ព័ត៌មានជាតិ
កម្ពុជា សោកស្ដាយយ៉ាងខ្លាំង ចំពោះការបារម្ភខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានពិត របស់អ្នករាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា
តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការកត់សម្គាល់ជាមួយនឹងការ សោកស្តាយជាខ្លាំង ចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vit Muntarbhom អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យ អះអាងដោយសារតែការលើកឡើង Vitt Muntarbhom នេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ ហេតុនេះអ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយទៅលើចំណុចមួយចំនួនដូចជា ៖
បញ្ហាលិខិតុបករណ៍អន្តរជាតិ និងយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)។
អ្នកនាំពាក្យ អះអាងថាកម្ពុជាបានចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយយន្តការសិទ្ធិមនុស្សនានា របស់អង្គការសហប្រជាជាតិ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ចំនួន ៨ ក្នុងចំណោម ៩ រួមទាំងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុង ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។
អ្នកនាំពាក្យ ពន្យល់ថា ការដាក់និងការចូលរួមពិនិត្យរបាយការណ៍តាមសន្ធិសញ្ញា ធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនាបែប ស្ថាបនា ហើយរាល់អនុសាសន៍ដែលផ្តល់ដោយគណៈកម្មាធិការទទួលបន្ទុកតាមសន្ធិសញ្ញា តែងត្រូវបាន យកចិត្តទុកដាក់អនុវត្តដោយផ្អែកលើបរិបទនិងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៣ កាលពីឆ្នាំ២០១៩ កម្ពុជាបានសម្រេចកត់សម្គាល់អនុសាសន៍ចំនួន ២៥ របស់ប្រទេសមួយ ចំនួនតូច និងបានទទួលយកអនុសាសន៍ចំនួន ១៧៣ ដែលជាចំនួនមួយដ៏ច្រើនលើសលប់។ អនុសាសន៍ ចំនួន ២៥ ដែលត្រូវបានកត់សម្គាល់ ដោយសារមានចរិតនយោបាយ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានា ព្រមទាំងមិនឆ្លុះបញ្ចាំងពីតថភាពក្នុងប្រទេសកម្ពុជា ដែលកម្ពុជាមានសិទ្ធិពេញលេញក្នុងការធ្វើការកត់សម្គាល់ ក្នុងនាមជារដ្ឋអធិបតេយ្យ។

ការបោះឆ្នោត
អ្នកនាំពាក្យ បន្ថែមថា ការបោះឆ្នោតនៅកម្ពុជា ត្រូវបានរៀបចំឡើងជាទៀតទាត់តាមការកំណត់នៃច្បាប់ ហើយតែងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដំណើរការរៀបចំការបោះឆ្នោតត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ហើយរាល់ព័ត៌មាននិងឯកសារពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោតត្រូវបានបង្ហោះជាសាធារណៈនៅតាមបណ្តាញផ្សេងៗ។

តាមអ្នកនាំពាក្យ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សសរុប ចំនួន ៖ ១៨ បានចូលរួមប្រកួតប្រជែងក្រោមបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតអត្រាខ្ពស់រហូតដល់ជាង៨៤% និងមានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ តំណាងឱ្យ៦៥ជាតិសាសានី មកពី៦១ស្ថាប័ន ព្រមទាំងភ្នាក់ងារគណបក្សនយោបាយជិត៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ប្រមាណ៩ម៉ឺននាក់។ ការរៀបចំការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានប្រព្រឹត្តទៅដោយរលូន និងក្នុងបរិយាកាសស្ងប់ស្ងាត់ផងដែរ ដោយមានអង្គបោះឆ្នោតចូលរួមរហូតដល់៩៩,៨៦%។
លម្ហពលរដ្ឋ និងនយោបាយ និងភាគីពាក់ព័ន្ធ
អ្នកនាំពាក្យ គូសបញ្ជាក់ថា ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការប្រើប្រាស់សិទ្ធិសេរីភាពទាំងអស់ត្រូវតែភ្ជាប់មកជាមួយ នូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែនដែលច្បាប់បានកំណត់ ដូច មានចែងក្នុងមាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (KCCPR) ជាដើម។ វិធានការលើសកម្មជនបរិស្ថានមួយចំនួនថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាព ឬការធ្វើ សកម្មភាពក្នុងការការពារសិទ្ធិមនុស្សនិងបរិស្ថានរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវបាន តុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសតាមរយៈការផ្សព្វផ្សាយ ប្រតិដ្ឋព័ត៌មាន និងទម្លាក់កំហុសលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងឱ្យមហាជនក្រោកតវ៉ាប្រឆាំង និងប្រព្រឹត្តអំពើហិង្សាផ្សេងៗ រួមទាំង ការប្រមាថធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ តាមរយៈការប្រើពាក្យប្រមាថ និងការធ្វើគំនូរថ្លុកព្រះមហាក្សត្រ។

តាមអ្នកនាំពាក្យការការពារសិទ្ធិមនុស្ស មិនអាចកាត់ផ្ដាច់ពីនីតិរដ្ឋបានឡើយ។ ដូច្នេះ មានតែការចូលរួមក្នុងដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើ បុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយមិនបានផ្ទៀងផ្ទាត់អង្គហេតុ អង្គច្បាប់ កស្តុតាង និងសាក្សី នោះទេ។ ទន្ទឹមនឹងនេះ ការយោង ឬការលើកយកបទប្បញ្ញត្តិ ឬមាត្រាណាមួយនៃច្បាប់មកប្រើ គឺផ្អែកលើប្រភេទនៃ អង្គហេតុ បទល្មើស ឬទង្វើ ដែលបានប្រព្រឹត្តជាក់ស្តែង មិនមែនផ្អែកលើបុគ្គលនោះជានរណានោះទេ។
អ្នកនាំពាក្យបន្តពន្យល់ថា កង្វល់លើការអនុវត្តច្បាប់ចំពោះសកម្មជន ឬសមាជិកគណបក្សនយោបាយក្នុងប្រទេសកម្ពុជា គឺជាការផាត់ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការធានានូវគោលការណ៍នីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្ស ជាតិទូទៅ។ បន្ថែមលើនេះ កង្វល់ចំពោះការអនុវត្តច្បាប់នេះ អាចក្លាយជាកាតាបើករជំរុញឱ្យមនុស្សលែង គោរពច្បាប់ ហើយអាចប្រើស្នាកអ្នកការពារសិទ្ធិមនុស្ស ឬសកម្មជនផ្សេងៗ ដើម្បីប្រព្រឹត្តបទល្មើស ដែល នឹងនាំទៅដល់អស្ថិរភាពនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសង្គម។

អ្នកនាំពាក្យ បន្ថែមថា កង្វល់ពីលម្ហនយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច គឺជាការមើលស្រាលដល់គណបក្ស នយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាងសកម្មក្នុង ការបោះឆ្នោតទាំងសកលនិងអសកលក្រោមបរិយាកាសសេរីនិងយុត្តិធម៌។ កង្វល់នេះ ក៏ជាការមើលរំលង ចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ពាន់នាក់ រួមទាំង ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន រើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។
អ្នកនាំពាក្យសង្ក់តធ្ងន់ថា ទឡ្ហីករណ៍មិនអាចបដិសេធបាន ដែលលម្អនយោបាយនិងពលរដ្ឋនៅកម្ពុជា មានលក្ខណៈទូលំទូលាយ និងបើកចំហ បង្ហាញឱ្យឃើញតាមរយៈវត្តមានចម្រុះនិងតួនាទីដ៏រស់រវើករបស់អង្គការសង្គមស៊ីវិល ជាតិនិងអន្តរជាតិប្រមាណជាង៦ពាន់ និងអង្គភាពសារព័ត៌មានប្រមាណ២ពាន់ ដែលកំពុងប្រតិបត្តិការដោយ គ្មានការរឹតត្បិតនិងការត្រួតពិនិត្យជាមុន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តរៀបចំវេទិកាសន្ទនា ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល២ដងក្នុងមួយឆ្នាំ និងបានកំណត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានទៀងទាត់រៀងរាល់ធមាស ឬតាមការចាំបាច់។
សិទ្ធិជនជាតិដើមភាគតិច
អ្នកនាំពាក្យអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ ដីសហគមន៍ជនជាតិដើមភាគតិច ដោយបានចេញបណ្ណកម្មសិទ្ធិដីសមូហភាព និងបានធ្វើការកែទម្រង់ បែបបទនិងនីតិវិធីនៃការស្នើសុំចុះបញ្ជីដីសមូហភាពឱ្យកាន់តែងាយស្រួលនិងឆាប់រហ័ស ដើម្បីឆ្លើយតប នឹងតម្រូវការស្នើសុំរបស់ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ជនជាតិដើមភាគតិចទាំងអស់បានរក្សានូវ ឯកភាពជាតិពន្ធុ សង្គម វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា របៀបរបបរស់នៅផ្សេងៗគ្នា និង កំពុងរស់នៅយ៉ាងសុខដុមរមេនាក្នុងសង្គម។

តាមអ្នកនាំពាក្យ ក្នុងការប្រយុទ្ធនឹងការរើសអើងប្រឆាំងនឹងជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច តាមរយៈការអនុវត្តកម្មវិធីនិងគម្រោងអភិវឌ្ឍន៍នានា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងភាសាកំណើតរបស់ជនជាតិដើមភាគតិចនៅគ្រប់តំបន់មានការរីកចម្រើនជា បន្តបន្ទាប់ ជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ សាលារៀន ទឹកស្អាត អគ្គិសនី មណ្ឌលសុខភាពនៅ នឹងកន្លែង និងមណ្ឌលសុខភាពចល័ត ជាដើម។
អ្នកនាំពាក្យអះអាងថា សិទ្ធិទទួលបានការអប់រំរបស់កុមារជនជាតិដើមភាគតិចត្រូវបានលើកកម្ពស់ តាមរយៈការបង្កើត បានលើកកម្ពស កម្មវិធីអប់រំពៃហុភាសា និងបានផ្តល់សេវាអប់រំពៃហុភាសានៅកម្រិតមត្តេយ្យសិក្សានិងបឋមសិក្សា ព្រមទាំង បានបោះពុម្ពសៀវភៅសិក្សាអប់រំពៃហុភាសាថ្នាក់ទី១-៣ និងបានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្រៀន កុមារដែលជាជនជាតិដើមភាគតិច រួមទាំងការផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់បន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា។
អំពីប្រព័ន្ធពន្ធនាគារ
អ្នកនាំពក្យ បកស្រាយថា ស្ថានភាពពន្ធនាគារទូទាំងប្រទេស ត្រូវបានកែលម្អជាបន្តបន្ទាប់ស្របតាមសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងបរិយាកាសនិងការអនុវត្តសិទ្ធិផ្សេងៗ ដូចជា ការហាត់ប្រាណ ថែទាំសុខភាព ប្រណិប័តន៍ជំនឿសាសនា ការទទួលបានការអប់រំនិងបណ្តុះបណ្តាលជំនាញផ្សេងៗ និងរបបអាហារកាន់តែប្រសើរ ព្រមទាំងការអនុញ្ញាត ឱ្យភាគីពាក់ព័ន្ធចុះពិនិត្យជាប្រចាំ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន វិធានការជាច្រើន ត្រូវបានដាក់ចេញ រួមមាន ការកសាងនិងការកែច្នៃបន្ទប់ឃុំឃាំង ការអនុវត្តនីតិវីធីបន្ធូរបន្ថយទោស លើក លែងទោស និងការព្យួរទោស ហើយតាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត និងការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានរួមចំណែកក្នុង ការកាត់បន្ថយបញ្ហាចង្អៀតណែននេះ។

អ្នកនាំពាក្យ គ.ស.ម.ក. ក៏ស្នើដោយទទូចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់មុននឹងធ្វើ សេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងឆ្លៀតផ្ទាត់ព័ត៌មានជាមុនឱ្យបានត្រឹមត្រូវ។ គោលការណ៍រួម នៃការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយត្រូវផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្តែងនៃប្រទេស នោះ។ ទន្ទឹមនឹងនេះ ត្រូវជៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗ របស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់ផ្អែកតែលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែង ដែលបុគ្គលនោះបានប្រព្រឹត្ត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង