ព័ត៌មានជាតិ
ស្វែងយល់ បញ្ហាប្រឈមធំៗបួននៃជំងឺ កូវីដ-១៩ សម្រាប់ពិភពលោក
ជំងឺកូវីដ-១៩ បាន និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខមាលភាព និងអាយុជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ដូច្នេះប្រទេសទាំងអស់ត្រូវចាត់ទុកអាយុជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងជំរុញសាមគ្គីភាពជាសកលដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចក្ខុវិស័យនៃការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់មនុស្សទាំងអស់ និងស្មើៗគ្នា។ បញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក មានដូចជា៖
ទី១ ចំនួននៃការឆ្លងមេរោគកូវីដ-១៩ យ៉ាងច្រើននៅទូទាំងពិភពលោក
បើយោងតាមប្រភពទិន្នន័យប្រចាំការផ្ទាល់នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ របស់សាកលវិទ្យាល័យ Johns Hopkins University នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងពិភពលោក មានចំនួនជាង ១១៥លាននាក់។ សហរដ្ឋអាមេរិកជាប្រទេសដែលនាំមុខគេជាមួយនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៩លាននាក់ ទីពីរគឺឥណ្ឌា ចំនួន ១១លាននាក់ និងទីបីគឺប្រេស៊ីល ចំនួន ១០លាននាក់។ ក្រៅពីនេះ ប្រទេសប្រមាណ១០ទៀត មានអ្នកកើតជំងឺកូវីដ-១៩ លើសពី៥០,០០០ ករណី ដូចជា ម៉ិចស៊ិចកូ ចក្រភពអង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ី អ៊ីរ៉ង់ អេស្ប៉ាញ អាល្លឺម៉ង់ និង កូឡុំប៊ី ជាដើម ខណៈពេលដែលប្រទេសចិន (រួមទាំងហុងកុង និងម៉ាកាវ) ចំនួនអ្នកឆ្លងជំងឺបានធ្លាក់ចុះជាបន្តបន្ទាប់។ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានចំនួន ២.៤៥លាននាក់ ហើយសហរដ្ឋអាមេរិកតែឯងមានករណីស្លាប់ចំនួន ៥២ម៉ឺននាក់។
អត្រាអ្នកស្លាប់ដ៏ច្រើនលើបលប់នៅសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ-១៩ បានកើនលើសពីអត្រាអ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទីមួយ សង្គ្រាមលោកលើកទីពីរ សង្គ្រាមវៀតណាម សង្គ្រាមកូរ៉េ និងព្រឹត្តិការណ៍ថ្ងៃវាយប្រហារដោយពួកវេរកម្ម ថ្ងៃ១១ ខែកញ្ញា ទៅទៀត។ វិបត្តិនៃការរីករាលដាលដ៏ធ្ងន់ធ្ងរបំផុតនោះគឺក្នុងរដូវរងារ ដោយសារតែមូលហេតុធំៗចំនួនបួន។ ទីមួយ លោក ដូណាល់ ត្រាំ បានញុះញង់ឱ្យមានការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ហើយអ្នកគាំទ្ររបស់លោកជាច្រើនមិនបានពាក់ម៉ាស់ការពារ។ ទីពីរ មិត្តភក្តិ និងសាច់ញាតិជាច្រើនបានមកជួបជុំគ្នាក្នុងថ្ងៃបុណ្យរំលឹកគុណ ថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំសាកល។ ទីបី ប្រជាពលរដ្ឋអាមេរិកជាច្រើនបានជួបជុំ និងធ្វើសកម្មភាពក្នុងផ្ទះ ជាជាងនៅខាងក្រៅ ហើយចំណុចចុងក្រោយនោះ គឺដោយសារការរីករាលដាលនៃមេរោគវិវត្តថ្មី។
ទី២ ការស្វែងរកប្រភពមេរោគកូវីដ-១៩ ៖ ភស្តុតាងពីប្រភពផ្សេងៗ
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានមកដល់ទីក្រុងវូហានប្រទេសចិនដើម្បីស៊ើបអង្កេតពីប្រភពនៃជំងឺកូវីដ-១៩។ នៅថ្ងៃទី១៥ ខែមករា អង្គការសុខភាពពិភពលោកបានលើកឡើងថា មានការសិក្សាមួយចំនួនបានរកឃើញនូវវត្តមានមេរោគផ្លូវដង្ហើមប្រភេទថ្មីនៅឆ្នាំ២០១៩ តាមរយៈការធ្វើរោគវិនិច្ឆ័យ និងវិភាគតេស្តឈាម។ នៅថ្ងៃទី២២ ខែមករា លោក Peter Ben Embarek អ្នកជំនាញផ្នែកជំងឺឆ្លងដោយវីរុស និងប្រធានក្រុមស្រាវជ្រាវមេរោគកូវីដ-១៩នៃអង្គការសុខភាពពិភពលោក បាននិយាយ៖ “វាពិតជាលឿនពេកហើយ ដើម្បីកំណត់ថាតើមេរោគកូវីដ-១៩មានប្រភពមកពីណានោះ”។ លោកបានបន្តទៀតថា វា “សឹងតែមិនអាចទៅរួចទេ” ដែលថាមេរោគនេះបានលេចធ្លាយចេញពីមន្ទីពិសោធន៍នៅទីក្រុងវូហាននោះ។
ការស្វែងរកប្រភពដើមនៃមេរោគកូវីដ-១៩ ពិតជារឿងដ៏លំបាកមួយ ហើយទាមទាររយៈពេលវែងឆ្ងាយ។ ប្រទេសទាំងអស់ក្នុងសាកលលោកត្រូវតែសហការគ្នាដើម្បីស្វែងរកប្រភពដើម និងយន្តការនៃការឆ្លងរាលដាលរបស់មេរោគនេះ។ ក៏ប៉ុន្តែ មានព័ត៌មាន ភស្តុតាង និងការសិក្សាស្រាវជ្រាវ បន្តបន្ទាប់ពីប្រទេសផ្សេងៗបានបង្ហាញថាប្រភេទមេរោគ SARS-CoV-2 បានកើតមានឡើងនៅជុំវិញពិភពលោកនៅក្នុងឆ្នាំ២០១៩។
ឧទាហរណ៍ នៅប៉ែកខាងជើងប្រទេសបារាំង ក្រុមគ្រូពេទ្យបានរកឃើញអ្នកជំងឺផ្នែកប្រព័ន្ធដង្ហើម ភេទប្រុស អាយុ៤២ឆ្នាំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ហើយក្រោយមក រកឃើញថាមានវ៉ីរ៉ុសកូរូណាផ្លូវដង្ហើមថ្មី (coronavirus nucleic acid) នៅក្នុងសម្លីដែលគេដកចេញពីច្រមុះរបស់គាត់ ហើយករណីនេះក៏ត្រូវបានលើកយកមកបោះពុម្ភផ្សាយផងដែរនៅក្នុង ទិនានុប្បវត្តិអតិសុខុមជីវសាស្ដ្រអន្តរជាតិផងដែរ (International Journal of Microbiology)។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ទីមួយក្នុងទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែ របាយការណ៍បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងទិនានុប្បវត្តិឈ្មោះ Clinical Infectious Diseases បង្ហាញថាក្នុងការធ្វើតេស ឈាមចំនួន៣៩ករណី ដែលប្រមូលដោយកាកបាទក្រហមអាមេរិក នៅរដ្ឋ California, Oregon, និង Washington ចាប់ពីចន្លោះថ្ងៃទី១៣ ធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រកឃើញថាមានអង្គបដិប្រាណជាមួយនឹងវីរុសកូរ៉ូណានេះ ហើយការរកឃើញនេះបញ្ជាក់ថា វីរុសកូរ៉ូណានេះបានក៏កើត និងរីកសាយនៅសហរដ្ឋអាមេរិកចាប់ពីចុងឆ្នាំ២០១៩ នោះមក។
ទី៣ មេរោគកូវីដ (វីរុស) បំប្លែងខ្លួនថ្មី៖ ការគ្រប់គ្រងស្ថានភាពនៅពេលបច្ចុប្បន្ន និងអនាគតមិនច្បាស់លាស់
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានបង្ហាញថា យ៉ាងហោចណាស់ មាន៦០ប្រទេសហើយ ដែលបានឆ្លងវីរុសវិវត្តថ្មី B117 ដែលត្រូវបានគេរកឃើញដំបូងបំផុតនៅ ចក្រភពអង់គ្លេស ជាមួយនឹងប្រទេសជាង១០ ដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីកាលពីសប្តាហ៍មុន និង២៣ប្រទេសទៀតមានវីរុសបំប្លែងខ្លួនថ្មី 501Y.V2 ដែលផ្ទុះឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិក បារាំង ដាណាម៉ាក និងប្រទេសជាច្រើនទៀតបានក្រើនរំលឹករួចមកហើយថា វីរុសបំប្លែងខ្លួនថ្មីនឹងមានគ្រោះថ្នាក់បំផុត។
វីរុសបំប្លែងខ្លួនថ្មីមានអត្រាឆ្លងកើនឡើងដល់ទៅចន្លោះពី៤០ ទៅ៧០ភាគរយ។ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ចក្រភពអង់គ្លេស មានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ៥,៨០០ ករណី តែក្នុងរយៈពេលមួយថ្ងៃ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានលើកឡើងថា “វីរុសបំប្លែងខ្លួនថ្មីនឹងបង្កឱ្យមានចំនួនអ្នកស្លាប់កើនឡើងថែមទៀត”។ អត្រាចំនួនអ្នកស្លាប់ក្នុងម្នាក់ៗគឺ១.៤៩% (មានន័យថា ចំនួនអ្នកស្លាប់គឺ ៩៨,១២៩ នាក់ក្នុងចំណោមប្រជាជនសរុប ៦៦លាននាក់) ដែលជាអត្រាខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
ដោយសារតែការរាតត្បាតនៅរដូវរងារ និងការឆ្លងរីករាលដាលយ៉ាងលឿននៃវីរុសបំប្លែងខ្លួនថ្មីនេះហើយ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ បានបិទព្រំដែនរបស់ខ្លួនជាបន្តបន្ទាប់ធ្វើឱ្យប្រជាជនទ្វីបអ៊ឺរ៉ុបជាង ២៣០លាននាក់ ត្រូវរស់នៅក្នុងស្ថាពភាពបិទប្រទេស។
ទី៤ វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩៖ ការបែងចែកដោយអយុត្ដិធម៌ និងក្តីបារម្ភពីសុវត្ថិភាព
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានលើកឡើងថាប្រទេស១០ ដូចជា សហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស អ៊ីស្រាអែល អេមីរេតអារ៉ាប់រួម អ៊ីតាលី រុស្ស៊ី អេស្ប៉ាញ និងកាណាដា គ្រប់គ្រង ៩៥ភាគរយ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ–១៩សម្រាប់ប្រើប្រាស់ក្នុងពិភពលោក។
ក្រុមប្រទេសអភិវឌ្ឍន៍និងមហាអំណាចកាន់កាប់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩លើសពីចំនួនប្រើប្រាស់របស់ពលរដ្ឋខ្លួន និងមិនបានខ្វល់ខ្វាយពីសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានការគាំពារសុខភាពសម្រាប់បណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ជាច្រើនៗ ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង (ដោយសារកង្វះបុគ្គលិកសុខាភិបាល និងចំនួនមនុស្សចាស់ដ៏ច្រើន)។ នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១ បានក្រើនរំលឹកថា ពិភពលោកទាំងមូលកំពុងតែខិតជិតដល់ “ភាពបរាជ័យផ្នែកសីលធម៌ដ៏គ្រោះថ្នាក់បំផុត” ក្នុងប្រវិត្តិសាស្រ្តមនុស្សជាតិ។
ជាក់ស្តែង ប្រទេសអភិវឌ្ឍន៍និងប្រទេសមហាអំណាចខ្លួនឯង ក៏ជួបនឹងវិបត្តិនៃការបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដោយភាពយឹតយ៉ាវ និងអយុត្តិធម៌ផងដែរ។ នៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ ខ្វះភាពដឹកនាំ និងបានពន្យាពេល និងបាត់បង់ឱកាសដ៏មានតម្លៃបំផុតក្នុងការជួយសង្រ្គោះអាយុជីវិតពលរដ្ឋអាមេរិកជាច្រើន។ រដ្ឋបាលរបស់លោកបានសន្យាថា យ៉ាងហោចណាស់ មានពលរដ្ឋអាមេរិក ២០លាននាក់ នឹងទទួលបានវ៉ាក់សាំងនៅចុងឆ្នាំ២០២០។ ប៉ុន្តែជាក់ស្តែង មានតែពលរដ្ឋអាមេរិកប្រហែលជាង ២.៨លាននាក់ប៉ុណ្ណោះ បានទទួលវ៉ាក់សាំង ដែលតិចជាងការរំពឹងយ៉ាងច្រើនបំផុត។
អង្គការសុខភាពពិភពលោកបានចាប់ផ្តើមវាយតម្លៃវ៉ាក់សាំងពីរប្រភេទទៀត របស់ប្រទេសចិន Kexing និង Guoyao។ ប្រសិនបើវ៉ាក់សាំងទាំងពីរនេះត្រូវបានអនុញ្ញាតិដោយអង្គការសុខភាពពិភពលោកសម្រាប់ ប្រើប្រាស់ក្នុងគ្រាអាសន្ន ជាមួយនឹងវ៉ាក់សាំង Pfizer និង Modena mRNA ដែរនោះ អាយុជីវិតប្រជាជនរាប់លាននាក់ក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ នឹងត្រូវបានជួយសង្រ្គោះឱ្យរួចផុតពីគ្រោះថ្នាក់។ ប្រទេសចិនមានសមត្ថភាព និងសង្វាក់ផលិតកម្មខ្ពស់ ដែលអាចធានាបានការផលិតចំនួនវ៉ាក់សាំងររាប់រយលានដូសក្នុងមួយឆ្នាំៗ សម្រាប់បែបចែកដោយយុត្តិធម៌ដល់ដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ–១៩ ជាសកលរបស់អង្គការសុខភាពពិភពលោកដែលហៅថា COVAX។
សរុបសេចក្តីមក វ៉ាក់សាំងកូវីដ–១៩មិនមែនជាឱសថទិព្វដែលអាចការពារមេរោគនេះរហូតនោះទេ។ តាមរយៈលទ្ធផលនៃការធ្វើពិសោធន៍វ៉ាក់សាំងដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះអាចមានរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ហើយមិនមានអាយុកាលច្បាស់លាស់ទៀតផង។ ប្រភេទមេរោគកូវីដបំប្លែងខ្លួនថ្មីអាចនៅក្នុងខ្លួនរបស់មនុស្សយើងជារៀងរហូត។ ដូច្នេះ ប្រសិនបើមិនមានថ្នាំច្បាស់លាស់បែបនេះ តើនេះមានន័យថាយើងម្នាក់ៗត្រូវការចាក់វ៉ាក់សាំងពីរដងរាល់ឆ្នាំមែនទេ? ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍នឹងមិនមានលទ្ធភាព ហិរញ្ញវត្ថុដើម្បីទិញវ៉ាក់សាំងមកឱ្យប្រជាជនខ្លួននោះឡើយ ហើយគេនឹងមិនអាចពឹងទៅលើជំនួយពីអង្គការសុខភាពពិភពលោក និងប្រទេសអភិវឌ្ឍន៍រាល់ឆ្នាំនោះដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចំណុចធំៗដូចជា ហានិភ័យដល់មនុស្សចាស់ជរា និងអ្នកមានជំងឺរាំរ៉ៃ ផលប៉ះពាល់នៃការធ្វើឱ្យប្រសើរលើអង្គបដិបក្ខប្រាណ ការចាក់វ៉ាក់សាំងដល់ប្រជាជននៅតំបន់ជនបទ និងការឆ្លងរីករាលដាលជាថ្មីត្រូវតែដោះស្រាយដោយការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់បំផុត៕
អត្ថបទ៖ Sambath Kem
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤