Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យប្រាប់អ្នកកាសែតកុំឱ្យដើរតួនាទីជំនួសអាជ្ញាធរ ឬជំនួសតុលាការ ក្រោយអ្នកកាសែត៦នាក់បានធ្វើខុសវិជ្ជាជីវៈ

បានផុស

នៅ

«អ្នកសារព័ត៌មានមិនត្រូវដើរតួនាទីជំនួសឱ្យអាជ្ញាធរមានសមត្ថកិច្ច ឬជំនួសតុលាការឡើយ»។ នេះ គឺជាការក្រើនរំឮកជាថ្មីម្តងទៀតរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ ការក្រើនរំឮកនេះ គឺបន្ទាប់ពីនៅក្នុងរយៈពេល៦ខែ នៅក្នុងឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយព្រមទទួលស្គាល់កំហុសនោះ មានចំនួនសរុប ៦ករណី ដោយធ្វើការសុំទោសជាផ្លូវការ និងព្រមកែប្រែធ្វើឱ្យប្រសើរឡើងតាមក្រមសីលធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទេព អស្នារិទ្ធ បានចាត់ទុកការព្រមទទួលស្គាល់កំហុស និងកែប្រែកំហុសរបស់អ្នកសារព័ត៌មានទាំងនេះថា គឺជាទង្វើត្រឹមត្រូវក្នុងការអនុវត្តតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈខ្លួន។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបំពេញតួនាទី និងភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈ ដោយភាពស្មោះត្រង់ពិតប្រាកដរបស់អ្នកសារព័ត៌មាន ទើបជាការចូលរួមលើកតម្កើងគុណតម្លៃអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យផ្តល់តម្លៃលើការចូលរួមតាមរយៈកិច្ចសហការ លើព័ត៌មានប្រកបដោយភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរយ៉ាងទទូចផងដែរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវបន្តដុសខាត់ចំណេះដឹងនិងសមត្ថភាពជំនាញ ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយដោយតម្លាភាព ភាពស្មោះត្រង់ និងវិជ្ជាជីវៈ ដើម្បីធានាគុណសារព័ត៌មានរួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ នេះបើតាមលោក ទេព អស្នារិទ្ធ ដដែល។

ក្រៅពីលើកទឹកចិត្ត និងសំណូមពរទាំងនេះ លោក ទេព អស្នារិទ្ធ ក៏បានអះអាងឱ្យដឹងដែរថា ការផ្តល់ការគាំពារ និងការការពារផ្នែកផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ គឺជាអាទិភាពចម្បងមួយ និងជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា។ អ្នកសារព័ត៌​មានដែលបានចុះបញ្ជី ហើយបានជួបប្រទះនឹងបញ្ហា ឬវិវាទនានាក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីក្នុងក្របខណ្ឌច្បាប់កំណត់ ក្រសួងទទួលពិនិត្យសំណើលើករណីវិវាទទាំងនោះដើម្បីផ្តល់ការការពារ តាមរយៈការសម្របសម្រួល ការប្រឹក្សាផ្នែកច្បាប់ ដើម្បីស្វែងរកដំណោះស្រាយ និងតាមរយៈការផ្តល់មេធាវីសម្រាប់ការពារក្តីក្នុងតុលាការជូនអ្នកសារព័ត៌មានផងដែរ។

ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានសម្របសម្រួលវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានសរុបចំនួន ២០ករណី និងកំពុងដំណើរការផ្តល់មេធាវីការពារក្តីក្នុងតុលាការសម្រាប់ករណីវិវាទមួយចំនួនទៀតផងដែរ។ ចំណែក នៅក្នុងឆ្នាំ ២០២៣ ក្រសួងព័ត៌មាន បានដោះស្រាយវិវាទរបស់អ្នកសារព័ត៌មានសរុបចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើកផ្សេងទៀត។ ក្នុងឆ្នាំ២០២៣ដដែល ក្រសួងក៏បានផ្តល់មេធាវីការពារក្តីហើយទទួលបានជោគជ័យសរុបចំនួន ១១ ករណី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៦ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម