Connect with us

ព័ត៌មានជាតិ

ក្រុមអាជីវករលក់ដូរតាមផ្សារ​ បង្ហាញក្ដីបារម្ភនៃការធ្លាក់ចុះប្រាក់ចំណូលប្រចាំថ្ងៃ

បានផុស

នៅ

ក្រុមអាជីវករលក់ដូរតាមផ្សារមួយចំនួនក្នុងរាធានីភ្នំពេញ បានបង្ហាញក្ដីបារម្ភនៃការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំថ្ងៃ ស្របពេលដែលសេដ្ឋកិច្ច​មានការប្រែប្រួលខ្លាំងជាងឆ្នាំមុនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុឃឿន អ្នកលក់បន្លែ ផ្សារទួលសង្កែតូច បានប្រាប់ កម្ពុជាថ្មី ថា រយៈពេលចុងក្រោយនេះ ស្ថានភាពនៃការលក់ដូរបន្លែរបស់ អ្នកស្រី មានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៦០ភាគរយ ដែលខុសពីបណ្ដាឆ្នាំមុនៗ។ អ្នកស្រី បន្តថា នេះក៏បណ្ដាលមកពីសេដ្ឋកិច្ចមានការធ្លាក់ចុះ ចំណែកអ្នកដើរផ្សារក៏មិនសូវមានច្រើនដូចមុន នេះបើតាមការសង្កេតមើលរបស់ អាជីវកររូបនេះ។

អ្នកស្រី សុឃឿន បន្ថែមទៀតថា សម្រាប់អ្នកលក់​បន្លែ មានក្ដីសង្ឃឹមនៅពេលមានអ្នកដើរផ្សារច្រើននិងជួយទិញបន្លែ ត្រី និងសាច់ ដើម្បីឱ្យអាជីវករទាំងអស់ បានប្រាក់ចំណេញខ្លះ គ្រាន់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារទាំងមូល នៅពេលដែលស្ងាត់អ្នកទិញបែបនេះ អ្នកស្រី សុឃឿន ពិតជាមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។

មិនខុសគ្នាប៉ុន្មាន ពីអាជីវ​ករខាងលើ អ្នកស្រី ចាន់​ ទូច អ្នកលក់ស្បែកជើង នៅផ្សារបឹងកេងកង ក៏បានប្រាប់ កម្ពុជាថ្មី ដូចគ្នាដែរថា សម្រាប់ឆ្នាំ ២០២៤នេះ ការលក់ដូររបស់ អ្នកស្រី មានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនៗ ពោលគឺធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ដែលចំនួននេះមិនខុសគ្នា ពីក្រុមអាជីវករលក់ដូរ ដទៃទៀត នោះឡើយ។

អ្នកស្រី ចាន់ ទូច បានអះអាងទៀតថា សម្រាប់ការលក់ដូរប្រចាំថ្ងៃ មានអតិថិជនច្រើន គឺមានតែថ្ងៃចុងសប្ដាហ៍ តែប៉ុណ្ណោះ ចំណែកថ្ងៃធម្មតាវិញ គឺពុំសូវសម្បូរអ្នកដើរផ្សារដូចពេលកន្លងទៅនោះឡើយ។

អ្នកស្រី បន្ថែមទៀតថា ប្រសិនបើ ស្ថានភាពនៃការលក់ដូរ នៅតែបន្តអូសបន្លាយបែបនេះទៀត អ្នកដែលពិបាកខ្លាំងនោះ គឺក្រុមអាជីវករតែម្ដង ពីព្រោះពួកគាត់ត្រូវពឹងផ្អែកលើការលក់ដូរតែមួយមុខគត់ ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និងការសិក្សារបស់កូនៗ របស់ពួកគាត់ ដូចគ្នា។

រីឯ លោក តែម ធារី អ្នកលក់ដូងតាមរទេះ ក៏បានបង្ហាញក្ដីបារម្ភដូចក្រុមអាជីវ​ករផ្សេងទៀត ទាក់ទងនឹងការលក់ដូរមានការធ្លាក់ចុះយ៉ាងខ្លាំង។ លោក បន្តថា ការលក់ដូងតាមរទេះ របស់លោក រយៈពេលចុងក្រោយនេះ អាចនិយាយបានថា ធ្លាក់ចុះប្រមាណ ៥០ភាគរយ។ ជាក់ស្ដែង ជាមធ្យមការលក់ដូង នាពេលកន្លងមក ក្នុងមួយថ្ងៃ អាចលក់ចេញបានចន្លោះពី ៨០ផ្លែ ទៅ ១០០ផ្លែ នឹងអាចទទួលបានប្រាក់ចំណេញជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ផងដែរ។

លោក តែម ធារី បានប្រាប់ឱ្យដឹងទៀតថា ចូលមកដល់ឆ្នាំ ២០២៤នេះ មុខរបរលក់ស៊ីរបស់លោក មានធ្លាក់ចុះប្រមាណជាង ៥០ភាគរយ ពោលគឺ «មួយថ្ងៃ លក់ដូងបានត្រឹមតែ ៤០ ទៅ ៥០ ផ្លែតែប៉ុណ្ណោះ» ដែលនេះ ជាចំនួនមួយដែលធ្វើឱ្យគ្រួសាររបស់លោក ធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំថ្ងៃ គួរឱ្យបារម្ភយ៉ាងខ្លាំង ផងដែរ។

ដូចគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភា​កម្ពុជា ក៏បានយល់ឃើញថា មួយរយៈពេលចុងក្រោយនេះ មិនថាអាជីវកម្មតូច ឬធំ នោះទេ សុទ្ធតែប្រឈមដូចគ្នា ពីព្រោះតែស្ងាត់ភ្ញៀវដែលនិយាយឱ្យសាមញ្ញថា​ «លក់មិនដាច់» នាំមានការបិទអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដោយទប់ទល់លែងបាន។ លោកបណ្ឌិត បន្តថា បញ្ហានេះក៏កើតឡើងពីវិបត្តិសកលលោក ពោលគឺការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ផងដែរ។

លោក បណ្ឌិត ហុង វ​ណ្ណៈ បន្ថែមទៀតថា ដំណោះស្រាយតែមួយគត់ ដើម្បីបង្កភាពងាយស្រួលសម្រាប់អាជីវករ ពិសេសអាជីកម្មតូចធំ នោះ រដ្ឋាភិបាលគួរតែចាក់សាច់ប្រាក់ និងការទាក់ទាញវិនិយោគទុន ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យមនុស្សមានការងារធ្វើ ដោយត្រូវជំរុញវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត នោះទើបសេដ្ឋកិច្ចសង្គម ពិសេសអាជីវកម្មតូចធំ អាចដំណើរការទៅបាន។

លោក បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ទៀតថា ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលអាណត្តិទី៧នេះ ក៏​បានដាក់ចេញនូវគោលនយោបាយ ដោយជួយជំរុញវិស័យ SME ក្នុងស្រុកផងដែរ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺ សាច់ប្រាក់ដែលត្រូវចំណាយ វានូវមានបរិមាណតិចតួច នៅឡើយ។ ហេតុនេះ ទើបធ្វើឱ្យមានការរាំងស្ទះ ឬជាប់គាំង ដល់អាជីវកម្មមួយចំនួន ក្នុងប្រទេសកម្ពុជាទាំងមូល៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម