Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ ពងក្រពើភ្នំ ៥ សម្បុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំ

បានផុស

នៅ

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សមី​ ៣ រួម​គ្នា​ចុះ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុក ក្រពើភ្នំសរុបចំនួន ៥ សំបុក នៅ​ឧទ្យានជាតិជួរភ្នំក្រវាញ ដែល​ជា​ចំនួន​សំបុកពង​កូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​ចង្អុល​បង្ហាញ​ឱ្យ​ដឹង​ថា សម្បុកទាំង ៥ នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងមាន​លទ្ធភាពបង្កកំណើតមាន ចំនួន ៦៦គ្រាប់ ដែលត្រូវបាន​យាមការយ៉ាងម៉ត់ចត់​ពីមន្ត្រី​ឧទ្យានុរក្ស និង​សំណាក់សហគមន៍ មូលដ្ឋាន។ ក្នុង​នោះ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន ៦០ ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ជំ​វិញ​ការរកឃើញនេះ​បានបង្ហាញថា តំបន់​នេះ​គឺ​ជាជម្រក ដ៏​សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និង​បានផ្តល់ជាក្តី​សង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។

ជា​មួយ​គ្នា​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានដាក់ចេញ​យុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថានដែលក្នុង​នោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំ​ដែល​ជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ មិនតែប៉ុណ្ណោះ ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥ សម្បុក និងញាស់ជោគជ័យបាន ៦០កូននេះ ឆ្លុះបញ្ចាំង ឱ្យឃើញថា ឧទ្យានជាតិ​ជួរភ្នំក្រវាញជាទី​ជម្រកធម្មជាតិដ៏​មានសុវត្ថិភាព និង​សមស្របសម្រាប់ប្រភេទសត្វ ដ៏កម្រនេះរស់នៅ។

ជុំ​វិញ​ការ​ប្រទះ​ឃើញ​នេះ​ដែរ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នេះជា ជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុង​ការជំរុញកំណើន​សត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និង​សត្វអណ្តើកហ្លួងជាដើម។

លោក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា៖ «ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួង​កសិកម្មសហការ​ជាមួយ​អង្គការ​សត្វព្រៃ និងរុក្ខជាតិកម្ពុជា បាន​ខិតខំ​ជ្រើសរើស ពូជ​ក្រពើ​ភ្នំសុទ្ធ​មកបង្កាត់​ហើយដាក់ចូល​ទៅក្នុងជម្រកធម្មជាតិ​វិញក្នុងដែនអភិរក្សបរិស្ថាន»។

មិន​តែ​ប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែង​នេះ បានលេចចេញ​ជា​ផ្លែផ្កាគួរជាទីមោទនៈ ដោយសត្វ​ក្រពើភ្នំអាច​បន្តពូជដោយខ្លួនឯង ហើយ​បង្កើតជាសម្បុក និង កូនជំនាន់ថ្មីក្នុងធម្មជាតិ។ ជោគជ័យនេះបានផ្តល់កម្លាំងចិត្ត ព្រមទាំង​ពង្រឹងការ​តាំងចិត្តរបស់យើងក្នុងការបន្ត ការពារជីវ​ចម្រុះដ៏​សម្បូរបែបរបស់​កម្ពុជាឱ្យបាន​គង់វង្សសម្រាប់​មនុស្សជំនាន់ក្រោយ។

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បាន​លើក​ឡើង​ដែរ​ថា អស់រយៈពេលជាង​មួយទស្សវត្សរ៍មក​ហើយ​ដែល​អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ជាមួយ​នឹងដៃគូរ​ បានខិតខំ​ប្រឹងប្រែងក្នុង​បេសកកម្ម​ជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញនៃ ប្រទេសកម្ពុជា។ ការងារនេះ​មិនត្រឹមតែទាក់ទង​នឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​តែ​ធានា​ឱ្យបាន​ថា ពួកវា​មានទី​ជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ ហើយ​ការពង្រឹងការការពារទីតាំង​សំខាន់ៗនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មាន​សារៈសំខាន់​ក្នុងការការពារ ជម្រកទាំងនេះ​ពីការគំរាមកំហែង ដូចជាការ​កាប់បំផ្លាញព្រៃឈើ និងការបរបាញ់ជាដើម។

លោក បន្ថែមថា ការរកឃើញ សំបុកថ្មីៗនេះ សបញ្ជាក់ពីសារៈសំខាន់នៃការការពារតំបន់នេះ ដោយ​មានចំនួនក្រពើភ្នំតិច​ជាងពីរបីរយក្បាល នៅក្នុងធម្មជាតិ ក្រពើថ្មីចំនួន ៦០​ ក្បាលដែលបានញាស់នេះ គឺជាកត្តា​ជំរុញ​យ៉ាងខ្លាំងនៃការកើនឡើងនៃ ចំនួន​​ប្រភេទ​នេះ។ ខណៈពេលដែល​ជីវចម្រុះនៅតំបន់​ដីសើម​កំពុងបាត់បង់យ៉ាងឆាប់​រហ័សនៅ​ទូទាំង​​តំបន់ ការរក​ឃើញ​នេះ​គូសបញ្ជាក់អំពីសក្តានុពល សម្រាប់​ការស្តារឡើងវិញ​នូវធម្មជាតិ​តាម​រយៈ​កិច្ចខិត​ខំប្រឹងប្រែង អភិរក្ស​រួមគ្នាប្រកប​ដោយនិរន្តរភាព។

លោក ថយ ឈន អ្នកល្បាតក្រពើភ្នំ បានបង្ហាញចំណាប់អារម្មរណ៍ថា យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ដើម្បីការពារប្រភេទសត្វជិតផុតពូជនេះជាច្រើនឆ្នាំមកហើយ ហើយយើងពិតជារំភើបណាស់ដែលបានរកឃើញសម្បុកក្រពើទាំងនេះ។

លោក​ថា «ការរកឃើញនេះបង្ហាញថា កិច្ចខិតខំ ប្រឹងប្រែងអភិរក្សរបស់យើងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាបន្តបន្ទាប់របស់យើង​ចំនួនក្រពើភ្នំ​នឹងបន្ត​កើនឡើង​នាពេលអនាគត»។

គួរ​ជម្រាប​ថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចំណីផ្លូវ
សន្តិសុខសង្គម២ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៨ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ២០ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ៣០ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

Sokha Hotels

ព័ត៌មានពេញនិយម