Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស ចំនួន ៣២០ នាក់ ហើយ បានដាក់ឯកសារ​ស្នើសុំប្រាក់សោធន

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​រង នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ បានឱ្យដឹងថា​ សមាជិក ប​.​ស​.​ស​. សរុប​ចំនួន ៣២០​ នាក់​ហើយ​ដែល​បានដាក់​ឯកសារ​ស្នើសុំ​ប្រាក់​សោធន ក្នុងនោះ សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​មាន​ចំនួន ១២០ ​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ​បាន​បន្តថា ​ក្នុងចំណោម​សមាជិក ​ប​.​ស​.​ស​. ចំនួន​ ៣២០ ​នាក់ ​ក្នុងនោះ​មាន​សមាជិក ប​.​ស​.​ស​. សរុប​ចំនួន ១២ ​នាក់ បាន​ក្លាយជា​សោធនិក​ដំបូង​គេ ដែល​នឹង​ទទួលបាន​អត្ថប្រយោជន៍​របប​សន្តិ​សុខសង្គម​ផ្នែក​ប្រាក់​សោធន (​ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​រ៉ឺត្រែត​) ពី ប​.​ស​.​ស​. គិត​ត្រឹម​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ​ ២០២៤។

លោក​បណ្ឌិត​ បានបញ្ជាក់​ទៀតថា ក្នុងចំណោម​សោធនិក​ទាំង ១២ ​នាក់​ខាងលើ មាន​សោធនិក​ចំនួន ៣​ រូប ទទួលបាន​ប្រាក់​សោធន​ជរាភាព​អយ្យក​ប្បញ្ញត្តិ​, ៤ ​រូប ទទួលបាន​ប្រាក់​សោធន​ជរាភាព​, និង ៥ ​រូប​ទៀត ទទួលបាន​វិភាជន៍​ជរាភាព។

លោក គង់ រ៉ន អាយុ ៦២ ​ឆ្នាំ បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយកន្លែង ដែលជា​សោធនិក​ម្នាក់ ក្នុងចំណោម​សោធនិក​ជាច្រើន​នាក់​ផ្សេងទៀត ដែល​បានមក​ចុះឈ្មោះ​ស្នើសុំ​ប្រាក់​សោធន​នៅ​ទីស្នាក់ការ​កណ្តាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ បានបង្ហាញ​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​ខ្លាំង​ណាស់ ដែល​លោក​អាច​ទទួលបាន​ប្រាក់​សោធន (​ប្រាក់​រ៉ឺ​ត្រែ​ត​) ពី ប​.​ស​.​ស​.​។

លោក​បាន​បន្តថា លោក​មិន​ធ្លាប់​នឹកស្មានថា​មាន​ថ្ងៃ​នេះឡើយ ព្រោះ​ធ្លាប់តែ​ឮ​ថា ទាល់តែ​មន្ត្រីរាជការ​ទើប​អាចមាន​ប្រាក់​សោធន (​ប្រាក់​រ៉ឺ​ត្រែ​ត​) នេះ​។ លោក​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​មិន​ធ្លាប់មាន​នោះឡើយ គឺមាន​តែ​ក្នុងសម័យ​សន្តិភាព ដែល​ខិតខំ​កសាង ការពារ និង​រក្សា​ដោយ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​កសាង ការពារ និង​ដឹកនាំ​ដោយ​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែប៉ុណ្ណោះ ដែល​​ប្រជាពលរដ្ឋ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក៏​អាច​ទទួលបាន​ប្រាក់​សោធន (​ប្រាក់​រ៉ឺ​ត្រែ​ត​) ដូច​ទៅនឹង​មន្ត្រីរាជការ​ដែរ។

គួរ​បញ្ជាក់ថា​ ដើម្បី​អាច​ស្នើសុំ​ប្រាក់​សោធន​ជរាភាព (​ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​រ៉ឺ​ត្រែ​ត​) សមាជិក ប​.​ស​.​ស​. ត្រូវបំពេញ​លក្ខខណ្ឌ​កំណត់​មួយចំនួន​រួមមាន ​៖ (១)- បាន​ចុះបញ្ជី​នៅ ប​.​ស​.​ស​. ផ្នែក​ប្រាក់​សោធន (២)- បាន​បង់​ភាគទាន​មក ប​.​ស​.​ស​. បាន​យ៉ាងតិច ១២​ ខែ និង (៣)- ត្រូវមាន​អាយុ​យ៉ាងតិច ៦០ ​ឆ្នាំ និង​ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ​ មួយចំនួន រួមមាន ៖ (១)- ប័ណ្ណសមាជិក ប​.​ស​.​ស​. ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម (​មាន​សុពលភាព​) ឬ​លិខិតឆ្លងដែន (​ជនបរទេស​) (៣)- សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និង​សេចក្តីចម្លង​បញ្ជាក់​សំបុត្រកំណើត​កូន (​បើ​មាន​) និង (៤)- ត្រូវមាន​លេខ​គណនី​ធនាគារ​អេស៊ីលីដា ឬ​លេខ​គណនី​ធនាគារ​កាណាឌីយ៉ា​។

សូម​រំលឹក​ថា គិត​ត្រឹម​ថ្ងៃទី ១៨ ខែ​មិថុនា ​ឆ្នាំ​ ២០២៤​ បេឡា​ជាតិ​សន្តិសុខ​សង្គម​មាន​សមាជិក​ចំនួន ២,២ ​លាន​នាក់ ​ក្នុងចំណោម​នោះ ​សមាជិក ប​.​ស​.​ស​.​ ជា​បុគ្គល​ស្ថិតក្រោម​វិស័យ​សាធារណៈ​ជាង ៤៣ ម៉ឺន​នាក់ បុគ្គល​ស្ថិតក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ​ជាង ១,៥ ​លាន​នាក់​ និង​បុគ្គល​ស្វ័យ​និ​យោជន៍ ២២​ ម៉ឺន​នាក់​ ព្រមទាំង​អ្នក​ក្នុង​បន្ទុក​សមាជិក​ ប​.​ស​.​ស ៦,៦​ ម៉ឺន​នាក់ ​ដែល​កំពុងមាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម