ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ពន្យារពេលរើទៅកាន់រដ្ឋធានីថ្មី បង្កការសង្ស័យដល់សាធារណៈ
លោក Joko Widodo បានប្រកាសពីការពន្យារពេលផ្លាស់ប្ដូរការិយាល័យថ្មីរបស់លោកទៅកាន់ទីតាំងរដ្ឋធានីថ្មី “នូសាន់តារ៉ា” ក្រោមហេតុផលថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីនោះធ្វើមិនទាន់កាលវិភាគដែលបានគ្រោងទុក។ កត្តានេះ បានបង្កជាការសង្ស័យសាជាថ្មីម្ដងទៀតទៅលើគម្រោងរដ្ឋធានីថ្មីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលមានតម្លៃ៣២ពាន់លានដុល្លារ បន្ទាប់ពីលេចឮដំណឹងកាលពីដើមខែមុន ពាក់ព័ន្ធនឹងការលាលែងពីតំណែងរបស់ប្រធានគម្រោងចំនួន២រូប។
លោក Widodo កាលពីខែមិថុនាកន្លងទៅ បាននិយាយថា លោកនឹងប្ដូរទៅធ្វើការនៅរដ្ឋធានីនូសាន់តារ៉ា នៅអំឡុងខែកក្កដានេះ ដោយចង់ជម្រះនូវក្ដីសង្ស័យ ក៏ដូចជាស្ដារឡើងវិញនូវទំនុកចិត្តរបស់សាធារណជនចំពោះការពន្យារពេលម្ដងហើយម្ដងទៀតលើគម្រោងរដ្ឋធានីថ្មី និងបញ្ហាកញ្ចប់ថវិកាមិនគ្រប់គ្រាន់។
នៅមុខអ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន លោក Widodo បាននិយាយថា “បើទឹករួចរាល់ បើអគ្គិសនីរួចរាល់ បើកន្លែងរួចរាល់ យើងនឹងផ្លាស់ទៅទីនោះ។ ខ្ញុំបានទទួលរបាយការណ៍ថា (នូសាន់តារ៉ា) មិនទាន់រួចរាល់នៅឡើយទេ”។
គួរបញ្ជាក់ថា ដំណឹងពីការពន្យារពេលលើកនេះ បានបង្កើតជាមន្ទិលសង្ស័យថ្មីបំផុតមួយលើគម្រោងរដ្ឋធានីថ្មី បន្ទាប់ពីខែមិថុនាមុន ក៏ធ្លាប់មានព័ត៌មានមិនល្អផងដែរ ក្រោយប្រធានគម្រោង២រូបបានលាលែងពីតំណែង។ យ៉ាងណាមិញ គ្រានោះ លោក Joko Widodo បានប្រកាសប្រាប់សាធារណជននៅក្នុងប្រទេសថា គម្រោងរដ្ឋធានីថ្មីនៅតែបន្តធ្វើដូចដើម។ មេដឹកនាំវ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋធានីថ្មីនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ហើយវានឹងក្លាយជារដ្ឋធានីចម្រុះដោយពណ៌បៃតងបំផុតជាងគេនៅលើពិភពលោក នៅក្នុងរយៈពេល២៥ ទៅ ៣០ឆ្នាំមុខ។
នូសាន់តារ៉ា នឹងក្លាយជារដ្ឋធានីថ្មីជំនួសឲ្យរដ្ឋធានីចាកាតា នាពេលបច្ចុប្បន្ន ដែលគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ៣២ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ២៥៦០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើតកោះ Borneo ក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត។ គម្រោងសាងសង់ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយជាជំហានដំបូង មានគម្រោងចង់ផ្លាស់មន្ត្រីរាជការចំនួន ១២ ០០០នាក់ទៅរស់នៅលើទីតាំងថ្មីនេះ នៅត្រឹមខែកញ្ញា ឆ្នាំ២០២៤ តែត្រូវបានពន្យារពេលចំនួន២លើករួចមកហើយ ខណៈរដ្ឋាភិបាលមិនអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឲ្យបានទាន់ពេលវេលា។
ទោះជាបែបនេះក្ដី គម្រោងប្រារព្ធពិធីបុណ្យឯករាជ្យជាតិឥណ្ឌូណេស៊ីនៅនូសាន់តារ៉ា នាថ្ងៃទី១៧ ខែសីហា នៅរក្សាដូចដើម មិនទាន់មានការផ្លាស់ប្ដូរអ្វីនោះទេ។
អ្នកវិភាគនយោបាយ លោក Yohanes Sulaiman បានកត់សម្គាល់ពីភាពខកខាននៃដំណើរសាងសង់រដ្ឋធានីថ្មី ហើយនិយាយថា ការកំណត់ពេលបញ្ចប់គម្រោងបានក្លាយជា “ភាពមិនប្រាកដប្រជា”។ លោក បន្ថែមថា មានការខ្សឹបខ្សៀវនៅក្នុងរង្វង់អ្នកនយោបាយឥណ្ឌូណេស៊ី ព្រមទាំងសាធារណជនអំពីលទ្ធភាពសេដ្ឋកិច្ចនៃគម្រោងរដ្ឋធានីនូសាន់តារ៉ា។
បើយោងតាមក្រុមអ្នកវិភាគ ភាពមិនច្បាស់លាស់លើគម្រោងនេះ បានធ្វើឲ្យមានការសង្ស័យក្នុងចំណោមក្រុមអ្នកវិនិយោគ ដែលបានបង្អាក់ក្រុមហ៊ុនបរទេសពីការបណ្ដាក់ទុននៅក្នុងគម្រោង។ តួយ៉ាងដូចជា សម្ព័ន្ធក្រុមហ៊ុន SoftBank របស់ជប៉ុន បានដកទុនវិនិយោគទាំងស្រុងចេញពីគម្រោងរដ្ឋធានីនូសាន់តារ៉ា កាលពីឆ្នាំ២០២២កន្លងទៅ។
បើតាមលោក Widodo ថវិកាគម្រោងចំនួន ២០% គឺជាលុយរដ្ឋ ខណៈចំណែកនៅសេសសល់បានមកពីការវិនិយោគឯកជនទាំងក្នុងនិងក្រៅប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»