ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាង ៥ដងបើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក
លោក ស៊ុន ចាន់ថុល អះអាងថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាង ៥ដងបើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ លើកឡើងដូច្នេះ ក្នុងពេលដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអភិបាលខេត្តកណ្ដាល លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
អាស្រ័យដោយអត្ថប្រយោជន៍យ៉ាងច្រើនដែលនឹងនាំមកពីគម្រោងផ្លូវទឹក “ព្រែកជីកហ្វូណនតេជោ” លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការសិក្សាផលចំណេញប្រៀបធៀបការដឹកជញ្ជូនដែលបង្ហាញថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ ៥ដង ព្រោះថាការដឹកជញ្ជូនតាមផ្លូវទឹកមានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។
កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅលោក ស៊ុន ចាន់ថុល ក៏បានលើកឡើងថា បើទោះជាលោក និងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែលោក និងរាជរដ្ឋាភិបាលមានមោទនភាពដែលបានកើតទាន់ការជីកព្រែកហ្វូណនតេជោ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញជំនឿយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង់រួចរាល់ នឹងផ្ដល់ត្រឡប់មកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍ ពិសេសឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការចូលរួមកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះគ្រោះថ្នាក់ចរាចរណ៍ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចេញចូល និងបង្កើនពហុមធ្យោបាយដឹកជញ្ជូនកម្ពុជាផងដែរ។
សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ហើយក្នុងនោះកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់នូវកាតព្វកិច្ចជូនដំណឹងអំពីគម្រោងនេះទៅគណៈកម្មការទន្លេមេគង្គ ដែលជាគណៈកម្មការរួម តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងប្រារព្ធឡើងក្នុងភូមិសាស្ត្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីលើកទីមួយរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថាគម្រោងព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន