនួន ២ ៥០០ ដើម ដោយកូនឈើទាំងអស់ត្រូវបានដាំនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី-ភ្នំទូកមាស ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលនេះជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ក្នុងការអភិរក្សធនធានធម្មជាតិ និងធ្វើឱ្យស្រុកកំពង់លែងប្រែក្លាយមុខមាត់ជាតំបន់ដែលមានធម្មជាតិបៃតងស្រស់បំព្រង និងជាតំបន់ទេសចរណ៍បែបចម្រុះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់មូលនិធិ និងសមាគម ក្នុងការបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី សំដៅធ្វើយ៉ាងណាចូលរួមថែរក្សា ការពារតំបន់អភិរក្សធនធានធម្មជាតិនេះបានគង់វង្សយូរអង្វែង។ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ក៏បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅនូវកិច្ចសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដែលមានចក្ខុវិស័យ និងគោលដៅប្រហាក់ប្រហែលគ្នា ក្នុងបុព្វហេតុសង្គមកម្ពុជាជារួម ពិសេសក្នុងទឹកដី នៃស្រុកកំពង់លែងនេះ។
លោកបានបន្តថា ពិធីដាំកូនឈើថ្ងៃនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមចំណែកសម្រេចបាននូវផែនការការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការស្តារធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងការចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន។
លោក ឆេង ផល្លា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែង បានថ្លែងកោតសរសើរដល់សមាគមទូកមាសកង្រី និងមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ដែលបានបង្កើតយុទ្ធនាការដាំកូនឈើជាបន្តបន្ទាប់ ហើយនេះជាសកម្មភាពដ៏ប្រពៃ ក្នុងការបំផុសចលនាដាំដើមឈើឡើងវិញ និងបណ្ដុះគំនិតឱ្យប្រជាពលរដ្ឋស្រលាញ់ ថែរក្សា ការពារ ព្រៃឈើ និងបរិស្ថានធម្មជាតិក្នុងស្រុកកំពង់លែង ក៏ដូចជាទូទាំងប្រទេសផងដែរ។ ក្នុងនាមជាអាជ្ញាធរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពកាប់បំផ្លាញទន្ទ្រានព្រៃឈើ ការធ្វើជំនួញដីព្រៃសហគមន៍ខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិនានា៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ