ព័ត៌មានជាតិ
រដ្ឋមន្ត្រី៤រូប ត្រូវរដ្ឋាភិបាលចាត់តាំងឱ្យដឹកនាំការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង
រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដោយមានរដ្ឋមន្ត្រីចំនួន៤ក្រសួង ជាប្រធាន-អនុប្រធានដឹកនាំ។ នេះតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ទើបផ្សាយជាសាធារណៈនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។

សមាសភាពក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន ខណៈរដ្ឋមន្ត្រីចំនួន៣រូបទៀត ជាអនុប្រធាន មានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល អមដោយសមាជិក៥រូបផ្សេងទៀត មាន៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព៏ត៌មាន។

ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មានភារកិច្ចដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ជាដើម។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
សម្ដេចធិបតី បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផងដែរ៕

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច