ព័ត៌មានអន្ដរជាតិ
បណ្ដាញរថភ្លើងបារាំងរងការវាយប្រហារប៉ុន្មានម៉ោង មុនចាប់ផ្ដើមព្រឹត្តិការណ៍អូឡាំពិក
បណ្តាញរថភ្លើងល្បឿនលឿន TGV ដ៏មមាញឹកបំផុតរបស់បារាំង បានរងការវាយប្រហារនៅថ្ងៃសុក្រនេះ ដែលបង្កឲ្យមានភាពចលាចល នៅមុនពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស បើទោះជាបារាំងបានដាក់ពង្រាយកងកម្លាំងទ័ព និងប៉ូលិសរាប់ម៉ឺននាក់ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/66a375ed93ad89.76916058.webp)
ប្រតិបត្តិករផ្លូវរថភ្លើងរដ្ឋ SNCF បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងលើប្រអប់ផ្ដល់សញ្ញារបស់រថភ្លើងនៅតាមបណ្តោយខ្សែផ្លូវ ដែលតភ្ជាប់ទីក្រុងប៉ារីសជាមួយទីក្រុងផ្សេងៗទៀតដូចជា ទីក្រុង Lille នៅភាគខាងជើង, ទីក្រុង Bordeaux នៅភាគខាងលិច និងទីក្រុង Strasbourg នៅភាគខាងកើត។ ទន្ទឹមនោះ ការវាយប្រហារមួយផ្សេងទៀតបានកើតឡើងនៅលើខ្សែរថភ្លើងរវាងទីក្រុងប៉ារីស និងទីក្រុង Marseille តែត្រូវបានរារាំងទាន់ពេលវេលា។ មនុស្សរាប់ម៉ឺននាក់ត្រូវបានជាប់គាំងខ្លួនមិនអាចធ្វើដំណើរទៅណាបាន។
ក្រុមហ៊ុន SNCF បានជំរុញឲ្យអ្នកដំណើរទាំងអស់ពន្យារពេលការធ្វើដំណើររបស់ពួកគេ ខណៈការជួសជុលកំពុងដំណើរការ។ ការរំខាននេះ អាចមានរយៈពេលយ៉ាងហោចណាស់ទៅដល់ចុងសប្តាហ៍ឯណោះ ហើយរថភ្លើងដែលកំពុងចេញដំណើរ ត្រូវបានហៅឲ្យត្រឡប់ចូលស្ថានីយដើមវិញ។
បច្ចុប្បន្ន មិនទាន់មានអះអាងថាជាទង្វើរបស់ក្រុមវាយប្រហារណាមួយនោះទេ ឬក៏មានការបង្ហាញថាវាជាប់ទាក់ទិននឹងរឿងនយោបាយដែរឬក៏អត់។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Patrice Vergriete បានប្រាប់អ្នកយកព័ត៌មាននៅឯស្ថានីយរថភ្លើង Gare du Nord ថា ការវាយប្រហារនេះគឺជាអំពើឧក្រិដ្ឋកម្ម។ ចំណែកឯលោក Valerie Pecresse ប្រធានតំបន់ប៉ារីស បាននិយាយថា ទង្វើបង្ករឿងនេះមិនមែនជារឿងចៃដន្យទេ តែវាមានគោលបំណងធ្វើឲ្យមានអស្ថិរភាពនៅក្នុងប្រទេសបារាំង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកនៅប៉ារីស នឹងប្រារព្ធចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ។ ព្រឹត្តិការណ៍លើកនេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅហ្គាហ្សា។ ក្រុមឆ្វេងនិយមនៅបារាំង បានប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា។
ជាវិធានការការពារ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ប្រកាសនឹងផ្ដល់សេវាកម្មការពារពិសេសចំពោះក្រុមអត្តពលិកអ៊ីស្រាអែលរយៈពេល២៤ម៉ោងពេញក្នុង១ថ្ងៃរហូតដល់ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ដើម្បីបង្ការកុំឲ្យកើតមានហេតុការណ៍អាក្រក់ដូចកាលពី៥២ឆ្នាំមុននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលកាលណោះក្រុមភេរវករប៉ាឡេស្ទីនបានសម្លាប់អត្តពលិកអ៊ីស្រាអែលចំនួន១១នាក់៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?