ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌសែនសុខ យកចិត្តទុកដាក់ពីបញ្ហាកកស្ទះប្រព័ន្ធលូក្នុងមូលដ្ឋាន នារដូវវស្សា
ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋអំពីបញ្ហាកកស្ទះប្រព័ន្ធលូមួយខ្សែ ក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់ឲ្យមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីលោកមេភូមិចុងថ្នល់ខាងលិច ដឹកនាំកម្លាំង ចុះស្តារបូមប្រព័ន្ធលូ ដើម្បីសម្រួលដល់ចរន្តទឹកហូរដែលរងការកកស្ទះដោយសារសំរាម។
លោក ម៉ូវ ម៉ានិត បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានចាត់ចែងទៅមន្ត្រីជំនាញ ដើម្បីចេញរថយន្តបូមលូចុះស្តារបូមប្រព័ន្ធលូមួយនេះ។
លោកបន្តថា ទីតាំងខាងលើ ជាចំណុចទាបជាងនីវ៉ូទឹក ហើយលំហូរទឹកឆ្ងាយពីប្រព័ន្ធប្រឡាយទឹក ជាហេតុធ្វើឲ្យផ្លូវមួយខ្សែនេះមានការស្ទះ នារដូវវស្សា តែទោះជាយ៉ាងណា លោក នឹងបន្តធ្វើបែបនេះឲ្យបានញឹកញាប់តាមតែអាចធ្វើបាន។
គួរបញ្ជាក់ថា ប្រព័ន្ធផ្លូវលូមួយខ្សែ ប្រវែងប្រមាណជាង ១០០ ម៉ែត្រ ត្រូវបានកកស្ទះ និងជន់លិច នារដូវវស្សា ក្រោយភ្លៀង ៣ ទៅ ៤ ថ្ងៃ ឬ ឈានដល់មួយសប្ដាហ៍ក៏មាន ដែលតាមស្ថានភាពទឹកភ្លៀង ទីតាំងនេះស្ថិតនៅខាងលិចក្បែររបងវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវខាងលើបានឲ្យដឹងថា ប្រព័ន្ធលូនៅទីនេះ រងការខូចខាតស្ទើរទាំងស្រុងទៅហើយ ចំពោះរដូវវស្សា មិនថាភ្លៀងតិច ឬ ខ្លាំង ដឹងតែជន់លិច បើភ្លៀងខ្លាំងវិញទឹកលិចត្រឹមក្បាលជង្គង់ ហើយមិនងាយស្រកនោះទេ ៤ ទៅ ៥ ថ្ងៃ ឯណោះ ព្រោះប្រព័ន្ធលូតូច មិនងាយរំដោះទឹកចេញទាន់ ម្យ៉ាងទៀតលូក៏ខូចខាតច្រើន សំរាម និងភក់ណែន។
ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់ លោកអភិបាលខណ្ឌ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយផ្លាស់ប្ដូរប្រព័ន្ធលូឲ្យមានមុខកាត់ធំជាងមុន ដើម្បីឲ្យបរិមាណទឹកអាចហូរបានច្រើនទាន់ពេលវេលា មិនបង្កជាការជន់លិចផ្ទះប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំណាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច