Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គំរាម​សងសឹក​យ៉ាង​ចាស់​ដៃ​លើ​ហេសបូឡា ក្រោយការ​វាយ​ប្រហារ​​ស្លាប់​កុមារ​១២​នាក់

បានផុស

នៅ

ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​នៅ​តំបន់ Golan Heights ដែល​បាន​​ប្រល័យ​ជីវិត​កុមារ​ចំនួន​១២​នាក់​កាល​ពី​ថ្ងៃទី​២៧​ខែ​កក្កដា អ៊ីស្រាអែល​បាន​​​គំរាម​សង​សឹក​យ៉ាងចាស់​ដៃ​ទៅ​លើ​ក្រុម​សកម្ម​​ប្រយុទ្ធ​ហេសបូឡា ដែល​អាច​ឈាន​ទៅ​ដល់​ការ​​ធ្វើ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បាន​ប្រាប់​ថា ខ្លួន​បាន​កត់​សម្គាល់​ឃើញ​មាន​គ្រាប់​ផ្លោង​​ប្រមាណ​ជា ៣០​គ្រាប់​​បាញ់​ចេញ​ពី​លីបង់ ហើយ​បាន​ស្ដី​បន្ទោស​ក្រុម​ហេសបូឡា​ថា​​ជា​អ្នក​​នៅ​​ពី​ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​នេះ ដែល​ជា​ការ​វាយ​ប្រហារ​យ៉ាង​សាហាវ​បំផុត​ចាប់​តាំង​ពី​​ពេល​ផ្ទុះ​សង្គ្រាម​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣។ យ៉ាង​​ណាមិញ ក្រុម​ហេសបូឡា បាន​អះអាង​ថា ខ្លួន​បាន​កំណត់​គោលដៅ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់ Golan Heights មែន តែ​​ការ​វាយ​ប្រហារ​នៅ​ចំ​តារាង​បាល់​មួយ​កន្លែង​ដែល​បណ្ដាល​ឲ្យ​មាន​ក្មេងៗ​ជា​ច្រើន​បាន​ស្លាប់​ និង​មាន​អ្នក​របួស​ចំនួន​៤៤​នាក់​នោះ មិន​មែន​ជា​ទង្វើ​របស់​ពួក​គេ​នោះ​​ឡើយ។

ទោះ​ជា​បែប​នេះ​​ក្ដី អ៊ីស្រាអែល​បាន​ប្រើ​យន្ត​ហោះ​ចម្បាំង​​វាយ​សងសឹក​​លើ​ក្រុម​ហេសបូឡា ទាំង​យប់​កណ្ដាល​អាធាត្រ​ឈាន​ចូល​​ថ្ងៃ​​ទី​២៨​។ ប៉ុន្តែ​​មិន​ទាន់​របាយការណ៍​អំពី​អ្នក​ស្លាប់​ឬ​រង​របួស​នោះ​ទេ។

លោក Yoav Gallant រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​ប្រកាស​ថា​៖ «ហេសបូឡា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​រ៉ាប់រង​នូវ​អ្វី​ដែល​ខ្លួន​បានធ្វើ។ យើង​នឹង​វាយ​ប្រហារ​​សត្រូវ​ឲ្យ​ខ្លាំង»។

យោង​តាម​​កា​រ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Antony Blinken បាន​​បង្ហាញ​ការ​គាំទ្រ​លើ​ការ​​​សន្និដ្ឋាន​របស់​អ៊ីស្រាអែល ហើយ​និយាយ​ថា «រាល់​ការ​ចង្អុល​បង្ហាញ​ទាំងឡាយ» បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​ធ្វើ​ឡើង​​ដោយ​គ្រាប់​រ៉ុកកែត​របស់​ក្រុម​ហេសបូឡា។

តំបន់ Golan Heights មាន​​​និកាយ​អារ៉ាប់ Druze រស់នៅ​ប្រមាណ​ជា ២​​ម៉ឺន​នាក់ ព្រម​ទាំង​​ជនជាតិ​ជ្វីហ្វ​អ៊ីស្រាអែល​​ប្រហែល ២៥ ០០០​នាក់។ ​វា​ជា​តំបន់​ដែល​​អ៊ីស្រាអែល​រឹប​អូស​បាន​នៅ​ក្នុង​ឆ្នាំ​១៩៦៧​ កាលពី​​​សម័យ​សង្គ្រាម​៦​ថ្ងៃ (សង្គ្រាម​អារ៉ាប់-អ៊ីស្រាអែល) និង​ត្រូវ​បាន​កាត់​ចូល​ជា​ទឹកដី​អ៊ីស្រាអែល​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៨១។

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែល និង​​ហេសបូឡា បាន​​​ចាប់​ផ្ដើម​ឡើង​​កាល​ពី​ថ្ងៃ​ទី​៨​ខែ​តុលា​ឆ្នាំ​២០២៣ ក្រោយ​ពី​ក្រុម​ហេសបូឡា ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​បើក​​ការ​វាយ​ប្រហារ​ដោយ​​​រ៉ុកកែត​ជា​ច្រើន​គ្រាប់​ទៅ​​​លើ​អ៊ីស្រាអែល មួយ​ថ្ងៃ​បន្ទាប់​ពី​​អ៊ីស្រាអែល​រង​ការ​វាយ​ប្រហារ​​ពី​ក្រុម​ហាម៉ាស។ ជា​ការ​សង​សឹក អ៊ីស្រាអែល​ បាន​បាញ់​កាំភ្លើង​ធំ​សំដៅ​ទៅ​ភាគ​អាគ្នេយ៍​ប្រទេស​លីបង់។ ចាប់​តាំង​ពី​ពេល​នោះ​មក ជម្លោះ​ប្រដាប់​អាវុធ​​បាន​និង​កំពុង​កើត​ឡើង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​រវាង​​​ភាគី​ទាំង​សងខាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម