ព័ត៌មានជាតិ
អ្នកនាំពាក្យ៖បញ្ហាអាកាសធាតុ កំពុងបង្កការលំបាកដល់ការរុករកឧទ្ធម្ភាគចក្រនៅជួរភ្នំក្រវាញ
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈឆាណែលតេឡេក្រាមថា បញ្ហាភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
លោក ឈុំ សុជាត បញ្ជាក់ដូច្នេះ៖«បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។
តាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។
គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន។
លោក ឈុំ សុជាត អះអាងថា គិតមកពេលនេះ ក្រុមជំនាញការ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។
«ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ»។ នេះជាការលើកឡើងរបស់លោក ឈុំ សុជាត។
តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះដែលបាត់ដាននេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺមនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។
ជុំវិញហេតុការណ៍បាត់ដានឧទ្ធម្ភាគចក្រមួយគ្រឿង ប្រមុខការពារជាតិកម្ពុជា ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តួយ៉ាងលោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចុះទៅដល់តំបន់ជួរភ្នំក្រវាញផ្ទាល់ ដើម្បីពិនិត្យ និងផ្ដល់ការណែនាំ លើកទឹកចិត្ត ដល់ក្រុមប្រតិបត្តការរុក។
ឧបទ្ទវហេតុនេះ ក៏មានការតាមដានពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ យ៉ាងយកចិត្តទុកដាក់ និងចូលរួមក្នុងស្មារតី នៃការរុករកពីចម្ងាយ។ ឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏ជូនពរឲ្យបេសកកម្មនេះទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខ។
ជាការកត់សម្គាល់ ប្រតិបត្តការរុករកនេះ មានទាំងការរុករកនៅលើផ្ទៃដីដោយថ្មើរជើង និងរុករកតាមរយៈឧទ្ធម្ភាគចក្រ។ ប៉ុន្តែការរុកពីលើតាមរយៈឧទ្ធម្ភាគចក្រ មិនអាចធ្វើឡើងដោយជាប់លាប់បានឡើយ ត្បិតថាអាកាសធាតុមិនអំណោយ ផលផង ហើយទីតាំងនោះមានខ្យល់សមុទ្រខ្លាំងផង ដោយសារតែតំបន់ជួរភ្នំក្រវាញនៅមិនឆ្ងាយពីឆ្នេរសមុទ្រប៉ុន្មានឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ