ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ថា កូរ៉េខាងជើងស្វះស្វែងរកថ្នាំពីក្រៅប្រទេសព្យាបាលជំងឺលោក គីម
ក្រុមចារកម្មបានប្រាប់សមាជិកសភាកូរ៉េខាងត្បូងកាលពីថ្ងៃទី២៩ខែកក្កដាថា លោក គីម ជុងអ៊ុន បានឡើងគីឡូម្ដងទៀត ហើយទំនងជាមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនពាក់ព័ន្ធនឹងភាពធាត់នេះ ដូចជា ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។ ចារកម្មក្រុងសេអ៊ូល បានបន្ថែមថា ក្រុមមន្ត្រីកូរ៉េខាងជើង កំពុងស្វែងរកប្រភេទថ្នាំថ្មីនៅឯក្រៅប្រទេសដើម្បីព្យាបាលជំងឺមេដឹកនាំរបស់ខ្លួន។

លោក គីម ដែលមានវ័យ៤០ឆ្នាំ ត្រូវគេដឹងឮថាជាមនុស្សចូលចិត្តផឹកស្រា និងជក់បារី។ មួយវិញទៀត ក្រុមគ្រួសាររបស់លោកធ្លាប់មានប្រវត្តិជំងឺបេះដូង ដោយទាំងឪពុក និងជីតា ដែលជាអតីតមេដឹកនាំកូរ៉េខាងជើង សុទ្ធតែទទួលមរណភាពដោយសារជំងឺបេះដូង។ ក្រុមអ្នកសង្កេតការណ៍មួយចំនួន បាននិយាយថា លោក គីម មានកម្ពស់ប្រហែល ១,៧០ម៉ែត្រ ហើយពីមុនលោកមានទម្ងន់ ១៤០គីឡូក្រាម។ នៅក្នុងឆ្នាំ២០២១ គេសង្កេតឃើញថា លោក គីម បានស្រកទម្ងន់ខ្លះ ដែលទំនងមកពីការផ្លាស់ប្ដូរនូវរបបអាហារ។ យ៉ាងណា ក្នុងពេលថ្មីៗនេះ លោក គីម ហាក់ឡើងគីឡូសាជាថ្មីម្ដងទៀត។
ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង បានប្រាប់ថា បច្ចុប្បន្ន លោក គីម ប្រហែលជាមានទម្ងន់ ១៤០គីឡូក្រាមដូចពីមុនវិញ ហើយលោកស្ថិតនៅក្រុមមនុស្សដែលងាយប្រឈមនឹងជំងឺបេះដូង។ ចារកម្មកូរ៉េខាងត្បូង បានបន្តថា លោក គីម មានរោគសញ្ញានៃជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមតាំងពីលោកមានវ័យខ្ទង់៣០ឆ្នាំមកម៉្លេះ ដែលគេជឿថាវាបណ្ដាលមកពីភាពធាត់បូករួមនឹងទម្លាប់ផឹកស្រា ជក់បារី និងការកើតមានបញ្ហាផ្លូវអារម្មណ៍។
សមាជិកសភាកូរ៉េខាងត្បូង២រូប រួមមានលោក Lee Seong Kweun និងលោកស្រី Park Sunwo បានប្រាប់ថា បើតាមដំណឹងពីចារកម្ម ក្រុមមន្ត្រីកូរ៉េខាងជើងបាននិងកំពុងព្យាយាមស្វែងរកថ្នាំថ្មីៗពីបរទេសសម្រាប់ព្យាបាលជំងឺលោក គីម។
កូរ៉េខាងជើង គឺជាប្រទេសលាក់ការណ៍សម្ងាត់មួយនៅលើពិភពលោក ដែលពុំមានអ្នកណានៅខាងក្រៅប្រទេសអាចដឹងពីស្ថានភាពសុខភាពពិតប្រាកដរបស់លោក គីម បាននោះឡើយ។ បញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង គឺជាព័ត៌មានរស៊ើបដែលពិភពលោកចង់ដឹងចង់ឮ ខណៈមេដឹកនាំរូបនេះមិនទាន់មានការចាត់តាំងអ្នកស្នងតំណែងផ្លូវការនោះទេ។ បើតាមចារកម្មកូរ៉េខាងត្បូង កុមារី គីម ជូអេ ដែលជាកូនស្រីរបស់លោក គីម ជុងអ៊ុន អាចជាអ្នកបន្តវេនក្នុងគ្រួសារត្រកូលគីម ដែលនឹងត្រូវដឹកនាំប្រទេសកូរ៉េខាងជើង។ លោក Seong Kweun និយាយថា៖ «កូរ៉េខាងជើងបង្ហើបថា កុមារី គីម ជូអេ គឺជាបេក្ខភាពបន្តវេន ព្រោះបច្ចុប្បន្ន នាងកំពុងសិក្សាមេរៀនស្នងតំណែងពីឪពុក។ កូរ៉េខាងជើង កំពុងខិតខំឃោសនា និងព្យាយាមបង្ហាញវត្តមានកុមារីនេះជាសាធារណៈខ្លាំងណាស់ ដើម្បីស្ទាបស្ទង់ប្រតិកម្មពីមជ្ឈដ្ឋាននានាទៅលើរូបនាង»៕

ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងត្បូង៖ កូនស្រីលោក គីម អាយុ១១ឆ្នាំ ត្រៀមឡើងដឹកនាំប្រទេស ស្នងតំណែងឪពុក

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់