ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា៖«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»
«បើមិនបានជួយជាតិ, សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»។ នេះជាការអំពាវនាវរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា នេះ។

លោកបណ្ឌិត អំពាវនាវដូច្នេះ បន្ទាប់ពីសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន នាមួយរយៈចុងក្រោយនេះ បញ្ចេញមតិលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យអសុរស និងមិនចូលចិត្តអានឱ្យយល់គ្រប់ជ្រុងជ្រោយទើបបញ្ចេញមតិឡើយ។
សម្រាប់លោកបណ្ឌិត ការបញ្ចេញមតិរបស់ពលរដ្ឋមួយចំនួនតាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពរបស់អ្នកទាំងនោះ ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារនិយម និងវិចារវិទ្យាមនោនិយម។
តាមលោកបណ្ឌិត គិន ភា ប៉ុន្តែស្ថានភាពនេះ មួយផ្នែកបង្ហាញឱ្យឃើញពីចំណុចខ្វះខាតនៃប្រព័ន្ធអប់រំរបស់កម្ពុជា ដែលមិនអាចបង្រៀនឱ្យប្រជាពលរដ្ឋឱ្យចេះអំពីរបៀបគិតនិងពិចារណាឱ្យបានពេញលេញ។ ទន្ទឹមនឹងនេះ បណ្ឌិត បញ្ញវន្ត និងវិជ្ជាករដទៃទៀត ក៏មានចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ដែលមិនបានរួមចំណែកឱ្យស័ក្តិសមនឹងតួនាទីរបស់ខ្លួនក្នុងរឿងនេះ។ លោក ក៏បានលើកឡើងពីពាក្យដែល សូក្រាត បាននិយាយថា «ខ្ញុំមិនអាចបង្រៀននរណាម្នាក់អំពីអ្វីមួយនោះទេ ខ្ញុំគ្រាន់តែអាចធ្វើឱ្យពួកគេចេះគិត (I cannot teach anybody anything. I can only make them think)»។
លោកបណ្ឌិត អះអាងថា ការបង្រៀនឱ្យប្រជាពលរដ្ឋចេះគិត ចេះពិចារណា ជារឿងសំខាន់ណាស់ ប៉ុន្តែកម្ពុជាមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ គឺវាត្រូវការពេលវេលាស្ទើរតែមួយជំនាន់មនុស្ស។ បើកម្ពុជាគិតគូរពីឥឡូវនេះ យ៉ាងហោចណាស់ ២០ទៅ២៥ឆ្នាំខាងមុខ ទើបឃើញលទ្ធផល ពោលគឺត្រូវបណ្ដុះផ្នត់គំនិតមនុស្សចាប់តាំងពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ រហូតដល់កម្រិតឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា។

តាមលោកបណ្ឌិត គិន ភា ការវិនិយោគទៅលើផ្នត់គំនិតមនុស្សជាការវិនិយោគដ៏ត្រឹមត្រូវ ចាំបាច់ និងមិនអាចខ្វះបាន និងមានតម្លៃបន្ថែមខ្ពស់បំផុត។ ការវិនិយោគនេះ ត្រូវតែធ្វើជាប់ជាប្រចាំនិងយូរអង្វែង។ គុណភាពនៃការគិតរបស់ប្រជាពលរដ្ឋបែបណា គុណភាពនៃសង្គមបែបនោះ។
លោកបាន អះអាងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការវិនិយោគលើមូលធនមនុស្សត្រូវដើរទន្ទឹមគ្នាជាមួយនឹងការខិតខំរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ទាំងរាស្ត្រនិងរដ្ឋត្រូវដើរស្រុះជើងគ្នាក្នុងចង្វាក់បេះដូងតែមួយ ទើបជាតិអាចទៅមុខបានប្រកបដោយមោទនភាពនិងនិរន្តរភាពជាមួយនឹងសន្តិភាពនិងស្ថិរភាពរឹងមាំយូរអង្វែង យុត្តិធម៌សង្គមពេញលេញ និងការអភិវឌ្ឍប្រកដោយបរិយាបន្ន
លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្តរបស់ខ្មែរ ដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញគឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ»៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?