ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ចិន
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាទើបចូលកាន់តំណែង បានគូសបញ្ជាក់ថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។ លោកទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៨ ខែកក្កដា។
លោកឯកអគ្គរដ្ឋទូតចិន ចាត់ទុកដូច្នេះ ព្រោះផ្អែកលើគ្រាដែលសម្ដេចតេជោបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចិនបានចាត់ទុកថា សម្ដេចតេជោ ជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ រម្លឹកដល់រឿងនេះ លោក Wang Wenbin ក៏បានអរគុណសម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត។
ជុំវិញទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ចិនពេលកំពុងផ្ទុះកូវីដ១៩ សម្ដេចបានរំលឹកថា ទស្សនកិច្ចរបស់សម្ដេច កាលពីពេលដែលផ្ទុះខ្លាំងនូវជំងឺកូវីដ១៩នោះ គឺជាការបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាក និងជាការលើកទឹកចិត្ត ចំពោះនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសចិន។ ពិភាក្សាដល់រឿងនេះ សម្ដេចតេជោ ក៏បានអរគុណដល់ប្រទេសចិនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជាជាបន្តបន្ទាប់។
តាមរយៈជំនួបនៅវិមានព្រឹទ្ធសភានេះ លោក Wang Wenbin បានចាត់ទុក សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។ លោក ក៏កោតសរសើរសម្ដេចតេជោ ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន ។
គួរឱ្យដឹងថា លោក Wang Wenbin គឺត្រូវបានរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន ដែលចប់អាណត្តិការងារ។ លោក Wang Wenbin មកដល់កម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា។ ដាក់ជើងជាន់ដីកម្ពុជា នៅម៉ោងជិត១១យប់ លោក Wang Wenbin ក៏បានថ្លែងសារស្វាគមន៍ភ្លាមៗទៅកាន់អ្នកសារព័ត៌មាន នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ថ្លែងសារស្វាគមន៍រយៈប្រមាណ៥នាទី កាលណោះ លោក Wang Wenbin ឆ្លៀតប្រកាសពីប្ដេជ្ញាចិត្តថា រូបលោកនឹងប្រឹងប្រែងយ៉ាងឥតឈប់ឈរ ដើម្បីឱ្យទំនាក់់ទំនងចិន និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែម និងរុញច្រានឱ្យខ្លាំងការកសាងសហគមន៍ជោគវាសនារួមរវាង ចិន និងកម្ពុជា ដើម្បីផ្ដល់ជាប្រយោជន៍រួម។
ជាការកត់សម្គាល់ ដំណើរមកដល់របស់លោកឯកអគ្គរដ្ឋទូតចិនថ្មី គឺភ្លាមៗ ពោលគឺប្រមាណមិនដល់១ខែផង បន្ទាប់ពីលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិន ចាកចេញពីកម្ពុជា។
វត្តមានដ៏ឆាប់រហ័សរបស់ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថាបានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតក្នុងអាណត្តិបេសកកម្មការទូតរបស់លោក Wang Wenbin៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ