ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុក១០នាក់លង់ទឹកស្លាប់នៅប៉ាណាម៉ា ពេលព្យាយាមឆ្លងទន្លេព្រំដែន
មនុស្ស១០នាក់បានលង់ទឹកស្លាប់ក្នុងទន្លេក្បែរព្រំដែនរវាងប្រទេសប៉ាណាម៉ានិងប្រទេសកូឡុំប៊ី ខណៈដែលរដូវវស្សាបង្កើនហានិភ័យដល់ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលពួកគេត្រូវឆ្លងកាត់ផ្លូវប្រកបដោយគ្រោះថ្នាក់ ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកក្កដានេះ។
ប៉ូលិសបានរកឃើញសាកសពអណ្តែតនៅដៃទន្លេក្បែរសហគមន៍ដាច់ស្រយាលក្នុងទីក្រុង Carreto ប៉ុន្តែទីភ្នាក់ងារព្រំដែនជាតិ SENAFRONT របស់ប្រទេសប៉ាណាម៉ា មិនបានបញ្ជាក់សញ្ជាតិរបស់អ្នកដែលបានលង់ទឹកស្លាប់ ហើយ ក៏មិនបានបញ្ជាក់ថាតើពួកគេបានឆ្លងចូលក្នុងប្រទេសប៉ាណាម៉ា តាមរយៈច្រកព្រៃ Darien Gap ឬតាមទូកនោះទេ។
ជាធម្មតា ជនចំណាកស្រុកតែងប្រើផ្លូវឆ្លងកាត់ខុសច្បាប់ដែលធ្វើឱ្យជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ខណៈផ្លូវតភ្ជាប់ទៅអាមេរិកខាងត្បូងនិងអាមេរិកកណ្តាល តាមច្រក Darien Gap គឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត ព្រោះវាសម្បូរទៅដោយគ្រោះថ្នាក់ធម្មជាតិ រួមទាំងសត្វល្អិត ពស់ និងទីតាំងភូមិសាស្រ្តដីដ៏លំបាក។ លើសពីនេះ ផ្លូវនេះក៏មានក្រុមឧក្រិដ្ឋជនធ្វើសកម្មភាពដូចជា ការឆក់ប្លន់ ការជំរិតទារប្រាក់ និងទម្រង់នៃអំពើហិង្សាផ្សេងទៀតដែលកំពុងកើនឡើង។
ទោះបីជាមានគ្រោះថ្នាក់ទាំងនេះក៏ដោយ ផ្លូវនេះនៅតែជាផ្លូវដ៏ពេញនិយមសម្រាប់ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលភៀសខ្លួនចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ចសង្គម និងការលំបាកផ្សេងទៀតនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ មនុស្សជាច្រើនសង្ឃឹមថានឹងធ្វើដំណើរទៅភាគខាងជើងដើម្បីទៅដល់សហរដ្ឋអាមេរិក។
យោងតួលេខពីរដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា ជនចំណាកស្រុកនិងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៥២ម៉ឺននាក់បានឆ្លងកាត់ច្រក Darien Gap កាលពីឆ្នាំមុន ដែលជាចំនួនច្រើនជាងទ្វេដងនៃចំនួនសរុបកាលពីឆ្នាំ២០២២។ ក្នុងចំណោមអ្នកដែលបានឆ្លងកាត់ច្រកនេះនៅឆ្នាំ២០២៣ច្រើនជាង៦០ភាគរយមកពីប្រទេសវេណេហ្ស៊ុយអេឡា។ ប្រទេសនេះព្យាយាមចាកចេញពីវិបត្តិសេដ្ឋកិច្ចសង្គម និងនយោបាយជាច្រើនឆ្នាំដែលខ្លួនបានជួបប្រទះ។ ចំណែកអ្នកផ្សេងទៀតមកពីប្រទេសនៅទូទាំងអាមេរិកខាងត្បូង ការាបៀន អាស៊ី និងអាហ្វ្រិក។
ជាមួយគ្នានេះកាលពីខែមេសា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ប្រទេសកូឡុំប៊ី និងប៉ាណាម៉ា បានបរាជ័យក្នុងការការពារមនុស្សដែលឆ្លងកាត់ច្រក Darien Gap និងមិនមានការស៊ើបអង្កេតឱ្យបានគ្រប់គ្រាន់នូវការរំលោភបំពានដែលបានកើតឡើងនៅទីនោះ រួមទាំងអំពើហិង្សាផ្លូវភេទផងដែរ។ ទោះយ៉ាងណា ប្រទេសនេះក៏បានឆ្លើយតបតាមរយៈការសហការជាមួយប្រទេស កូឡុំប៊ី ក្នុងការរារាំងជនចំណាកស្រុកពីការឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ និងបញ្ចួនត្រឡប់ទៅប្រទេសដើមកំណើតវិញ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ