Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកឯកភ្នំ លែងខ្វះត្រីសម្រាប់ធ្វើប្រហុក​នារយៈពេល ២ ឆ្នាំចុងក្រោយមកនេះ

បានផុស

នៅ

ក្នុង​សកម្មភាព​ដ៏​មមាញឹក និង​ស្ទាត់ជំនាញ​របស់​ស្ត្រី​នៅ​ក្នុង​សហគមន៍​ ក៏ដូចជា​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​នីមួយៗ​របស់​ប្រជា​​ពលរដ្ឋ នៅ​​ភូមិ​ព្រែក​ទល់ ពួក​គេ​នៅ​តែ​ប្រកប​របរ​ធ្វើ​ត្រី​ប្រហុក​ បើ​ទោះ​បី​ជា​រដូវ​កាល​ប្រមូល​ផល​​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ត្រូវ​​បាន​បិទ​បញ្ចប់​តាំងពី​ខែ​មេសា រហូត​មកដល់​ពេលនេះក៏​​ប្រជា​នេសាទ​នៅ​តែ​មាន​ត្រី​ធ្វើ​បន្ត​បន្ថែម​ទៀត​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តុន ណៃ អ្នក​គ្រប់គ្រង​ផ្នែក​អេកូទេសចរណ៍​ដែន​បឹង​ទន្លេសាប ក្នុង​តំបន់​ភូមិ​ព្រែក​ទល់ប្រាប់កម្ពុជាថ្មីថា ឆ្នាំនេះ​ក៏មិន​ខុសឆ្នាំមុនដែរ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ភូមិ​ព្រែកទល់ ក៏​ដូច​ជា​ភូមិ​ផ្សេងៗ​ទៀត​ ស្ថិតក្នុងឃុំ​កោះ​ជីវាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង បាន​ពឹងផ្អែក​សេដ្ឋកិច្ច​គ្រួសារ​ទៅលើមុខ​របរ​នេសាទ​ត​ជំនាន់​ជា​លក្ខណៈ​គ្រួសារ​ជា​រៀងរាល់​ឆ្នាំ ដោយ​ចាប់ពី​ខែធ្នូ មកដល់ខែ​មេសា គ្រួសារ​នីមួយៗ ​មមាញឹក​ក្នុង​ការ​នេសាទប្រភេទ​ត្រី​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើ ដើម្បី​បម្រុង​ទុក​សម្រាប់​គ្រួសារ​បរិភោគ​ប្រចាំ​ឆ្នាំ​ផង និង​បាន​លក់​លើ​ទីផ្សារ​រក​ថវិកា​ខ្លះ​ៗ ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ផង។

លោកបន្តថា ដល់​រដូវ​ទឹក​សម្រក​ពួកគាត់​ក៏​ឆ្លៀត​ដាំ​បន្លែ​​លក់​បន្ថែម​នៅ​លើទំហំ​ដីតូច ឬធំ​តាមដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋបាល​ខេត្ត​ពិនិត្យ និង​កាត់​ឆ្វៀល​​ឲ្យពួក​គាត់​តាមគ្រួសារ​នីមួយៗ​ មានសិទ្ធកាន់កាប់​ និងអាស្រ័យផល ដោយ​ស្របច្បាប់។

លោកថា ការរស់នៅប្រចាំថ្ងៃរបស់​អ្នកភូមិព្រែកទល់ ក៏​ដូចជា​មនុស្សទូទៅ​អ្វីដែលសំខាន់ គឺប្រហុក ឬផ្អក ដែលជា​ប្រភព​ម្ហូប​រួម​​ផ្សំ​ដ៏ចាំបាច់​បំផុត​សម្រាប់​កែច្នៃ​ធ្វើ​ជា​ម្ហូបអាហារ​បាន​ច្រើន​យ៉ាង​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ។

លោកបន្តថា៖ «ពួកយើង​សប្បាយ​ចិត្ត​ពេលឃើញ​មាន​ប្រភេទ​ត្រី​ប្រហុក​​សម្បូរ​បែប​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដល់​អ្នកភូមិ​ស្រុក ដែល​មានដូចជា ត្រី​កំភ្លាញ និង​ត្រីរ៉ស់ ជាដើម នេះ​មកពីខាងមន្ត្រីជំនាញបានទប់ស្កាត់​បានល្អពីក្រុម​អ្នកប្រព្រឹត្ត​បទល្មើស ដែល​បាន​ចាប់​ប្រមូល​លក់​ឲ្យក្រុមឈ្មួញដែលចិញ្ចឹមត្រីរ៉ស់ និង​ត្រី​ឆ្តោ ដើម្បី​ធ្វើជា​ចំណី ទើប​២ឆ្នាំចុងក្រោយនេះ​ប្រជាពលរដ្ឋ​​យើង​មិន​ខ្វះ​ប្រហុក ឬ​ផ្អក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​លើទីផ្សារ​ក្នុងស្រុក»។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ផ្ទះ​បណ្តែត​ទឹក​បានលើកឡើង​ប្រហាក់​ប្រហែល​គ្នា​ថា៖ «ពួកគាត់​ហាក់មិន​ព្រួយ​បារម្ភ​រឿង​ការ​ហូប​ចុក​ប្រចាំថ្ងៃប៉ុន្មាទេ រយៈ​ពេល ២ឆ្នាំចុងក្រោយនេះ ដោយ​អាស្រ័យ​លើការនេសាទ​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ប្រហុក ផ្អក ត្រី ឆ្អើ បានគ្រប់គ្រាន់​បាន​ទាំង​លក់​លើទីផ្សារ​ បាន​ទាំង​សល់ទុក​សម្រាប់​បម្រើ​ដល់​ការ​ហូប​ចុក​ក្នុង​​គ្រួសារ​ប្រចាំ​ឆ្នាំ​បានគ្រប់គ្រាន់ផង»។

ជា​មួយ​គ្នា​នេះ អ្នកស្រី ម៉េង សារ៉ាន់ បាន​ឲ្យ​ដឹង​ថា ត្រី​ដែល​កំពុង​តែ​ធ្វើ​នេះ គឺ​ជា​ត្រីប្រហុក​ប្រភេទ​ត្រីកំភ្លាញ ដែល​នេសាទ​ក្នុង​រដូវ​​ចុង​ក្រោយ​ក្នុងខែមេសា បាន​នៅ​សេសសល់​សម្រាប់​ប្រស់​ទុក ហើយយក​មកធ្វើនៅថ្ងៃនេះតែ​ម្តង ដើម្បី​តម្រូវការ​លើ​ទីផ្សារ។

អ្នកស្រីថា៖ «ឃើញ​មានត្រីប្រហុក​សម្បូរ​អី​ចឹង ម្នាក់ៗសប្បាយចិត្ត​ធ្វើអត់ដឹងថា​នឿយហត់​នោះទេ​តែ​បើកាល​ពី​ដូវកាល​រក​មិន​បាន​មានអារម្ភថា ដូច​ជា​ធុញថប់​ទៅវិញ​អត់ចង់ធ្វើអី្វ​ទាំងអស់»។

លោក ជួង សុភា នាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ឲ្យដឹង​ថា បើ​គឹត​ត្រឹម​​ខែ​មិថុនា ឆ្នាំ​២០២៤នេះ មាន​រយៈ​ពេល ០៦ខែ ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​អនុវត្ត​បាន​ចំនួន ១៥,១០០តោន។

ការ​នេសាទ​តាមវាលស្រែ អនុវត្ត​បាន​ចំនួន ៨,៤៣៥តោន។ ក្នុង​នោះ​ដែរ​ការកែច្នៃផល​ផលិតផល​ជលផល អនុវត្ត​បាន​ចំនួន ៤,២៩៣តោន មានដូច​ជា ប្រហុក ផ្អកមាំ ត្រីឆ្អើរ ត្រីងៀត ត្រីហាល សម្រាប់​ធ្វើ​ចំណី​សត្វ​ និង​ត្រី​ប្រលាក់ ជាដើម៕

អត្ថបទ​៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម