Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី ហារីស ដាក់​សម្ពាធ​អ៊ីស្រាអែល​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​ហ្គាហ្សា

បានផុស

នៅ

ក្នុង​ជំនួប​នៅទីក្រុង​វ៉ាស៊ីនតោនសហរដ្ឋ​អាមេរិក អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅ​ថ្ងៃ​សុក្រ​នេះ​បានដាក់​​សម្ពាធ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់​ហ្គាហ្សា និង​កាត់​បន្ថយ​សោកនាដកម្ម​​លើ​ជនស៊ីវិលប៉ាឡេស្ទីន។

លោក Benjamin Netanyahu និង​លោកស្រី កាម៉ាឡា ហារីស (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍​ បន្ទាប់ពីជំនួប​ជាមួយលោក Netanyahu, លោកស្រី ហារីស ដែល​ទំនង​ក្លាយ​ជា​បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ​ បាននិយាយថា៖«វាដល់ពេលហើយដែល​សង្គ្រាម​នេះ​ត្រូវ​បញ្ចប់។ យើង​មិន​អាច​​បណ្ដោយ​ឲ្យ​ខ្លួន​យើង​​​នៅ​ទ្រាំ​រង​ការ​​ឈឺចាប់​ទេ ហើយ​ខ្ញុំ​នឹង​មិន​នៅ​ស្ងៀម​​ឡើយ»។

សម្ដី​​​​លើក​នេះ​របស់​លោក​ស្រី ហារីស មាន​ភាព​ប្រាកដ​ប្រជានិង​​ខ្លាំង​ក្លា​ជាង​អ្វី​ដែល​លោក ចូ បៃដិន ប្រធានាធិបតី​​​ជិត​ផុត​អាណត្តិរបស់​អាមេរិក​​ធ្លាប់​បាន​លើក​ឡើង​នា​ពេល​កន្លង​មក​។ ប្រការ​នេះ​ហើយ​ទើប​​មាន​​មតិ​មួយ​ចំនួន​ចោទ​សួរ​ ថា​តើ​លោក​ស្រី​នឹង​អាច​​កាន់​តែ​​​មាន​ភាព​ឆេវឆាវ​ជាង​នេះ​ទៅ​ទៀត​ដែរ​ឬ​ទេ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ហ្គាហ្សា​ជាមួយ​លោក Netanyahu ប្រសិន​បើ​លោក​ស្រី​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា​ខាង​មុខ។

ទោះ​យ៉ាង​ណាក៏ដោយ​​ ​ក្រុម​អ្នកវិភាគមិនរំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ធំដុំ​អ្វី​​ឡើយ​នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្ត​​ជិតស្និទ្ធបំផុតរបស់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​នៅមជ្ឈិមបូព៌ា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ខែ​កក្កដា លោក ចូ បៃដិន បានជួបជាមួយលោក Netanyahu នៅ​វ៉ាស៊ីតោន ប៉ុន្តែហាក់​មិន​​បង្ហាញ​​​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ​ នៅ​ក្នុង​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​២។ ក្រុម​ជំនួយការ​លោក បៃដិន បាននិយាយថា លោក​ប្រធានាធិបតី​បានជំរុញឲ្យ​មានបទឈប់បាញ់នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយមេដឹកនាំអ៊ីស្រាអែល ចាប់តាំងពីលោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុង Tel Aviv នៅប៉ុន្មានថ្ងៃបន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ថ្ងៃទី៧ ខែតុលា​កន្លង​​ទៅ​​រវាង​អ៊ីស្រាអ៊ែល​និង​ហាម៉ាស​។

បទ​ឈប់​បាញ់​ បានក្លាយ​ជា​កម្មវត្ថុ​នៃ​កិច្ច​​ចរចា​អស់​រយៈពេល​ជាច្រើន​ខែ​រវាង​អាមេរិក​និង​អ៊ីស្រាអែល។ មន្ត្រីអាមេរិកជឿថា ទាំង​អ៊ីស្រាអែលនិង​ហាម៉ាស​កាន់តែខិតជិត​​ដល់​កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល៦សប្តាហ៍ ជាថ្នូរនឹងការដោះលែង​ចំណាប់ខ្មាំង​ដោយក្រុមហាម៉ាស ដែល​មាន​ដូចជា ស្ត្រី អ្នក​ជំងឺ មនុស្ស​ចាស់ជរា និងអ្នក​​រងរបួស។

ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់​នេះ លោកស្រី​ ហារីស បានរៀបរាប់​ថា៖«មានចលនាប្រកបដោយក្តីសង្ឃឹមនៅក្នុងកិច្ចពិភាក្សា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយលើដំណោះស្រាយ​នេះ ហើយដូចដែលខ្ញុំទើបតែបានប្រាប់​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu ថាវាដល់ពេលដែលត្រូវសម្រេចកិច្ចព្រមព្រៀងនេះហើយ»។

ក្នុងនាមជាអនុប្រធានាធិបតី លោកស្រី ហារីស ភាគច្រើនបានគាំទ្រ​លោក បៃដិន យ៉ាងម៉ឺងម៉ាត់​​ទាក់ទិន​នឹង​សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ប៉ុន្តែលោកស្រីបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីកំពុងបាត់បង់ភាព​អត់ធ្មត់ចំពោះវិធានការ​យោធារបស់អ៊ីស្រាអែល។ លោក​ស្រី​ ហារីស បាន​និយាយថា អ៊ីស្រាអែល​មាន​សិទ្ធិការពារ​ខ្លួន​​មែន ប៉ុន្តែ​​របៀប​ការពារ​ខ្លួន​នោះ​​​​មិន​គួរ​ផ្ដល់​នូវ​ផល​ប៉ះពាល់​នោះ​ឡើយ។ ដូច​ដែល​ធ្លាប់​លើក​ឡើង​កាល​ពី​ខែ​មីនា​កន្លង​ទៅ លោកស្រី ហារីស បាន​និយាយ​​ថា អ៊ីស្រាអែល​​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ទេ ក្នុង​​ការ​កាត់​បន្ថយ​«មហន្តរាយ​មនុស្ស​ធម៌»។

ជម្លោះ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ហាម៉ាស បានឆាបឆេះ​ឡើង​នៅថ្ងៃទី​៧ខែតុលា​ឆ្នាំ​២០២៣ នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់យក​​ចំណាប់ខ្មាំង​ជាង២៥០នាក់។

ចាប់​ពី​ពេល​នោះ​មក ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ៣៩០០០​នាក់និងបណ្តាលឲ្យ​មានគ្រោះមហន្តរាយមនុស្សធម៌​​យ៉ាង​ធ្ងន់ធ្ងរ​លើ​ជន​ស៊ីវិល​ប៉ាឡេស្ទីន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម