ព័ត៌មានអន្ដរជាតិ
លំហូរទំនិញថោកៗរបស់ចិន ជំរុញការបិទរោងចក្រផលិតកម្មនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍
ទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចិន ត្រូវបានអ្នកវិភាគមើលឃើញថា កាន់តែរឹងមាំ និងធំទៅៗ ប៉ុន្តែក៏បង្ហាញពីភាពងាយរងគ្រោះផ្សេងៗដែលប្លុកទាំង១០ប្រទេសត្រូវប្រឈមមុខផងដែរ ជាពិសេសគឺអតុល្យភាពនៃពាណិជ្ជកម្ម ដែលអាស៊ានត្រូវនាំចូលលើសលុប ច្រើនជាងនាំចេញទៅចិន។
អំណោយផលសម្រាប់ទីផ្សារនាំចេញរបស់ចិន ត្រូវបានគេផ្សារភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងសំខាន់ៗក្នុងតំបន់ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម។ កិច្ចព្រមព្រៀងទាំងនេះ បានជួញពន្លឿនកំណើនពាណិជ្ជកម្មតាមរយៈការកាត់បន្ថយពន្ធគយ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែជិតស្និត។
យ៉ាងណាមិញ ហានិភ័យនោះគឺថា កិច្ចព្រមព្រៀងទាំងនេះបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរទៅតាមវិស័យមួយចំនួនសម្រាប់បណ្ដាប្រទេសសមាជិកអាស៊ានផ្សេងៗ ជាពិសេសថៃ និងឥណ្ឌូណេស៊ី ដោយបើកផ្លូវឱ្យចិនអាចបង្ហូរទំនិញថោកៗរបស់ខ្លួនចូលទៅក្នុងតំបន់។ បញ្ហានេះបានធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលចិនបង្កើនការធ្វើពិពិធកម្មផលិតកម្ម និងនាំចេញ ក្រោមសម្ពាធសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងវិធានការតម្លើងពន្ធនាំចូលពីបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ក្រុមប៉េកាំង។
ទំនិញថោកៗរបស់ចិនជន់លិចទីផ្សារ បានក្លាយជាបញ្ហាគួបផ្សំដ៏ធំ ដែលធ្វើឱ្យក្រុមហ៊ុនផលិតកម្ម ឧស្សាហកម្មនៅថៃ ក៏ដូចជាឥណ្ឌូណេស៊ី ត្រូវប្រឈមមុខ ហើយជួយបង្កើនកំណើននៃការបិទទ្វារោងចក្រនៅក្នុងប្រទេសទាំងនេះ ដែលក្លាយជាឧបសគ្គមួយចោទសម្រាប់កំណើនសេដ្ឋកិច្ចរបស់ពួកគេ ដែលយឺតយ៉ាវរួចស្រាប់ទៅហើយនោះ។
កាលពីខែឧសភា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki Motor បានប្រកាសថា ខ្លួននឹងបិទរោងចក្រទាំងអស់នៅក្នុងប្រទេសថៃនាចុងឆ្នាំ ២០២៥ ខាងមុខ។ មិនបានប៉ុន្មានផង ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយទៀត Subaru Automotive ក៏បានប្រកាសពីការសម្រេចចិត្តដូចគ្នា ចាប់ពីចុងឆ្នាំ ២០២៤ នេះទៅ។ និងចុងក្រោយបំផុត កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Honda Automobile នៅថៃ បានប្រកាសថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រក្នុងក្រុងអយុធ្យា ដោយផ្តុំការផលិតទាំងអស់នៅរោងចក្រ ក្នុងខេត្តប្រាចិនបុរីវិញ។ អ្នកសេដ្ឋកិច្ច ក៏ដូចជាក្រុមហ៊ុនទាំងនេះផ្ទាល់ បានផ្សារភ្ជាប់ការសម្រេចចិត្តបិទរោងចក្រផលិតកម្មរបស់ខ្លួន ទៅនឹងការខាតបង់ជាបន្តបន្ទាប់ ដែលកាន់តែអាក្រក់ៗទៅ នៅពេលដែលលំហូររថយន្តអគ្គិសនីចិនវាយលុកផ្ដាច់មុខលើទីផ្សាររថយន្តនៅថៃ។
យ៉ាងណាមិញ នេះគ្រាន់តែជាឧទាហរណ៍ជាក់ស្ដែងមួយប៉ុណ្ណោះ ក្នុងចំណោមរោងចក្ររាប់ពាន់នៅក្នុងប្រទេសថៃ ផ្សេងៗទៀត ដែលរងសម្ពាធពីទំនិញថោកៗចិន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីពេលថ្មីៗនេះ ប្រមាណជិត ២ ០០០ រោងចក្រនៅថៃ បានបិទទ្វារកាលពីឆ្នាំមុន ដែលបង្ហាញអំពីការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៃវិស័យផលិតកម្មរបស់ថៃ ដែលរួមចំណែកជិត១/៤ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ ការណ៍នេះ បានក្លាយជាឆ្អឹងទទឹងកមួយសម្រាប់ផែនការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៥ ភាគរយ របស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវ៉ីស៊ីន ក្នុងអំឡុងលោកកាន់អំណាចរយៈពេល៤ឆ្នាំ។ សេដ្ឋកិច្ចថៃរំពឹងថានឹងមានកំណើនត្រឹមតែ ២,៥ ភាគរយប៉ុណ្ណេះ នៅឆ្នាំនេះ។
ទិន្នន័យចុងក្រោយរបស់នាយកដ្ឋានការងារឧស្សាហកម្មថៃវិញ បានបង្ហាញថា ការបិទរោងចក្រនៅចន្លោះពីខែកក្កដា ឆ្នាំមុន ដល់ខែមិថុនា ឆ្នាំនេះ បានកើនឡើង ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាមុននោះ ដែលជាលទ្ធផល ការបាត់បង់ការងារបានកើនឡើង ៨០ ភាគរយ ធ្វើឱ្យកម្មករជាង ៥១ ៥០០ នាក់ គ្មានការងារធ្វើ។
ជាមួយគ្នានោះ អ្នកវិភាគលើកឡើងថា រោងចក្រផលិតកម្មតូចៗរបស់ថៃ បានប្រឈមមុខនឹងតម្លៃផលិតកម្ម ថាមពល និងប្រាក់ឈ្នួលរួចទៅហើយ ខណៈការប្រកួតប្រជែងជាមួយនឹងទំនិញចិន ធ្វើឱ្យពួកគេកាន់តែមានភាពត្រដាបត្រដួស ទៅៗ។
ប្រធានទីភ្នាក់ងារផែនការរដ្ឋនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ លោក Supavud Saicheua បានបានប្រាប់រ៉យទ័រថា គំរូសេដ្ឋកិច្ចថៃដែលជំរុញដោយការផលិតអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ បានខូចទ្រង់ទ្រាយបាត់ទៅហើយ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ចិនកំពុងព្យាយាមនាំចេញខាងឆ្វេងផង ស្តាំផង និងកណ្តាល ផង។ ទំនិញនាំចូលថោកៗទាំងនោះ ពិតជាកំពុងបង្កបញ្ហា»។
មិនមែនតែថៃទេ ដែលរងសម្ពាធនៃទំនិញថោកៗរបស់ចិន ដោយឥណ្ឌូណេស៊ីឯណោះវិញ ក៏ជាប្រទេសមួយក្នុងតំបន់ ដែលបានជួបប្រទះបញ្ហាដូចគ្នា។ បើទោះបីជាមិនធ្ងន់ធ្ងរជាទូលំទូលាយដូចថៃក៏ដោយ វិស័យវាយនភណ្ឌរបស់ប្រទេសកោះមួយនេះ បានធ្លាក់ចូលទៅក្នុងភាពដុនដាប ក្នុងកម្រិតដែលអាចនឹងដួលរលំ មុនពេលរដ្ឋាភិបាលចេញចំណាត់ការតឹងរ៉ឹងវិញកាលពីពេលថ្មីនេះ។
កាលពីចុងមិថុនា សហព័ន្ធសហជីពឥណ្ឌូណេស៊ី (KSPN) បានព្រមានថា កម្មករផ្នែកវាយនភណ្ឌ និងផលិតផលវាយនភណ្ឌជាង ៥០ ០០០ នាក់របស់ឥណ្ឌូណេស៊ី ត្រូវបានបញ្ឈប់ពីការងារក្នុងឆ្នាំ ២០២៤ដោយសារតែការបន្ថយផលិតកម្ម និងការបិទទ្វាររោងចក្រកាន់តែច្រើន។ ការណ៍នេះ អាចបណ្ដាលឱ្យវិស័យវាយនភណ្ឌឥណ្ឌូណេស៊ីដួលរលំ ដោយសារតែទីផ្សារក្នុងស្រុកត្រូវបានជន់លិចដោយទំនិញនាំចូលពីបរទេស ជាពិសេសចិន ខណៈការបញ្ជាទិញក៏ធ្លាក់ចុះ។
រលកនៃការបិទរោងចក្រវាយនភ័ណ្ឌឥណ្ឌូណេស៊ីកើតឡើង ក្រោយឥណ្ឌូណេស៊ីធ្វើវិសោធនកម្មបន្ធូរបន្ថយបទបញ្ជារដ្ឋមន្ត្រីពាណិជ្ជកម្ម ទាក់ទងនឹងគោលនយោបាយ និងបទប្បញ្ញត្តិនាំចូល ដែលបង្កឱ្យសម្លៀកបំពាក់នាំចូលជន់លិចទីផ្សារក្នុងស្រុក។ កាលនោះ KSPN បានព្រមានថា ឧស្សាហកម្មវាយនភណ្ឌឥណ្ឌូណេស៊ី មិនអាចប្រកួតប្រជែងជាមួយផលិតផលវាយនភ័ណ្ឌបរទេសបានទេ ដោយសារតម្លៃរបស់គេថោកជាង។
ឆ្លើយតបនឹងកង្វល់បែបនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចចិត្តដាក់ពន្ធនាំចូលចាប់ពី ១០០ ភាគរយដល់ ២០០ ភាគរយលើទំនិញវាយនភណ្ឌ ដែលនាំចូលជាចម្បងពីប្រទេសចិន ដោយលើកឡើងពីអ្វីដែលលោកខាងលិចចោទប្រកាន់ចិនគឺ «ការប្រកួតប្រជែងដោយមិនស្មើភាពគ្នា» នៅលើទីផ្សារ។
យ៉ាងណាមិញ ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏រងការរិះគន់ផងដែរថា វាអាចនឹងមានផលប៉ះពាល់ដល់អន្តរទំនាក់ទំនងទាំងសេដ្ឋកិច្ច និងការទូតជាមួយចិន។ ក្រុមអ្នករិះគន់ថា ឥណ្ឌូណេស៊ីគួរតែគិតគូរលើចំណាត់ការប្រកបដោយតុល្យភាព ដើម្បីជាប្រយោជន៍សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចទៅពេលអនាគតវែងឆ្ងាយ ព្រោះវិធានការដាក់ពន្ធចុងក្រោយនេះ អាចត្រូវបានមើលឃើញថា ជាវិធានការការពារនិយមកំណត់គោលដៅលើចិន។
ប៉ុន្តែមន្រ្តីឥណ្ឌូណេស៊ីលើកឡើងថា ពន្ធរបស់ខ្លួនជាផ្នែកមួយនៃវិធានការការពារដ៏គ្រប់ជ្រុងជ្រោយ ក្នុងបំណងការពារឧស្សាហកម្មផ្សេងៗក្រៅតែពីវាយនភណ្ឌ ហើយចំណាត់ការនេះ មិនមែនជាការវាយប្រហារគោលដៅលើទំនិញចិនតែមួយមុខនោះទេ ប៉ុន្តែជាយន្តការការពារយុទ្ធសាស្ត្រប្រឆាំងនឹងផលិតផលនាំចូលពីប្រទេសផ្សេងៗរួមមាន សេរ៉ាមិច គ្រឿងសម្អាង អេឡិចត្រូនិក ស្បែកជើង និងសម្លៀកបំពាក់ជាដើម។
ងាកទៅថៃឯណោះវិញ វិធានការពន្ធដូចឥណ្ឌូណេស៊ី និងលោកខាងលិច អាចជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់ខ្លួន បើគិតពីទំនាក់ទំនងដែលប្រទេសនេះមានជាមួយចិន រួមទាំងការវិនិយោគដោយផ្ទាល់ និងវិស័យទេសចរណ៍ ដើម្បីជៀសវាងភាពល្អកកករ ទោះបីជារងសម្ពាធពីទំនិញថោកចិនក៏ដោយ។
យ៉ាងណាមិញ ចាប់ពីខែនេះ ប្រទេសថៃត្រូវប្រមូលពន្ធលើតម្លៃបន្ថែម ៧ ភាគរយ លើទំនិញនាំចូលថោកដែលមានតម្លៃទាបជាង ១ ៥០០ បាតថៃ (៤១ ដុល្លារ) ដែលភាគច្រើនមកពីប្រទេសចិន ប៉ុន្តែផលិតផលទាំងនោះ នៅតែទទួលបានការលើកលែងពីពន្ធគយ។
ក្រៅតែពីជម្រើសពន្ធ លោក Supavud បាននិយាយប្រាប់រ៉យទ័រថា ប្រទេសថៃគួរតែផ្តោតឡើងវិញ លើការផលិតផលិតផលដែលចិនមិនបាននាំចេញ ខណៈពង្រឹងវិស័យកសិកម្មខ្លួន «ត្រូវតែផ្លាស់ប្ដូរ គ្មានលេសនេះ ឬនោះទេ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ